អេហ្ស៊ីប៖ មឈូសសរុបចំនួន២៧ដែលត្រូវបានកប់ កាលពីជាង២,៥០០ឆ្នាំមុន ត្រូវបានរកឃើញដោយក្រុមបុរាណវិទូ ក្នុងទីក្រុងអេហ្ស៊ីបបុរាណមួយ។ មឈូសទាំងនេះត្រូវបានគេរកឃើញ នៅខាងក្នុងអណ្ដូងដែលទើបតែរកឃើញថ្មី ដែលជាកន្លែងដ៏ពិសិដ្ឋមួយ នៅតំបន់ Saqqara ភាគខាងត្បូងរដ្ឋធានី Cairo។

មន្ត្រីបាននិយាយថា មឈូសចំនួន១៣ត្រូវបានគេរកឃើញ កាលពីដើមខែនេះ ប៉ុន្តែ១៤ផ្សេងទៀតត្រូវបានរកឃើញជាបន្តបន្ទាប់។ ការរកឃើញនេះត្រូវបានអ្នកជំនាញនិយាយថា វាជាការរកឃើញដ៏ធំបំផុតមួយ។ រូបភាពដែលបានចេញផ្សាយ បង្ហាញពីមឈូសឈើមានពណ៌ចម្រុះដែលត្រូវបានរក្សាទុកយ៉ាងល្អ ជាមួយនឹងវត្ថុបុរាណតូចៗផ្សេងទៀត។ តំបន់ Saqqara គឺជាកន្លែងបញ្ជុះសពសកម្មអស់រយៈពេលជាង៣,០០០ឆ្នាំមកហើយ ហើយក៏ជាតំបន់បេតិកភណ្ឌពិភពលោកយូណេស្កូ ដែលត្រូវបានចាត់តាំង។

ក្រសួងបុរាណវិទ្យារបស់អេហ្ស៊ីបបាននិយាយនៅក្នុងសេចក្ដីថ្លែងការណ៍មួយកាលពីថ្ងៃសៅរ៍ថា ការសិក្សាដំបូងបានបង្ហាញថា មឈូសទាំងនេះត្រូវបានបិទទាំងស្រុង ហើយមិនទាន់ត្រូវបានគេបើកទេ ចាប់តាំងពីត្រូវបានគេបញ្ចុះ។ សេចក្ដីថ្លែងការណ៍បានបន្ថែមទៀតថា រដ្ឋមន្ត្រីក្រសួងបុរាណវិទ្យារបស់ប្រទេសអេហ្ស៊ីប លោក Khaled al-Anani បានពន្យារពេលក្នុងការប្រកាសអំពីការរកឃើញនេះ រហូតដល់គាត់អាចចុះទៅដល់ទីតាំងនោះដោយផ្ទាល់ ហើយគាត់បានថ្លែងអំណរគុណដល់បុគ្គលិក ដែលបានធ្វើការក្នុងស្ថានភាពយ៉ាងលំបាក ក្រោមអណ្ដូងជម្រៅ១១ម៉ែត្រ។

ការងារជីកកំពុងបន្តនៅកន្លែងនោះ ខណៈដែលអ្នកជំនាញបានព្យាយាមស្វែងយល់អំពីព័ត៌មានលម្អិតបន្ថែមទៀត អំពីប្រភពដើមនៃមឈូសទាំងនេះ។ ក្រសួងបាននិយាយថា ខ្លួនសង្ឃឹមថា នឹងបង្ហាញអាថ៌កំបាំងបន្ថែមទៀត នៅក្នុងសន្និសីទសារព័ត៌មានមួយ នៅពេលបន្ទាប់៕

រូបភាព៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]