នាយកដ្ឋានពាណិជ្ជកម្មរបស់សហរដ្ឋអាមេរិក (DoC) បានប្រកាសថា ចាប់ពីថ្ងៃទី២០ ខែកញ្ញា នេះទៅ កម្មវិធី TikTok និង WeChat នឹងត្រូវបានបិទលែងឱ្យមានការទាញយកបាន ទាំងក្នុងប្រព័ន្ធប្រតិបត្តិការ Apple និង Android។
នេះមានន័យថាកម្មវិធីទាំងពីរនេះនឹងត្រូវបានដកចេញពី App Store និង Play Store របស់ប្រព័ន្ធប្រតិបត្តិការ​ធំៗទាំងពីរនេះ ហើយបទបញ្ជានេះក៏បានហាមឃាត់លែងឱ្យមានការផ្ញើលុយជាមួយនឹងកម្មវិធី WeChat ផងដែរ។
ការបិទកម្មវិធីទាំងពីរនេះគឺក្រោយពីលោក ប្រធានាធិបតី ដូណា ត្រាំ (Donald Trump) បានប្រកាសកាលពីខែ​សីហាថា លោកនឹងបិទកម្មវិធីនេះ ប្រសិនបើកម្មវិធី TikTok មិនត្រូវបានលក់ទៅឱ្យ​ក្រុមហ៊ុនណាមួយរបស់​សហរដ្ឋអាមេរិកទេនោះ ដោយលោកបានចោទប្រកាន់ថាកម្មវិធីនេះអាចប្រមូលទិន្នន័យ​របស់ប្រជាពលរដ្ឋខ្លួន​ឱ្យទៅប្រទេសចិន ដែលធ្វើឱ្យប៉ះពាល់ដល់សុវត្ថិភាពសង្គម កិច្ចការបរទេស និងសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក។

រូបភាពពីនគរបាលប្រឆាំងបទល្មើសបច្ចេកវិទ្យា

នាយកដ្ឋានពាណិជ្ជកម្មនេះក៏បានឱ្យដឹងផងដែរថា ការបិទឈប់ឱ្យមានការទាញយកនៅថ្ងៃទី២០ នេះគឺជាជំហាន​ទីមួយប៉ុណ្ណោះ ហើយប្រជាជនអាមេរិកនៅតែអាចប្រើកម្មវិធីទាំងពីរបាន ប៉ុន្តែពួកគេមិនអាចទាញយកបានជាថ្មី ឬក៏អាចធ្វើបច្ចុប្បន្នភាពជាមួយនឹងកម្មវិធីទាំងនេះបានទៀតឡើយ។ នៅថ្ងៃទី១២ ខែវិច្ឆិកា ខាងមុខនេះនាយកដ្ឋាន​នឹងដាក់ចេញនូវបទបញ្ជាថ្មី ដែលអាចនាំឱ្យមានការហាមឃាត់ឈប់ឱ្យប្រើប្រាស់កម្មវិធី TikTok ទាំងស្រុងទៀតផង ប្រសិនបើក្រុមហ៊ុនពុំមានដំណោះស្រាយទាក់ទងនឹងការព្រួយបារម្ភរបស់សហរដ្ឋអាមេរិកអំពីសន្តិសុខជាតិនោះទេ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]