ភ្នំពេញៈ មន្រ្តីនគរបាលទេសចរណ៍ មួយរូបត្រូវបាន ចៅក្រមធ្វើការជំនុំជម្រះ នៅព្រឹកថ្ងៃទី២ ខែឩសភា ឆ្នាំ២០១៣ នេះ បន្ទាប់ពីសង្ស័យថា បានដឹកជញ្ជូនសារធាតុគីមី និងរក្សាទុកដោយខុសច្បាប់ នូវបរិក្ខា សម្រាប់ផលិតគ្រឿងញៀន។
សវនការនៃការជំរះក្តីនេះ ត្រូវបានពន្យារពេល បន្ទាប់ពីប្រធានក្រុមប្រឹក្សា ជំនុំជម្រះនៃសាលាដំបូង រាជធានីភ្នំពេញ លោកស្រី ចាំង ស៊ីណាត បានប្រកាសថា និងធ្វើការប្រកាសសាលក្រម នៅថ្ងៃទី៣០ ខែឩសភា ឆ្នាំ២០១៣។
លោកស្រី ចាំង ស៊ីណាត បានថ្លែងឲ្យដឹង ក្នុងអង្គសវនាកាថា ជនជាប់ចោទ កង សុវណ្ណារ៉ា ហៅ ប៉ូល ភេទប្រុស អាយុ៤៥ ឆ្នាំ ជាមន្រ្តីនគរបាលទេសចរណ៍ ត្រូវចោទប្រកាន់ពីបទ ដឹកជញ្ជូនសារធាតុគីមី និងរក្សាទុកដោយខុសច្បាប់នូវបរិក្ខា សម្រាប់ផលិតគ្រឿងញៀន ដែលបានប្រព្រឹត្ត ក្នុងអំឡុងខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០១២ ។ នាយការិយាល័យ នៃមន្ទីរប្រឆំាងគ្រឿងញៀន លោក សាន សុភី បាននិយាយថា ជនសង្ស័យត្រូវបានឃាត់ខ្លួន ក្រោយការទទួលបានព័ត៌មាន ពីកម្លាំងសំងាត់ និងការស៊ើបអង្កេតពីកម្លាំងជំនាញ ថាបាននាំទំនិញមិនប្រក្រតី ដាក់ក្នុងកុងធឺណ័រ ពីប្រទេសចិន មកកម្ពុជា។
លោក សាន សុភី បានឲ្យដឹងទៀតថា ក្នុងវិក័យប័ត្ររបស់ជនសង្ស័យ បានសរសេរថា ទំនិញផ្ទុកក្នុងកុងធឺណ័រ ថា Soy Oil ជាភាសាខ្មែរ គឺប្រេងសណ្តែក ប៉ុន្តែពេលពិនិត្យទៅឃើញ មានលោតសញ្ញាព័ណ៌ទឹកក្រូច គឺបញ្ជាក់ថា ជាទំនិញមិនប្រក្រតី ទើបកម្លាំងជំនាញ បន្តការស៊ើបអង្កេតហើយ ឈានដល់ការចាប់ខ្លួន។
ជនជាប់ចោទ កង សុវណ្ណារ៉ា បានបដិសេធន៍ចំពោះ ការចោទប្រកាន់នេះ ដោយលើកឡើងថា មិនបានពាក់ព័ន្ធនិង សារធាតុខុសច្បាប់នេះទេ ។ លោកថា “ខ្ញុំគ្រាន់តែជាអ្នកឩទ្ទិសនាម ឲ្យថៅកែជនជាតិចិនម្នាក់ ជួយគ្នាជាមួយលោកដារិច ហៅយ៉ា ដែលជាមិត្តិភ័ក្រ្ក ដើម្បីពិភាក្សាគ្នា រឿងរកស៊ីនាំចំណីសត្វពីចិន មកកម្ពុជា” ។
លោក កង សុវណ្ណារ៉ា បន្តទៀតថា ចំពោះកិច្ចការងារកស៊ីនេះ ដារិច ដែលជាមិត្តភ័ក្រគាត់ បានសន្យាថា និងឲ្យប្រាក់ចំនួន២០០០ ដុល្លារ ទៅ៣០០០ ដុល្លារ សម្រាប់ទំនិញមួយកុងធឺណ័រ ។ ជនជាប់ចោទបាន បញ្ជាក់ទៀតថា ថ្ងៃមួយមិត្តភ័ក្ររបស់គាត់ ដារិច បានប្រាប់ថា ឲ្យយកទំនិញនៅក្នុង កុងធឺណ័រទៅចាក់ចោល ព្រោះវាមិនប្រក្រតី គាត់ក៏បានប្រើកម្មករ ឲ្យចាក់ចោល ប៉ុន្តែគាត់បញ្ជាក់ថា មិនដឹកថាជាគ្រឿងញៀននោះទេ គ្រាន់តែដឹងថា ជាប្រេងសណ្តែក។
នៅចុងបញ្ចប់នៃ ដំណើរការសវនាការ លោកព្រះរាជអាជ្ញា មាស ច័ន្ទពិសិដ្ឋ នៅតែរក្សាការចោទប្រកាន់ ជនជាប់ចោទ កង សុវណ្ណារា ហៅប៉ូល ពីបទ ដឹកជញ្ជូនសារធាតុគីមី និងរក្សាទុកដោយខុសច្បាប់ នូវបរិក្ខា សម្រាប់ផលិតគ្រឿងញៀន។
សូមបញ្ជាក់ថា នៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១២ កម្លាំងមន្រ្តីនគរបាលជំនាញ បានរកឃើញ សាធារតុគីមី មួយចំនួនធំ ដែលអាចកែច្នៃទៅគ្រឿងញៀន នៅខេត្តកំពង់ស្ពឺ ដែលត្រូវបានជនសង្ស័យ លួចចាក់ចោលក្នុងដីឡូតិ៍ មួយកន្លែង។ ក្រោយការស៊ើបអង្កេតក៏ឃើញថា មានជាប់ពាក់ព័ន្ធ និងជនជាប់ចោទ កង សុវណ្ណារ៉ា ហើយក៏ឈានដល់ការ រកឃើញសារធាតុគីមី កែច្នៃគ្រឿងញៀនមួយ កុងធឺណ័រទៀត នៅក្នុងកំពង់ផែ នៅរាជធានីភ្នំពេញ៕
ដោយ៖ ដើមអម្ពិល
ផ្តល់សិទ្ធដោយ ដើមអម្ពិល
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]