ខ្មែរឡូតបានចាប់អារម្មណ៍ នឹងនារីសុំទានដ៏ស្រស់ ម្នាក់ក្នុងប្រទេសចិន ហើយបានស្វែងរកព័ត៌មាន និង មតិ ពីប្រភពផ្សេងៗទាក់ទងនឹងនារីនេះ។

ស្រីស្អាតអាយុ ១៨ ឆ្នាំដែលច្រៀងសុំទាន ក្នុងទីក្រុង ប៉េកាំង ប្រទេសចិនបានទទួលការ ចាប់អារម្មណ៍ពីអ្នកប្រើប្រាស់ Internet ដោយសារសម្រស់ និង ទឹកមុខស្រងូតស្រងាត់គួរឲ្យអាណិតរបស់នាង។ នាងត្រូវបានគេដាក់ឈ្មោះថា Panhandling Loli ដែលបានគេជឿថាមកពីខេត្ត ហឺណាន ប្រទេសចិន ។ នាងបានប្រាប់ថាឪពុករបស់នាងពេល ចែកឋានទៅបានបន្សល់នូវបំណុលដ៏ធំសម្រាប់គ្រួសារ ។ នាងបង្ខំចិត្តមកទីក្រុង ប៉េកាំង ចោលម្តាយឈឺ និង ប្អូនប្រុស មករកលុយផ្គត់ផ្គង់គ្រួសារ។ ដំបូងនាងធ្វើជាអ្នករត់តុនៅភោជនីដ្ឋានមួយ ប៉ុន្ដែដោយសារចំណូល ស្ដួចស្ដើងពេកមិនអាចដោះបំណុល នាងក៏ដើរច្រៀងសុំទាន។

នាងបានប្រកាស់ថានឹង ផ្ដល់សេចក្តីស្រលាញ់លើកដំបូងរបស់នាងដល់បុរសណាដែលហានចំណាយ ១៨៧០០ ដុល្លារលើនាង ប៉ុន្ដែមិនបានបញ្ជាក់ថាសេចក្ដីស្រលាញ់នឹងសំដៅលើអ្វីទេ អាចជាការប្រគល់ខ្លួន ឬ ក៏ការដើរលេងជាមួយគ្នាដើម្បីស្គាល់ចិត្តគ្នា។

បុរសជាច្រើនផ្ដល់ចិត្តអាណិតដល់នាង និង ប្រកាស់ឲ្យមានការបរិច្ចាកដល់នាងគ្រប់គ្នាៗ។

អ្នកខ្លះទៀតនិយាយថា មានអ្នកសុំទានដូចនាងនឹងរាប់មិនអស់នៅប្រទេសចិន ប៉ុន្តែលើលោកនេះ មិនមានយុតិ្តធម៌ទេ អ្នកមានសម្រស់ និង ទឹកមុខគួរឲ្យអាណិត តែងតែមានប្រៀបជាង។ ប្រុសៗជាច្រើន បានដាក់ទានឲ្យនាងក្រាស់ៗ។ មិនតែប៉ុណ្ណោះ មានកូនសេដ្ឋីម្នាក់ប្រកាស់ចំណាយ ១៨៧០០ ដុល្លារ ដើម្បីទិញសេចក្ដីស្រលាញ់របស់នាង។

អ្នកខ្លះរិះគន់ថា កុំចាញ់បោកសម្រស់ និង ទឹកមុខនាង បើមើលឲ្យច្បាស់ទៅ នាងមិនគួរឲ្យអាណិតទេ។ សក់របស់នាង ហាក់បីដូចធ្លាប់ហាយឡាយ និង ពន្លា អាវដែលនាងពាក់មានម៉ាក អាឌីដាស់ ហើយនាងហាក់ បីដូចជាពាក់កែវភ្នែកដែលធ្វើឲ្យភ្នែកនាងមើលទៅធំហើយស្អាត។ អ្នកក្រណាមានរបស់ដូចនេះជាប់ខ្លួន ។ ម្យ៉ាងទៀតហ្គីតាដ៏ថ្មីរបស់នាងមើលទៅមិនដូចរបស់អ្នកសុំទានផ្សេងៗ។

អ្នកខ្លះបានអះអាងថានាងគ្រាន់តែចង់ល្អីប៉ុណ្ណោះ ដើម្បីបានលុយធំ ហើយបានអះអាងថា នាងធ្លាប់ធ្វើការ នៅតាមក្លិបជាអ្នកលាយស្រា ហើយមិនមែនអាយុ ១៨ ឆ្នាំទេ ។ នាងមានអាយុច្រើន ប៉ុន្ដែចំណាយលុយធ្វើការវះ កាត់មុខ និង ចាក់ថ្នាំដើម្បីធ្វើឲ្យមុខក្មេងស្រស់ស្អាត។

តើប្រិយមិត្តគិតយ៉ាងណាចំពោះនារីម្នាក់នេះ?


ដោយ វីន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]