ប៉េកាំង៖ រដ្ឋមន្រ្តីក្រសួងការពារជាតិចិន បានធ្វើការស្តីបន្ទោសនិងឱ្យប្រទេសឥណ្ឌាទទួលខុសត្រូវទាំងស្រុង ចំពោះការកើនឡើងភាពតានតឹងនៃបញ្ហាជម្លោះព្រំដែនរវាងប្រទេសចិន-ឥណ្ឌា។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
លោក Wei Fenghe រដ្ឋមន្រ្តីក្រសួងការពារជាតិចិន បានលើកឡើងនៅថ្ងៃសៅរ៍នេះយ៉ាងដូច្នេះថា៖
បញ្ហាព្រំដែនថ្មីៗនេះបានជះឥទ្ធិពលយ៉ាងខ្លាំង ដល់ទំនាក់ទំនងរវាងប្រទេសចិននិងឥណ្ឌា។ ហើយមូលហេតុនិងស្ថានភាពជាក់ស្តែង ដែលបណ្តាលឱ្យមានភាពតានតឹងនៅតាមព្រំដែនបច្ចុប្បន្ននេះ គឺច្បាស់ណាស់ថា ភាគីឥណ្ឌាតែម្នាក់គត់ជាអ្នកបង្កឡើង។

លោក Wei Fenghe បន្តថា៖
ដើម្បីដោះស្រាយបញ្ហានេះ ភាគីទាំងពីរត្រូវតែបំពេញកិច្ចព្រមព្រៀងសំខាន់ៗ ដែលសម្រេចដោយប្រធានាធិបតីចិនលោក ស៊ី ជីនពីង និងនាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី ហើយត្រូវទទូចយ៉ាងម៉ឺងម៉ាត់ចំពោះការដោះស្រាយបញ្ហានានា តាមរយៈកិច្ចពិភាក្សា និងការពិគ្រោះយោបល់។

រដ្ឋមន្រ្តីក្រសួងការពារជាតិចិនរូបនេះ បានសម្តែងក្តីសង្ឃឹមថា ភាគីឥណ្ឌានឹងគោរពកិច្ចព្រមព្រៀងទ្វេភាគី។ ហើយក៏សង្ឃឹមដែរថា ប្រទេសទាំងពីរនឹងអាចគ្រប់គ្រងកម្លាំងទ័ពរៀងៗខ្លួន ដើម្បីបញ្ចៀសនូវភាពតានតឹង ក៏ដូចជាការពារមិនឱ្យឈានដល់ការប៉ះទង្គិចគ្នាជាបន្តទៀតឡើយ៕
