ខេត្តព្រះសីហនុ ផលិតផលថាមពលអគ្គិសនីបាន ១ពាន់មេហ្កាវ៉ាត់ សម្រាប់ផ្គត់ផ្គង់ក្នុងតំបន់ និងចែកបន្តទៅខេត្តផ្សេងទៀត

//s9.kh1.co/53/53d783083450b74f6627be4587016614947116fe.jpeg
Khmerhome

 ១១-កញ្ញា-២០២០ ១ល្ងាច · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/56/56303f636b6149ae918727ea6b3e40bcf46cf8ee.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ បច្ចុប្បន្នខេត្តព្រះសីហនុ មានតម្រូវការប្រើប្រាស់អគ្គិសនីប្រមាណជាង ១០០មេហ្កាវ៉ាត់ តែខេត្តមានលទ្ធភាពផលិតផលថាមពលអគ្គិសនីបាន ១,០០០មេហ្កាវ៉ាត់។ ភ្លើងដែលនៅសល់ត្រូវបញ្ជូនតាមបណ្តាញខ្សែមេទៅខ្សែបណ្តាញខ្សែជាតិ និងបានចែកចាយបន្តទៅកាន់បណ្ដាខេត្តមួយចំនួនទៀត។ បើតាមការលើកឡើងឱ្យដឹងពី លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។

លោក គួច ចំរើន បានថ្លែងបន្ត នៅប្រជុំដោះស្រាយគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល នឹង២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះស៊ីហនុ កាលពីថ្ងៃទី១០ ខែកញ្ញា នេះ ថា ខេត្តព្រះសីហនុ មានមោទនភាពជាខេត្តផលិតអគ្គិសនីចែកចាយទៅបណ្ដាញមេរបស់អគ្គិសនីកម្ពុជា និងបញ្ជូនទៅកាន់បណ្តាខេត្តមួយចំនួន។

លោក បញ្ជាក់ «ទោះបីការអភិវឌ្ឍផ្លូវ ៣៤ខ្សែក្នុងក្រុងព្រះសីហនុ មានផលប៉ះពាល់ដល់អគ្គិសនី យើងបានរួមគ្នាដោះស្រាយប្រកបដោយតម្លាភាព និងទាន់ពេលវេលា»។ និងបានបន្តទៀតថា រាជរដ្ឋាភិបាលផ្តល់ថវិកាសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ ដោយមានការចូលសហការពីអគ្គិសនីកម្ពុជា ធ្វើឱ្យការសាងសង់ប្រព្រឹត្តទៅដោយរលូន។

រាជរដ្ឋាភិបាលបានកំណត់អាទិភាពក្នុងការអភិវឌ្ឍប្រទេសគឺកត្តាធនធានមនុស្ស ផ្លូវ ទឹក និងភ្លើង ដើម្បីជាការឆ្លើយតបនឹងសេចក្តីត្រូវការនៃការអភិវឌ្ឍជំុរុញកំណើនសេដ្ឋកិច្ចជាតិ ម្យ៉ាងទៀតអគ្គិសនីក៍បានចូលរួមក្នុងការប្រកួតប្រជែងកំណើនសេដ្ឋកិច្ចស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលធ្វើឱ្យប្រជាពលរដ្ឋកម្ពុជា ៩០ភាគរយ មានអគ្គិសនីប្រើប្រាស់។ ជាការបន្ថែមរបស់ អភិបាលខេត្តតំបន់ទេសចរណ៍ជាប់មាត់សមុទ្រ ដែលមានកំពង់ផែអន្តរជាតិទឹកជ្រៅ។

ខេត្តព្រះសីហនុ មានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងអគារធំៗយ៉ាងគំហុកបរិមាណការប្រើប្រាស់អគ្គិសនីមានការកើនឡើង ចំណុចសំខាន់យើងត្រូវដោះស្រាយអគ្គិសនីបម្រើសេចក្តីត្រូវការរបស់ប្រជាពលរដ្ឋ ក៍ដូចជាអ្នកវិនិយោគ ។ ជាការលើកឡើងរបស់ លោក កែវ រតនៈ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកអគ្គិសនីកម្ពុជា បានបញ្ជាក់ក្នុងកិច្ចប្រជុំថា «ការអភិវឌ្ឍអគ្គិសនីធ្វើឱ្យភ្លើងចុះថ្លៃនៅទូទាំងប្រទេស»។

នាឱកាសនោះ លោក ក៏បានស្នើសុំឱ្យអាជ្ញាធរខេត្តជួយសម្របសម្រួលក្នុងការតបណ្តាញគន្លងខ្សែកាបកប់ដីតង់ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និងខ្សែបណ្ដាញបញ្ជូនអាកាសតង់ ស្យុងខ្ពស់ ១១៥គីឡូវ៉ុល និង ២៣០គីឡូវ៉ុល ក្នុងក្របខ័ណ្ឌគម្រោងសាងសង់អនុស្ថានីយ៍ និងខ្សែបណ្ដាញបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ក្នុងក្រុងព្រះសីហនុ ដើម្បីធានាថាប្រជាជន និងក្រុមហ៊ុនវិនិយោគក្នុងខេត្តព្រះសីហនុ មានភ្លើងប្រើប្រាស់គ្រប់គ្រាន់តាមតម្រូវកានៅពេលខាងមុខ៕

https://s9.kh1.co/__image/w=650,h=434,q=100/7e/7e8c71ef3a00fdb8aeae22bd924e0a859cb6abf0.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T