រាជធានីភ្នំពេញ ៖ ​ជន​ជាតិ​ចិន​ដីគោក​ម្នាក់​បាន​​បើក​រថយន្ត​ម៉ាក BMW ពណ៌​ទឹក​​ប៊ិច ​មួយ​គ្រឿង​​ដែល​ទើប​ទិញ​ពី​ល្ងា​ច​​បោះ​ពួយ​​ទៅ​បោក​​ផ្ទប់​នឹង​ផ្ទះ​ប្រជា​ពល​រដ្ឋ​តាម​ដង​ផ្លូវ និង​បុក​បង្គោល​ភ្លើង​​ បណ្តាល​ឱ្យ​​​ស្លាប់បាត់​បង់​ជីវិត​នៅ​តាម​ផ្លូវពេល​បញ្ជូន​​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត ដើម្បីសង្គ្រោះ​ ។ គ្រោះ​ថ្នាក់ចរាចរណ៍​​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់​ថ្ងៃទី​៣ មេសា នៅ​តាម​ផ្លូវ​ជាតិ​លេខ​៥ មុខ​វិហារ​អ៊ិស្លាម គីឡូ​ម៉ែត្រ​លេខ​៧ ​ក្នុង​ភូមិ​ក សង្កាត់​ច្រាំង​ចំរេះ​ទី​២ ខណ្ឌ​ឫស្សីកែវ ។

​ហេតុ​ការណ៍​​​បុក​​ដ៏​គួរ​ឱ្យ​រន្ធត់​នេះ ​បាន​​បណ្តាល​​ឱ្យ​កាំជណ្តើរ​ និងជញ្ជាំង​​ផ្ទះ​របស់​ប្រជា​ពល​រដ្ឋ​​ដែល​រស់​នៅអម​ផ្លូវ​​ ព្រម​ទាំង​​បង្គោល​ភ្លើង​​គោម​បំភ្លឺ​ផ្លូវ​​បែក​បាក់​រង​ការ​ខូច​ខាត​  ចំណែក​​​រថយន្ត​ក្រពឹត​រួញ​ទាំង​មុខ និង​ក្រោយ​។​ ជន​រង​គ្រោះ​​ស្លាប់​ក្នុង​គ្រោះថ្នាក់​ស​ចរាចរណ៍​នេះ​ឈ្មោះ​​ឈិន វ័ងឈ័ង ភេទ​ប្រុស​ អាយុ​២៨ឆ្នាំ ​ជា​ជន​ជាតិ​​ចិន​ដី​គោក មាន​លំនៅ​ផ្ទះ​លេខ​៣៦ ​ផ្លូវ​​ចោម​ចៅ ​ភូមិ​ត្រពាំង​ថ្លឹង សង្កាត់​​ចោមចៅ ខណ្ឌ​ពោធិ៍​​សែន​ជ័យ បាន​ស្លាប់​បាត់​បង់​ជីវិត​នៅ​តាម​ផ្លូវពេល​រថយន្ត​បញ្ជូន​​​ទៅ​កាន់​មន្ទីរ​ពេទ្យ​​កាល់​ម៉ែត ប៉ុន្តែ​មិន​ទាន់​ដល់​មន្ទីរ​ពេទ្យ​​ទេ គេ​បាន​ស្លាប់​ដោយ​សារ​​របួស​ធ្ងន់​ធ្ងរ​ពេក ។ ​

តាម​សាក្សី​​នៅ​កន្លែង​កើតហេតុ​​បាន​ឱ្យ​ដឹងថា ​​មុន​ពេល​កើតហេតុ​គេឃើញ​រថយន្ត​ម៉ាក BMW ​ពណ៌​ទឹក​ប៊ិច ​​ខាងលើ​ ​បើក​បរ​ដោយ​ជន​ជាតិ​ចិន​​ តែ​ម្នាក​ឯង​ធ្វើ​ដំណើរ​​តាម​ផ្លូវ​ជាតិ​លេខ​៥​ក្នុង​ទិស​ដៅ​ពីជើង​ទៅត្បូង​ចូលរាជធានី​ភ្នំពេញ ក្នុង​ល្បឿន​លឿន​ ។ នៅពេល​ធ្វើដំណើរ​​មក​ដល់​ចំណុច​កើតហេតុ​​មុខ​វិហារ​អ៊ិស្លាម​​គីឡូ​ម៉ែត្រ​លេខ​៧ ដែល​ជា​ផ្លូវ​កោង ស្រាប់តែ​វាក់​អឺ​នឹង​​រថយន្ត​មួយគ្រឿង​ទៀត​មក​ពី​មុខ​ ​ធ្វើដំណើរ​​បញ្ច្រាស​ទិស​​គ្នា​ក៏​បាន​ទាញ​ចង្កូត​គេច និង​ជាន់​ហ្វ្រាំង​ បណ្តាល​ឱ្យ​​រថយន្ត​រេ​ចង្កូត​អូស​​ទទឹង​​ខ្លួន​ប្រវែង​៤០​ម៉ែត្រ​ទៅ​បោក​​ផ្ទប់លំនៅ​ឋាន​លេខ​២៣៨៧ ​ផ្នែក​ខាង​ក្បាល និង​ចំហៀង​ខាង​ស្តាំ ។ ​ចំណែក​ផ្នែក​ខាង​ក្រោយ​​​ទៅ​បុក​បង្គោល​ភ្លើង​​​បំភ្លឺ​ផ្លូវ​បាក់​រួញ​ជាប់​គ្នា​ដែល​មើល​ទៅ​​រថយន្ត​ស្ទើរ​ក្លាយ​ជា​ខ្មោច​រថយន្ត​ទៅ​​ហើយ៕

បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]