ភ្នំពេញៈ បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក បានក្លាយទៅជាគេហទំព័រមួយ ដែលទទួលបានការនិយមគាំទ្រ យ៉ាងខ្លាំងពីគ្រប់មជ្ឈដ្ឋាននៅកម្ពុជា និងលើពិភពលោក រហូតជាប់ចំណាត់ថ្នាក់លេខ១ ជាគេហទំព័រ ដែលមានអ្នកចូលប្រើប្រាស់ច្រើនជាងគេ។ ការទទួលបានជោគជ័យដ៏ច្រើនលើស លប់នៅលើពិភពលោក ដោយសារគេ ហទំព័រមួយនេះ ជួយឲ្យមនុស្សកាន់តែស្និទ្ធស្នាលនិងគ្នា ជួយឲ្យអ្នកប្រើប្រាស់អាចភ្ជាប់ទំនាក់ទំនង និងចែករំលែក ព័ត៌មានផ្សេងៗ តាមចិត្តរបស់ពួកគេបានយ៉ាងឆាប់រហ័ស។

មិននិយាយដល់អ្នកប្រើប្រាស់នៅលើពិភពលោកនោះទេ សូមលើកត្រឹមតែនៅកម្ពុជាប៉ុណ្ណោះ គេសង្កេតឃើញថា  បណ្តាញសង្គមមួយនេះ បានធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាគ្រប់ទីកន្លែងអាចទាក់ទង ជជែកកម្សាន្ត ចែករំលែកនូវ  ដំណឹង និងព័ត៌មាន ដែលកើតមាននៅក្នុងមូលដ្ឋាន ក្នុងសង្គមរស់នៅរបស់គេ ក៏ដូចជាបញ្ហារបស់ខ្លួនជួបប្រទះ  ផងដែរ។

បណ្តាញសង្គមមួយនេះ មិនត្រឹមតែជាយុវវ័យ វ័យចំណាស់ ឬអ្នកដែលចេះបច្ចេកវិទ្យាជ្រៅជ្រះទើបអាចលេងបាន  នោះទេ ពោលគឺមនុស្សមកពីគ្រប់មជ្ឈដ្ឋាន និងស្ទើរតែគ្រប់វ័យទៅហើយបានចូលបង្កើតគណនេយ្យ (Account ) ផ្ទាល់ខ្លួន ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយមនុស្សដទៃទៀ។ ការប្រើប្រាស់បណ្តាញមួយនេះ ក៏ត្រូវបានគេមើលឃើញ  ផងដែរថា ពួកគេប្រើដើម្បីបំពេញតម្រូវការរៀងៗខ្លួន ក្នុងនោះអ្នកនយោបាយគេប្រើដើម្បីផ្សព្វផ្សាយពីសកម្មភាព  ឬគោលនយោបាយរបស់បក្សខ្លួន ក៏ដូចជាប្រើដើម្បីវាយប្រហារគ្នាទៅវិញទៅមកដោយសេរី គ្មាននរណាហាម ឃាត់ ឬគ្រប់គ្រងពួកគេបានឡើយ។

ផ្ទុយពីក្រុមអ្នកនយោបាយ ក៏មានក្រុមសិស្ស និស្សិត ផ្សព្វផ្សាយនូវចំណេះដឹងផ្សេងៗ ជាប្រយោជន៍ក្នុងការអប់រំ  និងផ្តល់ចំណេះដឹងជូនគ្នាទៅវិញទៅមក ដែលនេះជាការប្រើប្រាស់មួយដ៏ត្រឹមត្រូវ ព្រោះពួកគេចេះទាញយក ប្រយោជន៍ពីបណ្តាញមួយនេះ។ ក្រៅតែពីនេះ ក៏មានក្រុមអ្នកលក់ដូរ អាជីវករ មួយចំនួនបានប្រើបណ្តាញមួយនេះ  បម្រើប្រយោជន៍ផ្ទាល់ ផ្សព្វផ្សាយផលិតផលរបស់ពួកគេទៅកាន់មនុស្សទូទៅប្រកបដោយប្រសិទ្ធភាព។

ដោយឡែកយុវវ័យមួយចំនួន គេមិនបានប្រើប្រាស់បណ្តាញមួយនេះ ដើម្បីជាប្រយោជន៍នោះទេ ពួកគេប្រើដើម្បី  បង្អួតបង្ហាញសាច់រូបរាងគ្នា ប្រើទាក់ទងសាសងស្នេហ៍ រហូតមានយុវជនភ្លើតភ្លើនមួយចំនួនតូចនៅកម្ពុជា បានគិត  ថា បណ្តាញសង្គមបណ្តុំដោយមនុស្សគ្រប់មជ្ឈដ្ឋានមួយនេះ ជាទីលានស្វែងរកដៃគូស្នហារបស់ខ្លួនប្រឡែងលេង  សប្បាយទៅវិញ។ នៅមានចំណុចជាច្រើនទៀត ដែលបណ្តាញមួយនេះ បានបំពេញនូវសេចក្តីត្រូវការអ្នកប្រើ  ប្រាស់របស់ខ្លួន តែសូមលើកដោយខ្លី និងត្រួសៗមកបង្ហាញប៉ុណ្ណេះទៅចុះ។

របស់អ្វីក៏ដោយទោះបីជាល្អប៉ុណ្ណា ក៏តែងមានចំណុចអាក្រក់របស់វាដែរ ដូចពាក្យមួយឃ្លាដែលនិយមនិយាយតៗ  គ្នាថា «អាវុធតែងតែមានមុខពីរ» ហើយចំណុចអាក្រក់នោះ បើសិនជាយើង មិនរកវិធានទប់ស្កាត់ទេ វានឹងរីករាល ដាលជាបច្ច័យអាក្រក់កាន់តែខ្លាំង ហើយបង្កជាបញ្ហា និងភាពស្មុគស្មាញក្នុងសង្គមថែមទៀតផង។

បណ្តាញសង្គមមួយនេះ ត្រូវបានគេចាត់ទុកថា ជាកន្លែងបញ្ចេញនូវមតិយោបល់របស់ខ្លួនដោយសេរី ប៉ុន្តែកុំភ្លេច ថា ភាពសេរីហួសហេតុវានឹងបង្កទៅជាភាពអនាធិបតេយ្យជាមិនខាន។ ជាក់ស្តែងកន្លងមក នៅលើទំព័របណ្តាញ សង្គមហ្វេសប៊ុក ត្រូវបានមនុស្សមួយចំនួន បានបញ្ចេញមតិរិះគន់សកម្មភាពអសកម្មរបស់ មន្ត្រីរាជរដ្ឋាភិបាលតា មបណ្តា មន្ទីរ ក្រសួង រហូតដល់មន្រ្តីជាន់ខ្ពស់ថែមទៀត។ ការរិះគន់ក្នុងផ្លូវត្រូវវាពិតជាល្អ ព្រោះការរិះគន់តែងជួយ ឲ្យអ្នកធ្វើខុសបានងាកមកផ្លូវត្រូវ ជួយស្ថាបនា ឬជួយលុបបំបាត់នូវចំណុចអសកម្មមួយចំនួន ព្រោះមន្រ្តីរាជរដ្ឋាភិ បាល ជាបុគ្គលសាធារណៈ ដែលប្រជាពលរដ្ឋកម្ពុជាទាំងអស់មានសិទ្ធិរិះគន់លើកសកម្មភាពរបស់ពួកគាត់។

តែអ្វីដែលត្រូវបានគេមើលឃើញថា ជាកំហុសនោះ មានអ្នកប្រើប្រាស់មួយចំនួន បានព្យាយាមលើកយកនូវបញ្ហា  ឬរឿងអាស្រូវរបស់បុគ្គលម្នាក់មកផ្សព្វផ្សាយជាសាធារណៈលើបណ្តាញមួយនេះ ដែលវាត្រូវបានច្បាប់នៅកម្ពុជា ចែងថា ជាការបរិហាកេរ្តិ៍ និងប៉ះពាល់ដល់កិត្តិយសជនដែលគេលើកយកបង្ហាញនោះយ៉ាងធ្ងន់ធ្ងរ។ ជាពិសេស ពួកគេព្យាយាមផ្សព្វផ្សាយនូវព័ត៌មានមិនមែនជាការពិត ដែលបង្កជាការចលាចលផ្សេងៗ។

អំពើឃាតកម្ម ស្នេហាប្រុសស្រីអន្ទងបោកប្រាស់ តាមបណ្តាញមួយនេះ ក៏កំពុងតែបង្កជាភាពស្មុគស្មាញដល់ សង្គមកម្ពុជាផងដែរ។ ជាក់ស្តែងកាលពីឆ្នាំ២០១២កន្លងទៅ ស្រ្តីវ័យក្មេង បានប្រើបណ្តាញសង្គមហ្វេសប៊ុកដើម្បី លក់ផលិតផលរបស់ខ្លួន រហូតដល់មានមនុស្សមួយក្រុមប្រើល្បិចណាត់ជួបធ្វើជាទិញផលិតផល តែធាតុពិតពួកគេ បានចាប់ជំរិតទារប្រាក់ និងឈានដល់ការសម្លាប់ស្ត្រីវ័យ ក្មេងរូបនេះយ៉ាងអាណោចអាធមថែមទៀត។

ករណីស្នេហាផិតក្បត់ បោកប្រាស់អស់ខ្លួនប្រាណ បំពានប្រពៃណីខ្មែរ ជាច្រើនករណីទៀត ក៏ត្រូវបានបណ្តាញ ព័ត៌មាននានា យកមកផ្សព្វផ្សាយជាញឹកញាប់ ដែលទាំងនេះសុទ្ធសឹងជាបញ្ហាឈឺក្បាលសម្រាប់សង្គម។

ព្រោះតែភាពធូរលុង និងសេរីភាពហួសហេតុក្មេងៗប្រុសស្រីសិស្សសាលាមិនទាន់គ្រប់អាយុជាច្រើននាក់ផ្សេង ទៀត បានប្រើបណ្តាញមួយនេះ ទាក់ទងសាសងគ្នាក្នុងផ្លូវស្នេហា បង្ហាញនូវភាពម្ញិះម្ញក់បង្អួតសាច់ បង្ហាញរៀង ខ ណៈដែលវ័យពួកគេកំពុងតែក្រេបជញ្ជក់នូវចំណេះដឹង ជាពុទ្ធិពង្រឹងសមត្ថភាពចូលរួមស្ថាបនាសង្គមជាតិ។ ផ្ទុយ ទៅវិញ ពួកគេបែរជាវក់វី ជាមួយបណ្តាញទំនាក់ទំនងអ៊ីនធើណេត ភ្លេចសិក្សា ភ្លេចដេកពន រហូតក្មេងខ្លះទៀត  ភ្លេចបាយភ្លេចទឹកទៀតផង ដែលគេអាចហៅដោយសាមញ្ញថា ញៀនហ្វេសប៊ុកនោះ។

ប្រការកាន់តែអាក្រក់នោះ មានក្រុមអ្នកប្រើប្រាស់មួយចំនួនទៀត ដែលបង្កើតគណនេយ្យក្លែងក្លាយ ឬហៅថា  Fake Account បានប្រើប្រាស់បណ្តាញមួយនេះ បង្ហោះនូវរូបភាពអាសអាភាស រូបភាព និងវីដេអូឃ្លីបសកម្មភាព រួមភេទ ដោយគ្មានការបិតបាំងអ្វីទាំងអស់។ នេះជាការផ្សព្វផ្សាយ និងចែករំលែកនូវរូបភាពមួយ ដែលមនុស្ស ទូទៅមិនអាចទទួលយកបាននោះទេ ហើយវាកាន់តែផ្ទុយស្រឡះពីច្បាប់ ដែលកម្ពុជាបានកំណត់។

យើងដឹងហើយថា លើបណ្តាញសង្គមហ្វេសប៊ុកនៅកម្ពុជា ជាបណ្តុំមនុស្សគ្រប់វ័យ ជាពិសេសក្រុមអ្នកប្រើប្រាស់  ដែលមានវ័យក្មេង តើពួកគេនឹងគិតយ៉ាងណា នៅពេលពួកគេទទួលបាន ឬមើលឃើញនូវរូបភាពអាសអភាស និង វីដេអូបែបនេះ? ពួកគេងាយនឹងចាប់យក ហើយងាយត្រេកត្រអាល ភ្លើតភ្លើនតាមរូបភាព ដែលជនអគតិមួយក្តាប់ តូច បានបង្ហាញជាក់ជាមិនខាន។

នៅមានសកម្មភាពជាច្រើនទៀត ដូចជាការបង្ហាញនូវវប្បធម៌មួយចំនួន ដែលមិនមែនជាវប្បធម៌ និងអារិយ្យធម៌ ដ៏ ផូរផង់របស់កម្ពុជា វាអាចជាការផ្សព្វផ្សាយ និងបញ្ច្រៀបដោយប្រយោលមកលើសង្គមកម្ពុជា។

ក្រុមអ្នកនិយមលេង និងប្រើប្រាស់បណ្តាញសង្គមមួយនេះ ពិតជាសាទរ ដែលសង្គមកម្ពុជាបានជឿនលឿន លើវិ ស័យបច្ចេកវិទ្យា Online តែទន្ទឹមនឹងនេះ ក៏គួរតែមានវិធានការទប់ស្កាត់នូវចំណុចមួយចំនួន ដែលជាបច្ច័យ អាក្រក់ សម្រាប់សង្គមកម្ពុជាផងដែរ។

ក្រុមអ្នកនិយមលេងទាំងអស់នោះ បានលើកឡើងជាទស្សនរបស់ខ្លួនថា បណ្តាញមួយនេះ វាពិតជាល្អសម្រាប់  ប្រជាពលរដ្ឋកម្ពុជាក្នុងការចែករំលែកនូវចំណេះដឹង ក៏ដូចជាព័ត៌មានផ្សេងៗ ដែលជាប្រយោជន៍ តែរាជរដ្ឋាភិបាល កម្ពុជា តាមរយៈក្រសួងពាក់ព័ន្ធ ក៏គួរតែបង្កើតកិច្ចសហប្រតិបត្តិការជាមួយក្រុមហ៊ុន បណ្តាញសង្គមហ្វេសប៊ុក  ដើម្បីគ្រប់គ្រងឲ្យបានប្រកបដោយប្រសិទ្ធភាពទប់ស្កាត់ទៅលើចំណុចអវិជ្ជមានមួយចំនួនដូចបានរៀបរាប់ខាង លើ។

ជាបទពិសោធន៍នៅលើពិភពលោកដែលគេបានដើរមុនកម្ពុជា មានគេហទំព័រជាច្រើន បានបង្កើតរហូតដល់វីដេអូ  ស៊ិចថែមទៀតផង តែពួកគេបានតែងប្រាប់ និងផ្ទៀងផ្ទាត់ជាមុន ពោលបើមិនទាន់គ្រប់អាយុ ឬនៅវ័យក្មេងពេក នោះ គេមិនអនុញ្ញាតឲ្យចូលគេហទំព័រមួយនេះឡើយ។

ដូច្នេះវិធានសំខាន់ៗ ដែលគួរតែចាប់ផ្តើមធ្វើនោះ ត្រូវគ្រប់គ្រងឲ្យបានអ្នកប្រើប្រាស់បង្កើតគណនេយ្យក្លែងក្លាយ  ធ្វើការ ត្រួតពិនិត្យក្រុមមនុស្ស ដែលមានវ័យក្រោម១៨ឆ្នាំ ឬត្រូវធ្វើការត្រួតពិនិត្យ និងគ្រប់គ្រងទៅលើអ្នកបង្ហោះ នូវរូប អាសអាភាស និងវីដេអូបង្ហាញសកម្មភាពរួមភេទនានា។

បញ្ហាដែលរៀបរាប់ខាងលើមន្រ្តីពាក់ព័ន្ធនៅកម្ពុជាត្រូវតែចាត់វិធានការជាបន្ទាន់ មុននឹងបញ្ហាទាំងអស់នេះ បង្កជា  បញ្ហាស្មុគស្មាញកាន់តែខ្លាំងនៅក្នុងសង្គមកម្ពុជា ប្រៀបដូចជាដំបៅមហារីកនោះ៕





ដោយៈ វ៉ាន់ សារាយ

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]