រាជធានីភ្នំពេញ ៖ យុវជន២នាក់រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសស្រាល ខណៈជិះម៉ូតូដល់ផ្លូវកែង ត្រូវរថយន្តដែលស៊ីញ៉ូ ភ្លាមបត់ភ្លាមកៀរដួល ហើយរថយន្តព្យាយាមបើកចូលផ្ទះ នៅជិតកន្លែងកើតហេតុ ។ គ្រោះថ្នាក់នេះកើតឡើង កាលពីវេលាម៉ោង៦ និង៣០នាទីល្ងាច ថ្ងៃទី១ ឧសភា នៅចំណុចផ្លូវលេខ៣៥៥ កែងផ្លូវលេខ៥១៦ មុខស្ថានីយប្រេងឥន្ធនៈមួយកន្លែង ស្ថិតក្នុងភូមិ១ សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឱ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនចាំម៉ាក និងម៉ូតូឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1B-4098 ជិះគ្នា៣នាក់ ធ្វើដំណើរស្របទិសគ្នា តាមផ្លូវលេខ៣៥៥ ពីត្បូងទៅជើង ។ ខណៈមកដល់ចំណុចផ្លូវកែង រថយន្តស៊ីញ៉ូឆ្វេងហើយបត់ភ្លាមជ្រុល កៀរម៉ូតូដែលនៅក្បែរ បណ្តាលឱ្យដួលរងរបួសធ្ងន់២នាក់ ស្រាលម្នាក់ ឯរថយន្តព្យាយាមបើករត់ទៅចូលផ្ទះ នៅជិតកន្លែងកើតហេតុ ។ ជនរងគ្រោះរបួសធ្ងន់មានឈ្មោះ១-ខៀវ ធារិទ្ធ ភេទប្រុស អាយុ២០ឆ្នាំ ២-ឈ្មោះងួន សុវណ្ណ ភេទប្រុស អាយុ២២ឆ្នាំ និងអ្នករបួសស្រាលឈ្មោះស៊ឹម លីហាក់ ភេទប្រុស អាយុ២២ឆ្នាំ អ្នកទាំង៣នាក់ កំពុងរៀនច្បាប់គ្រូកីឡានៅគីឡូម៉ែត្រលេខ៩ ។

ក្រោយពេលកើតហេតុ អ្នករងរបួសធ្ងន់ទាំង២នាក់ ត្រូវរថយន្តសង្គ្រោះដឹកយក ទៅព្យាបាលនៅមន្ទីរពេទ្យសែនសុខ ។ ឯម៉ូតូសមត្ថកិច្ចវាស់វែងរួចយកទៅរក្សា ទុកនៅអធិការដ្ឋានខណ្ឌទួលគោក ។ ដោយឡែក រថយន្តមានសាក្សីកត់ស្លាកលេខរថយន្តទុក ដើម្បីជាពន្លឺដល់ឱ្យសមត្ថកិច្ចស្រាវជ្រាវយកទៅធ្វើការដោះស្រាយ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]