អ្នកនាំពាក្យក្រសួងសុខាភិបាល បញ្ជាក់ពីករណីសង្ស័យជំងឺផ្តាសាយធំ របស់ព្រះសង្ឃ នៅខេត្តបាត់ដំបង

//s9.kh1.co/90/90e30a9c7c0fab858013dc4d0995775506d0b243.jpg
សង្គម

 ១៤-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជាឲ្យដឹងច្បាស់ពីករណីសង្ស័យជំងឺផ្តាសាយធំ របស់ព្រះសង្ឃ នៅខេត្តបាត់ដំបង

ភ្នំពេញ៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន បានប្រាប់អ្នកយកព័ត៌មានទូរទស្សន៍ជាតិកម្ពុជា នារសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០នេះ ឲ្យដឹងថា កាលពីថ្ងៃទី១៣​ ខែកញ្ញា​ ឆ្នាំ២០២០​ ក្រសួងសុខាភិបាល​ បានទទួលរបាយការណ៍​ថា​ មានហេតុការណ៍ករណីសង្ស័យគ្រុនផ្តាសាយធំ​ បានកើតឡើងចំពោះក្រុមព្រះសង្ឃចំនួន​ ៤៦អង្គ​ ដែលគង់នៅវត្ត​ស្វាយដង្គំ ស្រុកឯកភ្នំ ខេត្តបាត់ដំបង​ ដែលនិមន្តមកពីតាមខេត្តនានា ដើម្បីសិក្សានៅសាលាពុទ្ធិកបឋមសិក្សានៅក្នុងវត្តនេះ​  ហើយមានព្រះអាការរោគដូចជា ក្តៅខ្លួន​ (លើសពី៣៧,៥​អង្សារសេ​) ក្អក​ និងហៀរសំបោរជាដើម។ 

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកជំទាវ ឱ វណ្ណឌីន

ហេតុការណ៍នេះ​ បានកើតមានឡើង​ ៥-៦ថ្ងៃមកហើយ​ ដែលមានព្រះសង្ឃប្រហែលជាងពាក់កណ្តាលនៃចំនួនខាងលើ បានជាសះស្បើយ បន្ទាប់ពីបានទទួលការព្យាបាលពីក្រុមគ្រូពេទ្យខេត្តបាត់ដំបង។ ដោយឡែក ព្រះសង្ឃដែលនៅមានរោគសញ្ញាសង្ស័យ​  ក្រុមគ្រូពេទ្យខេត្តបាត់ដំបង ក៏​បានយកវត្ថុសំណាកព្រះសង្ឃចំនួន​ ២១អង្គ​ ផ្ញើទៅធ្វើវិភាគនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជានាព្រឹកថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០២០​នេះរួចហើយ​ និងកំពុងរងចាំលទ្ធផល​។

ជាមួយគ្នានេះដែរ មន្ទីរសុខាភិបាលខេត្តបាត់ដំបង​ ក៏បានធ្វើការអប់រំណែនាំដល់ព្រះសង្ឃ លោកតាអាចារ្យវត្ត​ និងគណៈគ្រប់គ្រងសាលាពុទ្ធិក:នៅទីនោះ​ រួចផងដែរ។ បច្ចុប្បន្ននេះ​ ស្ថានភាពសុខភាពព្រះសង្ឃដែលអាពាធ (ឈឺ) នោះ​ មានការវិវត្តទៅរកភាពល្អប្រសើរហើយ​ ដោយការសន្និដ្ឋានបឋមពីក្រុមគ្រូពេទ្យ​  គឺ «សង្ស័យជំងឺគ្រុនផ្តាសាយធំ»។

លោកជំទាវបានបញ្ជាក់ទៀតថា ដោយសារមានការសង្កេតកន្លងមកនេះ​ ឃើញថានៅមានការខ្វះចន្លោះក្នុងការអនុវត្តវិធានការសុខាភិបាលក្នុងកំឡុងពេលកាន់បិណ្ឌ​ និងបុណ្យភ្ជុំបិណ្ឌនេះ​ ក្នុងនាមក្រសួងសុខាភិបាល​ ខ្ញុំសូមធ្វើការអំពាវនាវក្រើនរំលឹកសារជាថ្មី​ ដល់បងប្អូនប្រជាលរដ្ឋទាំងអស់​ ជាពិសេស​ លោកតាអាចារ្យ លោកតា-យាយជី​ គណៈគ្រប់គ្រងសាលាពុទ្ធិកៈ​ និងគណ:កម្មការគ្រប់គ្រងទីវត្តអារាមនៅទូទាំងប្រទេស​ ព្រមទាំងពុទ្ធបរិស័ទ្ធទាំងអស់​ ត្រូវបន្តអនុវត្តនូវវិធានការអនាម័យការពារខ្លួន​ពីការចម្លងជំងឺកូវីដ-១៩​ ការចម្លងគ្រុនផ្តាសាយធំ​ និងការចម្លងជំងឺឆ្លងផ្សេងៗទៀត​ ដោយអនុវត្តវិធានការសាមញ្ញៗដូចតទៅ៖

១.​ រក្សាអនាម័យដៃស្អាតជានិច្ច​ ដោយលាងសម្អាតដៃញឹកញាប់​ និងកុំយកដៃដែល​មិនទាន់បានលាងសម្អាត​ ទៅប៉ះផ្ទៃមុខ​ មាត់​ ឬច្រមុះ​ និងត្រូវឆាន់​ ឫពិសាទឹក​ក្តៅដាំពុះ​ និងចង្ហាន់​ ឬម្ហូបអាហារត្រូវចម្អិនឲ្យបានឆ្អិនល្អ​។

២.​ ពាក់ម៉ាស់​ ក្នុងករណីចាំបាច់​ ជាពិសេសនៅពេលចូលទៅកាន់ទីវត្តអារាម​ ជួបជុំពុទ្ធបរិស័ទ​  ហើយមិនត្រូវជួបជុំគ្នាទ្រង់ទ្រាយធំ​ (ការប្រគេនចង្ហាន់​ និងទេយ្យវត្ថុ​ ត្រូវធ្វើក្នុងក្រុមតូចៗ​ ទៅតាមក្រុមគ្រួសារនីមួយៗ) និងពេលសម្តែងព្រះធម៌​។

៣.​ រក្សាគម្លាតសុវត្ថិភាពបុគ្គលយ៉ាងតិចចម្ងាយបុគ្គលម្នាក់​ទៅបុគ្គលម្នាក់ពីមួយម៉ែត្រកន្លះឡើងទៅ។

៤.​  ជាពិសេសព្រះសង្ឃ ឬបុគ្គលដែលឈឺ​ មានរោគសញ្ញាផ្តាសាយ​  ឬមិនស្រួលខ្លួន ត្រូវសម្រាក​ និងនៅដាច់ដោយឡែក​ ដោយមិនត្រូវចូលរួមក្នុងពិធីជួបជុំក្នុងសាលាឆាន់​ ឬទទួលទេយ្យវត្ថុនៅក្នុងទីកន្លែងណាមួយនៃវត្តអារាម​ ដែលអាចបង្កឲ្យមានការចម្លងបន្តគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់​។

.​ ត្រូវចៀសវាងការពុលចំណីអាហារ​ ការពុលស្រាដោយប្រើប្រាស់សាធារធាតុមេតាណុល ដែលមិនត្រូវបច្ចេកទេស​ ចៀសវាងគ្រោះថ្នាក់ចរាចរ​ណ៍ និងចៀសវាងការសេពគ្រឿងញៀនជាដើម៕

ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក-TVK

សូមទស្សនារូបភាពខាងក្រោម៖

ព្រះសង្ឃនៅបាត់ដំបង
ព្រះសង្ឃនៅបាត់ដំបង
ព្រះសង្ឃនៅបាត់ដំបង
ព្រះសង្ឃនៅបាត់ដំបង
ព្រះសង្ឃនៅបាត់ដំបង
ព្រះសង្ឃនៅបាត់ដំបង
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T