ថៃ៖ កាលពីថ្ងៃ០៣ ខែសីហាកន្លងទៅនេះ មានករណីឃាតកម្មមួយបានកើតឡើង ទៅលើស្ត្រីចំណាស់ម្នាក់ឈ្មោះថា Banyat Kanthong វ័យ៧៧ឆ្នាំ ដែលត្រូវជាជាងកាត់សក់ក្នុងហាងមួយកន្លែងក្នុងខេត្ត Phitsanulok ប្រទេសថៃ។

ជាមួយគ្នានេះដែរ បន្ទាប់ពីបានប្រទះឃើញសាកសពដេកស្លាប់ក្នុងថ្លុកឈាមក្នុងបន្ទប់ទឹករួចមក កូនប្រសារស្រីរបស់ជនរងគ្រោះ បានប្រញាប់ប្រញាល់ធ្វើការរាយការណ៍ទៅកាន់ប៉ូលិសភ្លាមៗផងដែរ។

ក្រោយមក ប៉ូលិសបានធ្វើកោសល្យវិច័យទៅលើសាកសព និងរកឃើញមានស្នាមកាំបិតនៅលើ.ក ដែលមុតជ្រៅប្រវែងប្រមាណ១៥សង់ទីម៉ែត្រ ហើយបាត់គ្រឿងអលង្ការពីខ្លួន ដូចជាខ្សែដៃ ខ្សែ.ក រួមទាំងចិញ្ចៀន។

បើយោងតាមសាក្សី និងកាមេរ៉ាសុវត្ថិភាព បានឲ្យដឹងថា នារីដៃដល់បានដើរចូលទៅក្នុងហាងកាត់សក់ នាវេលាម៉ោង៩:០០នាទីព្រឹក មុនពេលកើតហេតុខាងលើ។ ហើយមិនយូរប៉ុន្មាន នារីដៃដល់ បានចាកចេញពីហាងកាត់សក់ទាំងប្រញាប់ប្រញាល់ និងជិះម៉ូតូពណ៌ក្រហមគេចខ្លួនពីកន្លែងកើតហេតុបាត់ទៅ។

លុះមកដល់ថ្ងៃទី០៤ ខែសីហា ប៉ូលិស បានកំណត់ភិនភាគរបស់នារីដៃដល់ និងម៉ូតូ ហើយក៏បានធ្វើការចាប់ខ្លួននាង ដើម្បីសាកសួរចម្លើយផងដែរ។ 

នារីដៃដល់មានឈ្មោះថា Araya Sra-On វ័យ២២ឆ្នាំ បានសារភាពប្រាប់ថា នាងហ៊ានលើកដៃសម្លាប់ស្ត្រីរងគ្រោះ ដោយសារតែនាងមិនពេញចិត្តនឹងម៉ូតសក់ដែលបានកាត់រួច។

បើទោះជាយ៉ាងណាក្ដី ប៉ូលិសមិនទាន់ជឿទាំងស្រុងឡើយចំពោះមូលហេតុនៃការសម្លាប់នេះ ហើយការស៊ើបអង្កេតនឹងបន្ដដំណើរការបន្ថែមទៀត។ ចំណែកគ្រឿងអលង្ការមិនទាន់រកឃើញឡើយ ដែលប៉ូលិសសង្ស័យថា នារីដៃដល់បានបោះចោលតាមផ្លូវ ខណៈពេលព្យាយាមជិះម៉ូតូចេញពីកន្លែងកើតហេតុ។ 

យ៉ាងណាមិញ ឥឡូវនេះ នារីដៃដល់កំពុងស្ថិតនៅក្រោមការឃុំខ្លួនរបស់ប៉ូលិស ពីបទឃាតកម្ម និងប្លន់យកទ្រព្យសម្បត្តិដោយចេតនា៕

សូមទស្សនារូបភាពខាងក្រោម៖

នារីដៃដល់
ទីតាំងកើតហេតុ
ទីតាំងកើតហេតុ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]