ខេត្តពោធិ៍សាត់ ៖ បក្សពួកជនដៃដល់ម្នាក់ដែលរត់គេចខ្លួនជិត២ខែ ត្រូវសមត្ថកិច្ចតាមចាប់ខ្លួនរហូតដល់ខេត្តកោះកុងពីបទផ្សំគំនិត ប្រព្រឹត្តឃាតកម្មកាប់សម្លាប់មនុស្សក្នុងពិធីរាំធុងបាស់នៃពិធី មង្គលការកូនអ្នកស្រុកកាលពីយប់ថ្ងៃទី១២ កុម្ភៈ ២០១២ នៅភូមិក្របៅជ្រុំ ឃុំបាត់ចិញ្ចៀន ស្រុកភ្នំក្រវាញ ។
លោកវរសេនីយ៍ត្រីមាស ម៉ុល នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាន នគរបាលខេត្តពោធិ៍សាត់ឱ្យដឹងថា កាលពីកើតហេតុបានប៉ុន្មានថ្ងៃ យើងបានឃាត់ខ្លួនបក្សពួកជនដៃដល់ម្នាក់ចំណោម៤នាក់បញ្ជូនទៅឃុំ ខ្លួនក្នុងពន្ធនាគារ និងបានស៊ើបអង្កេតជាប់រហូត។ មកដល់ថ្ងៃទី១ មេសា ២០១២ យើងបានឃាត់ខ្លួនបក្សពួកម្នាក់ទៀតដែលរត់ទៅសម្ងំលាក់ខ្លួននៅ ឯខេត្តកោះកុង ក្នុងភូមិចម្ការចេក ឃុំតាកីលើ ស្រុកថ្មបាំង ។ បក្សពួកដែលឃាត់ខ្លួននេះឈ្មោះលីន ចិត្រា ភេទប្រុស អាយុ២៣ឆ្នាំ មានទីលំនៅក្នុងភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់ ។
នៅចំពោះមុខសមត្ថកិច្ចជនជាប់ចោទបានបដិសេធថា គេមិនបានប្រព្រឹត្តអំពើកាប់សម្លាប់មនុស្សនៅយប់រាំធុងបាស់ នោះទេ គឺគ្រាន់តែដើរមកពីផ្ទះជាមួយគ្នាប៉ុណ្ណោះ ។ ចំណែកជនដៃដល់ពិតប្រាកដឈ្មោះផឿន ហាន់ នៅ ក្នុងភូមិកំពែង ឃុំព្រងិល តែឥឡូវនេះបើតាមដឹងប្រហែលជារត់ទៅរស់នៅប្រទេសថៃបាត់ហើយ ។
កាល ពីថ្ងៃទី១២ កុម្ភៈ ២០១២ លោកនាយរងប៉ុស្តិ៍នគរបាលឃុំបាក់ចិញ្ចៀន បានរៀបចំមង្គលការកូនស្រី ហើយនៅយប់នោះមានរាំធុងបាស់យ៉ាងគគ្រឹកគគ្រេង ។ មនុស្សម្នាក្មេងចាស់ប្រុសស្រីពីភូមិផ្សេងៗយ៉ាងច្រើនបានទៅ មើល និងរាំលេងសប្បាយ ។ នៅម៉ោងប្រហែល១១យប់កូនប្រុសម្ចាស់ដើមការជាបងបង្កើតរបស់កូន ក្រមុំនោះត្រូវជនមិនស្គាល់មុខកាប់មួយកាំបិតដេកលើគ្រែក្រោម ផ្ទះ ។ លុះបានប៉ុន្មានថ្ងៃក្រោយមកសមត្ថកិច្ចស្រាវជ្រាវចាប់បក្សពួក ជនដដែលបានម្នាក់ចំណោម៤នាក់ ហើយមកដល់ថ្ងៃទី១ មេសា ចាប់បានម្នាក់ទៀតនៅឯខេត្តកោះកុង ។ជនជាប់ចោទត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងនារសៀល ថ្ងៃទី៤ មេសា ដើម្បីផ្តន្ទាទោសតាមច្បាប់៕
ស្រីណា កោះ
ផ្តល់សិទ្ធដោយ កោះសន្តិភាព
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]