កំពង់ឆ្នាំង:  គ្រោះធម្មជាតិរន្ទះបាញ់បានសម្លាប់បុរសជនជាតិឥស្លាម ម្នាក់ខណៈកំពុងបើក កាណូតមកពី បង់សំណាញ់ ដលពាក់កណា្តលផ្លូវ ។ ហេតុការណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង២រសៀល ថ្ងៃទី0១ ខែឧសភា ឆ្នាំ២០១៣ នៅត្រង់ចំណុចកោះពាមញ័រ ក្នុងឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច នគរបាលប៉ិស្តិ៍ផ្សារឆ្នាំង ដែលស្រង់សំដីរបស់កូនប្រុសច្បង ជនរងគ្រោះឈ្មោះ សុះ ម៉ើមោសា អាយុ ២៣ឆ្នាំ បានឲ្យដឹងថា ជនរងគ្រោះដែល ត្រូវរន្ទៈបាញ់ធ្លាក់ទឹកស្លាប់ ឈ្មោះ សុះ ម៉ើ អាយុ៦៦ឆ្នាំ ត្រូវជាឪពុក មានស្រុកកំណើត នៅភូមិចាមលើ ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល បច្ចុប្បន្នមកស្នាក់ ប្រកបរបរនេសាទ បណ្តោះអាសន្ន នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ។

សុះ ម៉ើម៉ូសា បានរៀបរាប់បន្តឲ្យដឹងថា រូបគេបានរួមដំណើរ ជាមួយនិងឪពុក ដែលជាជនរងគ្រោះ រួមនិងប្អូនៗ ប្រុសចំនួន ៣នាក់ទៀត សរុប៥នាក់ ខណៈកំពុងបើកកាណូត មកពីបង់សំណាញ់ ដោយឪពុករបស់ គេជាអ្នក បើកកាណូត មកដល់ចំណុចកើត ហេតុខាងលើ ស្រាប់តែមេឃ កលរកភ្លៀងរលឹមស្រិចៗ លាយឡំខ្យល់ ក៏ស្រាប់តែរន្ទះបាញ់ ចំម៉ាស៊ីនកាណូត បីឡុក បណ្តាលអោយ ឪពុករបស់ពួកគេ បានធ្លាក់ទៅក្នុងទឹក ដែលមានជម្រៅជ្រៅ ។ ពួកគេទាំង៤នាក់បងប្អូន ខណៈឃើញរន្ទះបាញ់ឪពុកធ្លាក់ចូលទៅក្នុងទឹកដូច្នេះ ក៍នាំគ្នាមុជរាវរក ប៉ុន្តែដោយសារទឹកជ្រៅ ពេកមិនអាចទ្រាំទ្រ ក្នុងការមុជរាវរកនោះ ។

យុវជន សុះ ម៉ើម៉ូសា ក៏បានឲ្យប្អូនប្រុសរបស់គេធ្វើដំណើរទៅតាម អ្នកភូមិយកម៉ាស៊ីនខ្យល់ នាំគ្នាទៅមុជរាវ រកឃើញ នៅវេលាម៉ោង៥ល្ងាច ថ្ងៃកើតហេតុខាងលើ ។

សពជនរងគ្រោះត្រូវបានក្រុមគ្រួសារសាច់ញាតិ ចាត់ចែងធ្វើបុណ្យ ទៅតាមប្រពៃណីបងប្អូនខ្មែរឥស្លាម។ ពេលនោះ ចៅសង្កាត់ផ្សារឆ្នាំង លោកស្រី ភួន ឈុយអេង បានចូលរួមបុណ្យរំលែកទុក្ខ នូវថវិកា ៥ម៉ឺនរៀល ព្រមទាំងអ្នក យកពត៌មានយើង ក៏បានចូលរួមបុណ្យរំលែកទុក្ខ ខាងលើនេះផងដែរ៕

ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]