សារធាតុគីមីជាង១សែន៣ម៉ឺនប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក

//s9.kh1.co/79/79fa21fc7f46532d80c1955b8e6a4fd5120b18ea.jpg
Khmerhome

 ១១-កញ្ញា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/87/873bfd097d76430eee1d968c22f3be5e2ca377a5.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ តាមការសិក្សាបានបង្ហាញថា សារធាតុគីមីជាង ១៣០០០០ប្រភេទ ត្រូវបានផលិត និងចរាចរណ៍នៅលើទីផ្សារពិភពលោក សម្រាប់បម្រើនៅក្នុងវិស័យជាច្រើន។ បើតាមបញ្ជាក់ឱ្យដឹងពីលោក សាបូ អូហ្សាណូ រដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានបន្តថា ក្នុងចំណោមសារធាតុគីមីទាំងនោះ មានតែប្រភេទសារធាតុគីមីតិចតួចប៉ុណ្ណោះ ដែលបានដាក់ស្លាកសញ្ញាត្រឹមត្រូវ បានសិក្សាអំពីផលប៉ះពាល់ និងដឹងអំពីប្រភពនៃការធ្វើចរាចរណ៍។

នៅសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការពង្រឹងស្ថាប័នសម្រាប់ប្រសិទ្ធភាពលើការសម្របសម្រួលបំពេញកាតព្វកិច្ចជាភាគីនៃអនុសញ្ញាអន្តរជាតិពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមីគ្រោះថ្នាក់ និងសំណល់គ្រោះថ្នាក់» កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ លោក អនុរដ្ឋលេខធិការរូបនេះ បានជំរុញឱ្យមានការយកចិត្តទុកដាក់ក្នុងការទុកដាក់ និងការប្រើប្រាស់សារធាតុគីមីឱ្យបានត្រឹមត្រូវ ក៏ដូចជាការអប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងសហគមន៍ អំពីការប្រើប្រាស់សារធាតុគីមីផងដែរ។

លោក បានបញ្ជាក់ទៀតថា ការប្រើប្រាស់ ឬការស្តុកទុកសារធាតុគីមី និងការបោះចោលសំណល់ មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស នឹងបង្កផលប៉ះពាល់អវិជ្ជមានដល់បរិស្ថាន និងសុខភាពសាធារណៈ ដូចជា ការធ្វើឱ្យខូចគុណភាពដី ការបំពុលទឹកនិងខ្យល់ ព្រមទាំងការបង្កឱ្យកើតមានជំងឺរ៉ាំរ៉ៃ ជំងឺមហារីក ការប៉ះពាល់ដល់ការបង្កកំណើត ឬការលូតលាស់របស់ទារកជាដើម។

ការបំពុលបរិស្ថាន ដែលបង្កឡើងដោយការប្រើប្រាស់សារធាតុគីមី និងការបោះចោលសំណល់មិនបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស គឺជាបញ្ហាមួយជាសកល ដែលប្រទេសជាច្រើនកំពុងប្រឈម និងរកដំណោះស្រាយ។ ជាការលើកឡើងបន្តទៀតរបស់ លោក សាបូ អូហ្សាណូ ថា ដើម្បីឆ្លើយតបទៅនឹងបញ្ហានេះ គឺតម្រូវឱ្យមានកិច្ចសហការពីគ្រប់ភាគីតាមរយៈការអនុវត្តអនុសញ្ញាអន្តរជាតិ និងវិធានការថ្នាក់ជាតិ។

សូមបញ្ជាក់ថា បច្ចុប្បន្ន មានអនុសញ្ញាអន្តរជាតិសំខាន់ៗពាក់ព័ន្ធនឹងការគ្រប់គ្រងសារធាតុគីមី និងសំណល់គ្រោះថ្នាក់មានចំនួន៥ រួមមាន៖ ១-អនុសញ្ញាបាសែល ស្តីពីការត្រួតពិនិត្យចលនាដឹកជញ្ជូន និងការបោះបង់ចោលសំណល់គ្រោះថ្នាក់ឆ្លងដែន។ ២-អនុសញ្ញារ៉ូថឺដាម ស្តីពីនីតិវិធីនៃការយល់ព្រមផ្តល់ព័ត៌មានជាមុន ចំពោះសារធាតុគីមី និងថ្នាំកសិកម្មគ្រោះថ្នាក់ក្នុងពាណិជ្ជកម្មអន្តរជាតិ។

៣-អនុសញ្ញាស្តុកខូម ស្តីពីសារធាតុបំពុលសរីរាង្គមិនងាយបំបែកធាតុ។ ៤-អនុសញ្ញាទីក្រុងវីយ៉ែន ស្តីពីកិច្ចការពារស្រទាប់អូហ្សូន និងពិធីសារម៉ុងរ៉េអាល់ ស្តីពីសារធាតុបំផ្លាញស្រទាប់អូហ្សូន និង៥-អនុសញ្ញាមីណាម៉ាតា ស្តីពីបារត ដែលមានគោលបំណងសំខាន់រួម គឺការពារសុខភាពសាធារណៈ និងបរិស្ថាន៕

https://s9.kh1.co/__image/w=650,h=434,q=100/23/23dfa75ef7c00501d419b81d744b56ba14a6d73f.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T