ភ្នំពេញ៖ លោក ធី បូរី ហៅ រ៉ូមែន មានស្រុកកំណើត នៅក្រុងប៉ោយប៉ែត និងជាតារាចម្រៀងនា ពេលរាត្រីប្រចាំនៅក្នុងក្លឹប Classic Night ដែលមហាជន និងស្រទាប់យុវវ័យ មួយចំនួន និយាយថា ជាបងប្អូនភ្លោះជាមួយ តារាចម្រៀងសំនៀង ស្អកប្រចាំផលិតកម្ម ថោន គឺលោក ប៉ុន សុណារិន ហៅ ខេម ។ មិនតែប៉ុណ្ណោះសូម្បីតែ មហាជនដែល ទើបស្គាល់ លោក និងមិត្តភក្តិនៅក្នុង ហ្វេសប៊ុកមួយចំនួន ក៏ធ្លាប់បានចោទ សួរទៅលោកថា តើលោក រ៉ូមែន និង ខេម ត្រូវជាអ្វីនឹងគ្នា ? ពេលនោះត្រូវបាន តារាចម្រៀងលោក រ៉ូមែន ឆ្លើយថា លោក និង ខេម គឺគ្រាន់ តែជាមិត្តភក្តិ នឹងគ្នាតែប៉ុណ្ណោះ ។

នៅក្នុងជំនួបជាមួយគេហទំព័រ LookingTODAY កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៣ម្សិលមិញនេះ តារាចម្រៀងមិន ទាន់មានទ្រនំជ្រក លោក រ៉ូមែន បាននិយាយរៀបរាប់ពីជិវិត ចូលប្រឡូកក្នុង សិល្បៈឲ្យដឹងថា ទម្រាំតែមានថ្ងៃនេះ រូបលោកមាន ការលំបាកយ៉ាងខ្លាំង ដោយសារតែម្តាយ របស់លោកបានរារាំង និងមិនអនុញ្ញាតឲ្យចូល ប្រឡូកក្នុងសិល្បៈឡើយ ព្រោះតែម្តាយចង់ឲ្យ មកប្រកបរបររកស៊ីវិញ ខណៈក្រុមគ្រួសារ មានការងារឲ្យធ្វើ និងមានជំនួញស្រាប់ ។

ហេតុតែស្រឡាញ់សិល្បៈ លោក រ៉ូមែន ក៏បានជំនះចិត្តម្តាយ ដោយរត់មកភ្នំពេញ ជួលផ្ទះគេ ដើម្បីស្នាក់នៅ និងខិតខំហាត់រៀន សិល្បៈរហូតស្គាល់ អ្នកសិល្បៈបានច្រើនទៀតផង ។ បើទោះបីជាលោក រ៉ូមែន បានរត់ចេញពីផ្ទះ ដើម្បីចូលប្រឡូក ក្នុងសិល្បៈក៏ពិតមែន តែលោកក៏មិនធ្វើ ជាកូនអកតញ្ញូដែរ ដោយលោកបាន ទូរស័ព្ទប្រាប់ម្តាយថា លោកបានមកភ្នំពេញ ដើម្បីកុំឲ្យម្ដាយមាន ការព្រួយបារម្ភ ។

ទោះបីជាគ្មានការព្រួយបារម្ភ ពីសំណាក់ឪពុកម្ដាយ នៅពេលលោក រ៉ូមែន មកដល់ភ្នំពេញក្ដី ក៏ប៉ុន្តែ ពួកគាត់បានបង្ហាញពី ភាពមិនជោគជ័យ ក្នុងការងារមួយនេះ ហើយទទូចឲ្យកូន ទៅផ្ទះវិញម្ដង ជាពីរដង រហូតដល់ថ្នាក់មានល្បិច មួយចំនួនដើម្បីអន្ទងកូនរូបនេះ បានទៅជួបជុំរកស៊ី ជាមួយក្រុមគ្រួសារទៀតផង ។ ប៉ុន្តែដោយសារចិត្តមានះ របស់ រ៉ូមែន ចង់ដើរលើវិថីសិល្បៈ ប្រកបដោយជោគជ័យ និងមានកេរ្តិ៍ឈ្មោះល្បី មា្ដយរបស់លោក បានដាក់លក្ខខណ្ឌ ផ្ដល់ឱកាសឲ្យរយៈពេល៣ឆ្នាំ បើសិនជាមិនជោគជ័យទេ គាត់ឲ្យត្រឡប់ទៅរកស៊ីវិញ។

លោក រ៉ូមែន បានបង្ហើបឲ្យដឹងទៀតថា កាលពីពេលកន្លងទៅ លោកក៏ធា្លប់ជា តារាច្រៀងប្រចាំផលិតកម្ម BBL និងមានបទចម្រៀង ផ្ទាល់ខ្លួនចំនួន ៤បទផងដែរ ។ តែក្នុងចំនោមបទទាំង៤ នោះ គឺបានចេញខារ៉ាអូខេ តែ១បទប៉ុណ្ណោះ និង៣បទ ទៀតគឺជាសំឡេង ស្ទូឌីយោនៅឡើយ ។ បន្ទាប់ពីចេញ បទចម្រៀងបានចំនួន ៤បទមក លោក រ៉ូមែន បានសម្រេចចិត្តដើរ ចេញពីផលិតកម្ម នោះតែម្តង ដោយលោកបានលើកឡើងថា លោកចង់នៅ ម្នាក់ឯងមួយរយៈសិន ។

តែមកដល់ពេលនេះ អតីតតារាចម្រៀង ប្រចាំផលិតកម្ម BBL រូបនេះ ក៏កំពុងតែសម្លឹងរ កទ្រនំផលិតកម្មថ្មី ដើម្បីជ្រក និងដើម្បីទទួលបាន ប្រជាប្រិយភាពដូចក្តីបំណង ។ លោក រ៉ូមែន បាននិយាយថា លោក ចូលចិត្តច្រៀងចម្រៀង បែបញាក់កន្ត្រាក់អារម្មណ៍ និងបទស្រែកខ្លាំង តែចំពោះបទមនោសញ្ចេតនាវិញ លោកហាក់មិនសូវ ចូលចិត្តប៉ុន្មានឡើយ ។ កាលពីកន្លងទៅ តារាចម្រៀងវ័យ២៣ឆ្នាំរូបនេះ ធ្លាប់បានឡើងច្រៀងលើ កញ្ចក់ទូរទស្សន៍បាន មួយចំនួនដូចជា ទូរទស្សន៍ ហង្សមាស ទូរទស្សន៍ប៉ុស្តិ៍លេខ៣ និងទូរទស្សន៍ អាស៊ីអាគ្នេយ៍ ។ មិនតែប៉ុណ្ណោះលោក ក៏ធ្លាប់បានសម្តែង នៅក្នុងផលិតកម្ម PlengRecord ផងដែរ ។

បច្ចុប្បន្ននេះលោក រ៉ូមែន បានបង្ហើបឲ្យដឹងថា ហាក់មានភាព មមាញឹកច្រើនគួរសម ព្រោះលោក ត្រូវបានក្រុមហ៊ុន ទាក់ទងឲ្យច្រៀងនៅតាមខេត្ត ។ ជាក់ស្តែងកាលពីម្សិលមិញ តារាចម្រៀងរូបនេះ បានទៅចូលរូមច្រៀង ក្នុងកម្មវិធីស្រាបៀរកម្ពុជា នៅឯនៅក្រុងតាខ្មៅ ដែលផ្សាយផ្ទាល់ តាមរយៈទូរទស្សន៍បាយ័ន ព័ត៌មាន ៕
















ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]