*មួយរាត្រីថ្ងៃទី១ ឧសភាព នៅក្រុងសៀមរាប យ៉ាងហោចណាស់ មានគ្រោះថ្នាក់ចរាចរ ៤ករណីដែល បណ្ដាលឲ្យជនរងគ្រោះម្នាក់ ស្លាប់បាត់បង់ជីវិត និង៤នាក់ទៀត មានរបួសធ្ងន់ធ្ងរ

សៀមរាប :លោកយូ វង្ស ជាអ្នកយកព័ត៌មាន របស់ទូរទស្សន៍ជាតិកម្ពុជា (ទទក) ប្រចាំខេត្តសៀមរាប និង ជាមន្ត្រី នៃមន្ទីរព័ត៌មាន ខេត្តសៀមរាប បានទទួលរង របួសយ៉ាងធ្ងន់ធ្ងរ ដោយសារថយន្ត ទេសចរណ៍ធុន ធំមួយគ្រឿង បើកបញ្រ្ចាសទិស ហើយមកបុកលោក ទាំងកម្រោល កាលពីរាត្រី ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣ វេលាម៉ោងជិត១២ និង ០០នាទីយប់ នៅចំណុចខាងកើត គល់ស្ពានវត្តបូព៌ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ។

ប្រភពពីកន្លែងកើត ហេតុបាននិយាយថា នៅវេលាខាងលើគេ បានឃើញរថយន្តទេសចរណ៍ ធុន៤៥កៅអី មួយគ្រឿង បានបើកបរតាមផ្លូវ ខាងកើត ស្ទឹង ក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន លុះមក ដល់ ចំណុចកើតហេតុ (គល់ស្ពានវត្តបូព៌) ក៏ស្រាប់តែម៉ូតូរបស់ជនរងគ្រោះ ធ្វើដំណើរ ពីកើតទៅ លិចមកដល់ដែរ ក៏ត្រូវរថយន្តបុកពេញទំហឹង ហើយអូសប្រមាណជាង៤០ម៉ែត្រ ដោយស្នាមរថយន្ដនោះ បានជាន់ប្រាំង ចម្ងាយ ប្រមាណជាង ២៦ម៉ែត្រ បណ្តាលឲ្យជនរងគ្រោះរងយ៉ាងរបួសធ្ងន់។

នាយផ្នែកដោះស្រាយ នៃការិយាល័យនគរបាល ចរាចរណ៍ផ្លូវគោក ខេត្តសៀមរាប លោកអនុសេនីយទោ ឈិត ឆាត បាននិយាយថា តាមការពិនិត្យ នៅកន្លែង កើតហេតុករណីនេះ បណ្តាលមក ពីអ្នកបើកបរ រថយន្តបាន បើក បញ្ច្រាសទិស ហើយមកបុកម៉ូតូ ជនរងគ្រោះពេញមួយទំហឹង បណ្តាល ឲ្យម៉ូតូស្ទើរ ខ្ទេចអស់ទាំងស្រុង រីឯមួក សុវត្ថិភាពដែលជនរងគ្រោះ បានពាក់ការពារ ក៏បានបែកខ្ទេចផងដែរ។

លោកបន្តថា រថយន្តបង្កហេតុជាប្រភេទ ទេសចរណ៍ធុន៤៥កៅអី ពាក់ស្លាកលេខ ភ្នំពេញ 3B 5397 ជារថយន្ត ដឹកអ្នកដំណើររបស់ក្រុមហ៊ុន ហ្គោលវីអាយភី (Golden VIP) ដឹកអ្នកដំណើរ ។ ចំណែកម៉ូតូជនរងគ្រោះម៉ាក ស៊ុយហ្ស៊ុយគី វីវ៉ា ពណ៌ខ្មៅ ពាក់ស្លាកលេខ សៀមរាប 1F 1751 ។ លោកបន្តថា ក្រោយពេលបង្កគ្រោះថ្នាក់ អ្នកបើកបររថយន្ដបាន រត់គេចខ្លួនបាត់។ ចំណែកម៉ូតូនិងរថយន្តបង្ក ត្រូវអូសយកមករក្សា ទុកនៅ ការិយាល័យ នគរបាល ដើម្បីដោះស្រាយតាមច្បាប់ ។

បើតាមស្ថាន ភាពរបួសរបស់លោក យូ វង្ស នៅតែស្ថិតក្នុងសភាពធ្ងន់ធ្ងរ ត្រូវបានក្រុមគ្រួសារ និងមិត្តភក្តិរួម អាជីព បញ្ជូនលោកទៅព្យាបាល នៅមន្ទីពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។

ដោយឡែកតាមប្រភពព័ត៌មាន ពីមន្ទីរពេទ្យ/មណ្ឌលសុខភាព និងសាច់ញ្ញាតិជនរងគ្រោះ បានឲ្យដឹងថា យ៉ាង ហោចណាស់ មានគ្រោះថ្នាក់ចរាចរ ៤ករណីនៅកន្លែងផ្សេងៗពីគ្នា នៅក្រុងសៀមរាប នៅរាត្រីថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣នេះ ដែលបណ្ដាលមកពីរថយន្ដ និងម៉ូតូ ហើយម៉ូតូជាមួយម៉ូតូ បណ្ដាលឲ្យមនុស្សម្នាក់ស្លាប់ និងមនុស្ស៤នាក់ទៀតរបួសធ្ងន់ផងដែរ ។

ជាក់ស្ដែងលោកពូម្នាក់ ដែលកូនគាត់មានគ្រោះថ្នាក់ចរាចរ របួសដល់បាត់បងជីវិត បានប្រាប់អ្នកយកព័ត៌មាន យើងថា កូនរបស់គាត់មានឈ្មោះ អៀន ផល្លី អាយុ៣០ឆ្នាំ បម្រើការងារ នៅអង្គការ ហាឡូត្រាស៍ (Halo Trust) ប្រចាំខេត្តសៀមរាប គ្រោះថ្នាក់ម៉ូតូបុកជាមួយម៉ូតូ នៅតាមបណ្ដោយ ផ្លូវជាតិលេខ៦ នៅភូមិជ័យ សង្កាត់ទឹកវិល ក្រុង-ខេត្តសៀមរាប។ គឺកូនរបស់ បានជិះម៉ូតូម្នាក់ឯង នៅវេលាម៉ោងជិត ៧:០០នាទីយប់ បានបើក បញ្រ្ចាសទិសគ្នាជាមួយម៉ូតូ ២គ្រឿង កូនគាត់ក៏បានបើកម៉ូតូបត់ចូលផ្ទះ ពេលឃើញម៉ូតូមូយគ្រឿងបានបើកផុតទៅ តែក៏មានម៉ូតូមួយ គ្រឿង ទៀតដែលគ្មានភ្លើង បានបើកមកដល់ រួចបានបុកជាមួយម៉ូតូកូនរបស់គាត់ បណ្ដាលឲ្យស្លាប់កូនរបស់គាត់ បន្ទាប់ពីបញ្ជូនមក ដល់មន្ទីរសម្រាក ព្យាបាលមួយកន្លែង ចំណែកឯម្ចាស់ម៉ូតូ ដែលបើកគ្មានភ្លើងបំភ្លឺនោះ ក៏ត្រូវរងរបួសធ្ងន់ធ្ងរផងដែរ។

ករណីគ្រោះថ្នាក់ចរាចរ មួយទៀត គឺបុរស់អ្នករត់ម៉ូតូកង់បីដឹងភ្ញៀវម្នាក់ បានចូលមកសម្រាកព្យាបាល របួសក្នុងសភាពធ្ងន់ធ្ងរ នៅមន្ទីសម្រាក់ ព្យាបាល ពន្លឺជ័យ ដោយគាត់បានជិះម៉ូតូ ដួលជាមួយមិត្តភក្រម្នាក់ទៀត ក្នុងសភាពស្រវឹង នៅរាត្រីថ្ងៃដដែលនោះ។ បងស្រីបង្កើតរបស់ជន រងគ្រោះបាននិយាយថា ប្អូនរបស់គាត់ពីមុនមិនចេះផឹកស៊ីនោះទេ តែនៅប៉ុន្មានខែចុងក្រោយនេះ បន្ទាប់ពីប្រពន្ធរបស់គេបានស្លាប់ទៅ ប្អូនគាត់បាន ដើរផឹកស៊ី ហើយឲ្យតែមានមិត្តភក្រទូរស័ព្ទហៅ គេតែងតែទៅជានិច្ច មិនថា យប់យ៉ាងណានោះទេ។ ស្រ្តីរូបនោះបន្តថា ឥឡូវនេះ របួសរបស់ គេមានសភាពធ្ងន់ធ្ងរផងដែរ ។

ទោះបីជាយ៉ាងណាក៏ដោយ យើងសង្ឃឹមថា អ្នកដែលបង្ករហេតុត្រូវមានការទទួលខុសត្រូវ ចំពោះមុខច្បាប់ ហើយសមត្ថកិច្ចនឹងចាត់វិធាន ការទៅតាមនីតិវិធីរបស់ខ្លួនតាមផ្លូវច្បាប់ ហើយទាំងអស់គ្នាបានចូលរួមគោរពច្បាប់ចារចរណ៍ផ្លូវគោក និងគោរពតាមអនុសាសន៍ដ៏ខ្ពងខ្ពស់របស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា « ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍ » ៕







ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]