ភ្នំពេញៈ បុរសម្នាក់បានដួលសន្លប់ស្តូកស្តឹងកណ្តាល ផ្លូវ រងរបួសយ៉ាងធ្ងន់ធ្ងរ ដោយសាររថយន្តលុច្ស ស៊ីសមួយគ្រឿង បុកពីក្រោយពេញទំហឹង ខណៈ រូបគាត់ជិះម៉ូតូ ចេញពីផឹកស៊ី នៅភោជនីយដ្ឋាន «ជួបណាត់ជួប» កាលពី វេលាម៉ោង ៩ និង៤០នាទីយប់ថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១២ នៅបណ្តោយផ្លូវលេខ១៥៥ កែងផ្លូវលេខ៤៨៧ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីសាក្សី ដែលបានឃើញហេតុការណ៍គ្រោះថ្នាក់ចរាចរខាងលើនេះ បានឲ្យដឹងថា នៅមុនពេល កើតហេតុជនរងគ្រោះ ពៅ អាយុ ២៣ ឆ្នាំ ជាអ្នកលក់ទឹកកកនៅផ្សារទួលទំពូង ស្នាក់នៅភូមិត្នោតជ្រុំ ខណ្ឌមាន ជ័យ បានជិះម៉ូតូម៉ាកវ៉េវ ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 1M-5443 ចេញពីផឹកស៊ីនៅភោជនីយដ្ឋាន «ជួបណាត់ជួប» ពេលបើកម៉ូតូដល់ ចំណុចកើតហេតុ ស្រាប់តែមានរថយន្តលុច្សស៊ីសមួយគ្រឿង ពាក់ស្លាក លេខ ភ្នំពេញ 2R-7773 បើកមកពី ក្រោយពេញទំហឹង បណ្តាលឲ្យជនរងគ្រោះដួលបោកក្បាលទីនឹងថ្នល់បែក ក្បាលហូរឈាមស្រោចពេញខ្លួន រង របួសជាទម្ងន់ សន្លប់ស្តូកស្តឹងនៅ កណ្តាលផ្លូវ។

ប្រភពបន្តថា បន្ទាប់ពីបុកជនរងគ្រោះឲ្យរងរបួសរួចហើយនោះ បុរសជាម្ចាស់រថយន្តបង្កហេតុ បានបើករថយន្ត រត់តាមផ្លូវលេខ១៥៥ ទៅជើងត្រង់ បាត់ដោយសុវត្ថិភាព ហើយភ្លាមៗរថយន្តសាមុយ បានមកដឹកជនរងគ្រោះ ទៅព្យាបាលរបួសនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ( រុស្ស៊ី)។ ចំណែកម៉ូតូរបស់ជនរងគ្រោះត្រូវនគរបាល ជំនាញ ផ្នែកចរាចរណ៍ខណ្ឌចំការមន ចុះធ្វើការវាស់វែងអូសយកទៅ រក្សាទុកនៅអធិការដ្ឋាន នគរបាលខណ្ឌ ចំការមន ដើម្បីតាមចាប់រថយន្តបង្កហេតុឲ្យមកដោះស្រាយតាមផ្លូវច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]