ភ្នំពេញៈ យុវជនពីរនាក់ផឹកស្រវឹងធ្លាក់ភ្នែកជិះម៉ូតូ ជ្រុលទៅប៉ះជាមួយអ្នកជិះកង់ដួលត្រឡប់ត្រឡិន ម្នាក់ដេកដួល នៅលើចិញ្ចើមផ្លូវ និងម្នាក់ធ្លាក់ចូល ទៅក្នុងប្រឡាយក្បែរផ្លូវរងរបួសធ្ងន់ទាំងពីរនាក់ ដោយឡែកអ្នកជិះកង់មិនបាន រងរបួសនោះទេ។

ហេតុការណ៍ស្រវឹងស្រាជិះម៉ូតូបុកអ្នកជិះកង់ រហូតរងរបួសខ្លួនឯងនេះ បានកើតឡើងនៅខាងកើតវត្តកំបូល ភូមិត្រ ពាំងទួល សង្កាត់កំបូល ខណ្ឌពោធិ៍សែនជ័យ នាវេលាម៉ោង ៩ និង១០នាទីយប់ថ្ងៃទី០១ ខែឧសភា ឆ្នាំ២០១៣។

តែទោះជាយ៉ាងណាជនរងគ្រោះទាំងពីរនាក់ ត្រូវបានរថយន្តសង្គ្រោះរបស់អង្គភាព៧១១ កងពលតូច លេខ៧០ ដឹកយកទៅកាន់មន្ទីរកាល់ម៉ែត ដើម្បីជួយសង្គ្រោះភ្លាមៗផងដែរ។

បើយោងតាមប្រភពពីសាច់ញាតិរបស់យុវជនរងគ្រោះព្រោះស្រវឹងទាំងពីរនាក់ បានឲ្យដឹងថា ជនរងគ្រោះម្នាក់ ឈ្មោះ ហ៊ុន ហាវ អាយុ ២៥ឆ្នាំ ជាអ្នកបើកបរ រងរបួសរយះក្បាល និងដៃយ៉ាងដំណំ និងមិត្តភក្តិជាអ្នករួមដំណើរ ឈ្មោះ ឆឹង សុខហេង អាយុ ២៦ឆ្នាំ រងរបួសបែកក្បាលធ្ងន់ផងដែរ។ ជនរងគ្រោះទាំងពីរជាកម្មកររោងចក្រ ស្នាក់ នៅភូមិថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

សាក្សីនៅកន្លែងកើតហេតុបាននិយាយថា មុនពេលកើតហេតុគេឃើញម៉ូតូមួយគ្រឿង ម៉ាកយ៉ាមម៉ាហាហ្រ្វេស ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1S-8948 ជិះឌុបគ្នា ក្នុងទិសដៅពីកើតទៅលិច ដោយស្ថានភាពស្រវឹងជោកជាំ លុះដល់ចំណុចកើតហេតុ បានជ្រុលទៅប៉ះជាមួយកង់ក្មេងជាសិស្សសាលា ដែលទើបចេញពីរៀន បណ្តាលឲ្យ ដួលខ្លួនឯងត្រឡប់ត្រឡិន ដោយម្នាក់ខ្ទាតដេកដួលនៅលើចិញ្ចើមផ្លូវ និងម្នាក់ទៀតខ្ទាតទៅចូលក្នុងប្រឡាយទឹក ស្អុយដែលនៅអមដងផ្លូវនោះ បណ្តាលឲ្យរងរបួសធ្ងន់ទាំងពីរនាក់។ ដោយឡែកកូនសិស្សជិះកង់វិញ មិនរងរបួស នោះទេ ហើយក៏ជិះកង់បាត់ទៅ។

ភ្លាមនោះនគរបាលបានចុះទៅដល់កន្លែងកើតហេតុដោយឃើញស្ថានភាពធ្ងន់ធ្ងរពេក ក៏បានហៅរថយន្តសង្គ្រោះ មកដឹកយកទៅសង្គ្រោះនៅមន្ទីរកាល់ម៉ែត រីឯម៉ូតូត្រូវបានយកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលកំបូល។

នគរបាលបានឲ្យដឹងថា ជនរងគ្រោះទាំងពីរមិនដឹងថា ជាផឹកស៊ីនៅម្តុំណានោះទេ គឺស្រវឹងរហូតលែងដឹងអី គ្រាន់ តែសួរអត្តសញ្ញាណឆ្លើយម្តងចេះ ម្តងចុះក្នុងស្ថានភាពរវើរវាយ យកជាការមិនបាន ដូច្នេះករណីគ្រោះថ្នាក់ចរាចរ កើតឡើងនេះ ដោយសារតែផឹកជ្រុល នេះសំណាងល្អហើយក្មេង ជាសិស្សសាលាពុំមានរងរបួស៕



ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]