សម្ដេច ទៀ បាញ់ ណែនាំមន្រ្តីបច្ចេកក្រសួងដឹកជញ្ជូន និងដែនដី ពិនិត្យសិក្សាវាយតម្លៃឱ្យបានល្អិតល្អន់គម្រោងធ្វើផ្លូវ ៣៨ខ្សែ នៅខេត្តសៀមរាប

//s9.kh1.co/97/9768484431017ee69fe2dd8fd69e71b695fa272a.jpg
Khmerhome

 ១០-កញ្ញា-២០២០ ១១ព្រឹក · ៤ ឆ្នាំមុន

https://s9.kh1.co/__image/w=650,h=434,q=100/87/872e63d4477179910f4f17e8a1360bf8c0f3a4b1.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ សម្ដេច ទៀត បាញ់ រដ្ឋមន្ត្រីក្រសួងការពារជាតិ បានណែនាំឱ្យក្រុមការងារបច្ចេកទេសនៃ ក្រសួងសាធារណការដឹកជញ្ជូន និងក្រសួងរៀបចំដែនដី ចុះពិនិត្យសិក្សា និងការវាយតម្លៃបញ្ជាក់ឱ្យបានល្អិតល្អន់ លើស្ថានភាពជាក់ស្តែងផ្លូវទាំង ៣៨ខ្សែ នៅខេត្តសៀមរាប ដែលបានស្នើឡើងនេះ ដើម្បីឈានទៅរកឯកភាពគ្នា ក្នុងកម្រិតបច្ចេកទេសរួមមួយ ដែលអាចធានានូវការសាងសង់ផ្លូវប្រកបដោយគុណភាពខ្ពស់ និងមាននិរន្តរភាពយូរអង្វែង។

ការណែនាំរបស់ សម្ដេច ទៀ បាញ់ ដល់មន្រ្តីបច្ចេកទេសនៃក្រសួងទាំងពីរ នៅកិច្ចប្រជុំស្តីពី គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវ ក្នុងទីក្រុងសៀមរាប កាលពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២០ នៅទីស្ដីការក្រសួង ដោយមានការចុលរួម លោក ជា សុផារ៉ា រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង សាធារណការ និងដឹកជញ្ជូន ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងមន្ត្រីជំនាញក្រោមឱវាទក្រសួងទាំងបី ផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/a8/a8b437b2b1c7b3fb3ebec334b6d7e38bd0535f3c.jpg

កិច្ចប្រជុំខាងលើ ក្នុងគោលបំណងប្រែក្លាយក្រុងមួយនេះឱ្យក្លាយជាទីក្រុង ដែលពោរពេញដោយសោភ័ណភាព បរិស្ថានល្អ ជំរុញការបង្កើតការងារ និងលើកស្ទួយជីវភាពប្រជាពលរដ្ឋ ព្រមទាំងជំរុញកំណើនភ្ញៀវទេសចរណ៍ និងកំណើនសេដ្ឋកិច្ចជាតិក្រោយវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរាជរដ្ឋាភិបាលបានសម្រេចបញ្ចេញកញ្ចប់ថវិកា ១៥០លានដុល្លារ សម្រាប់ការអនុវត្តគម្រោងនេះ។

https://s9.kh1.co/__image/w=650,h=434,q=100/0e/0e7f2ceec5b9a0724bb72c6fbac58cbba4dd58fb.jpg

លោក ស៊ុន ចាន់ថុល បានសម្ដែងនូវមោទនភាពជាអនេកដែលរាជរដ្ឋាភិបាល បានបញ្ចេញកញ្ចប់ថវិកា ក្នុងចំនួនទឹកប្រាក់យ៉ាងច្រើនបែបនេះ ក្នុងស្ថានភាពកម្ពុជា ក៏ដូចជាពិភពលោក កំពុងប្រឈមនឹងជំងឺកូវីដ-១៩ ដើម្បីអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធផ្លូវ ៣៨ខ្សែនៅក្នុងក្រុងសៀមរាប សំដៅកែប្រែមុខមាត់ថ្មី នៃទឹកដីអង្គរ ឱ្យកាន់តែមានភាពស្រស់បំព្រង និងកាន់តែមានភាពទាក់ទាញ។

https://s9.kh1.co/__image/w=650,h=434,q=100/12/12684e0fac647834f89189d60c6da61ebbf68e8d.jpg

លោក រដ្ឋមន្រ្តីដឹកជញ្ជូន បានប្ដេជ្ញាយ៉ាងមុតមាំថា នឹងខិតខំប្រឹងប្រែងអនុវត្តគម្រោង សាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ នៅក្នុងទីក្រុងសៀមរាបនេះ ឱ្យទទួលបានជោគជ័យតាមការគ្រោងទុក ដោយសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មការអន្តរក្រសួង ព្រមទាំងអាជ្ញាធរដែនដី និងភាគីពាក់ព័ន្ធផងដែរ។

https://s9.kh1.co/__image/w=650,h=434,q=100/9a/9a4cf57b568692b6affecbd15a05b9c2a5ff0b3f.jpg

នាឱកាសនោះដែរ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី លោក ជា សុផារ៉ា បានផ្តល់អនុសាសន៍សំខាន់ៗ មួយចំនួនរួមមាន៖ ការស្នើឱ្យមានការពិនិត្យឱ្យបានលម្អិតលើលក្ខណៈបច្ចេកទេសសាងសង់, គោរពតាមប្លង់គោលប្រើប្រាស់ដីក្រុងសៀមរាប ចក្ខុវិស័យឆ្នាំ២០៣៥ របស់គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីកម្មថ្នាក់ជាតិ។

https://s9.kh1.co/__image/w=650,h=433,q=100/53/538094a4afa5d531e43367188b447fd0940b9f1d.jpg

លោក បន្តថា សិក្សាឱ្យបានសព្វជ្រុងជ្រោយលើតម្រូវការ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ក្នុងក្រុងសៀមរាបទាំងមូលធ្វើជាផែនការមេ ការសាងសង់ផ្លូវដែលមានលក្ខណៈតភ្ជាប់ពីចំណុចចាប់ផ្តើមដល់ចំណុចគោលដៅនីមួយៗ និងការជ្រើសរើសប្រតិបត្តិករសម្រាប់ការសាងសង់ដែលមានបទពិសោធន៍ សម្រាប់ការអនុវត្តការងារសាងសង់ មានគ្រឿងចក្រគ្រប់គ្រាន់ និងមានទំនួលខុសត្រូវការងារខ្ពស់ ហើយនិងការសម្របសម្រួលឯកសារគម្រោង

https://s9.kh1.co/__image/w=650,h=434,q=100/ed/ed6b45aebe5ef2f14c90daebc3f91987f54ee350.jpg

លោក បញ្ជាក់ ការគ្រប់គ្រងការដ្ឋានសាងសង់ ដើម្បីបញ្ចៀសការកកស្ទះចរាចរណ៍, ការកំណត់រយៈពេលសាងសង់ពី១២ ទៅ១៤ខែ និងការត្រៀមរៀបចំដើម្បីបើកការដ្ឋានជាផ្លូវការ នាពេលឆាប់ៗខាងមុខនេះ ជាដើម។ លោក បន្ថែមថា គម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែនេះគឺជាការបញ្ជាក់ឱ្យឃើញពីការខិតខំប្រឹងប្រែងពុះពារឧបសគ្គ របស់រាជរដ្ឋាភិបាលកម្ពុជា ទោះបីជាកម្ពុជាកំពុងស្ថិតក្នុងស្ថានភាពប្រឈមនឹងជំងឺកូវីដ-១៩ យ៉ាងណាក៏ដោយ។

https://s9.kh1.co/__image/w=650,h=356,q=100/d0/d0eb876524690bde59db18da7fdc8c68572ed09b.jpg

គូសបញ្ជាក់ថា អង្គប្រជុំបានសម្រេចឯកភាពគ្នាថា ប្លង់នៃការសិក្សាលម្អិត និងផែនការនៃការអនុវត្តគម្រោងនេះ នឹងត្រូវបង្ហាញជូន ក្នុងកិច្ចប្រជុំគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សានិងអនុវត្តគម្រោងស្ថាបនាហេដ្ឋារចនាសម្ព័ន្ធផ្លូវចំនួន ៣៨ខ្សែ ដែលគ្រោងនឹងធ្វើឡើង នៅក្រុងសៀមរាប នៅថ្ងៃទី២៣ ខែកញ្ញា ខាងមុខនេះ។

សូមបញ្ជាក់ឱ្យដឹងថា គម្រោងកែលម្អហេដ្ឋារចនាសម្ព័ន្ធផ្លូវក្នុងទីក្រុងក្នុងទីរួមខេត្តសៀមរាបនេះ មានចំនួន៣៨ខ្សែ មានប្រវែង សរុប៩៨,៣៤គីឡូម៉ែត្រ ហើយគម្រោងនេះគ្រោងនឹងបញ្ចប់នៅចុងឆ្នាំ២០២១។ គម្រោងនេះគ្រោងនឹងសិក្សាសាងសង់ផងដែរ នូវប្រព័ន្ធលូ ចិញ្ចើមផ្លូវ ផ្លូវថ្មើរជើង ផ្លូវជិះកង់ ចំណតរថយន្ត ប្រព័ន្ធបំភ្លឺផ្លូវសាធារណៈ ផ្លាកសញ្ញានិងគំនូសចរាចរណ៍ ប្រព័ន្ធកាមេរ៉ាសុវត្ថិភាព អាងចម្រោះទឹកកខ្វក់ ការធ្វើសួននិងដាំដើមឈើ។

https://s9.kh1.co/__image/w=650,h=380,q=100/d2/d2602799de92e8c5a0ebb0bde04587bf535f2986.jpg

ការស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធទាំងនេះ ជាការបើកទំព័រប្រវត្តិសាស្ត្រថ្មីមួយ មិនធ្លាប់មានពីមុនមកក្នុងការស្ថាបនាផ្លូវទូទាំងក្រុងសៀមរាប បែបនេះ ហើយនេះគឺជាការបង្ហាញ នូវការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល ក្នុងការប្រែក្លាយទីក្រុងវប្បធម៌ប្រវត្តិសាស្ត្រ ដ៏សម្បូរបែបមួយនេះឱ្យកាន់តែមានភាពទាក់ទាញដល់ភ្ញៀវទេសចរណ៍ និងការវិនិយោគបន្ថែមទៀត ស្របទៅនឹងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល៕

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T