បុរសម្នាក់ដែលជាអ្នកស្ទូចត្រី ត្រូវបានស្លាប់បន្ទាប់ពី ត្រូវសត្វកាស្ទ័រ (braver) ខាំនៅពេលដែលព្យាយាមថតរូបសត្វនេះ។

យោងទៅតាមប្រភពព័ត៌មានបរទេសបានឲ្យដឹងថា បុរសនេះ បានធ្វើដំណើរទៅលេងបឹង Shestakov ដែលជាបឹងមួយនៅក្នុងសាធារណៈរដ្ឋ Belarus ជាមួយនឹងមិត្ដភិក្ដ២នាក់ទៀត ដែលនៅពេលនោះ ក៏ប្រទះឃើញ សត្វកាស្ទ័រនេះ នៅចំហៀងផ្លូវតែម្ដង។ នៅពេលនោះ បុរសជាជនរងគ្រោះនេះ បានឈប់ និងទាញកាមេរ៉ាយកមកថតរូប ប៉ុន្ដែបែរជាសត្វនោះហក់មកខាំភ្លៅបុរសនេះទៅវិញ។ ភ្លាមៗនោះ មិត្ដភិក្ដដែលបានឃើញហេតុការណ៍នេះ ក៏ស្ទុះទៅទាញសត្វនោះចេញ និងជួយទប់ឈាម តែឈាមនៅតែបន្ដហូររហូតធ្វើឲ្យ បុរសនេះស្លាប់តែម្ដង។ យ៉ាងណាមិញ តាមអ្នកជំនាញបាននិយាយថា សត្វកាស្ទ័រគឺជាសត្វមួយដ៏កម្រ ក្នុងការវាយប្រហារមនុស្ស ដែលសត្វនេះត្រូវបានគេប្រៀបធៀបដូចជា សត្វទន្សាយដែល មនុស្សអាចនៅក្បែរបាន។

ទោះជាយ៉ាងណា សម្រាប់ករណីបែបនេះ ក៏ធ្លាប់បានកើតឡើងដែរ តែអ្នកដែលទាំងនោះ មិនបានរងគ្រោះរហូតដល់ថ្នាក់ស្លាប់នោះដូចជា កាលពីសប្ដាហ៍មុននេះ វីដេអូមួយត្រូវបានគេបញ្ចូលទៅក្នុង YouTube ដែលបានបង្ហាញពី បុរសម្នាក់នៅក្នុងតំបន់ Tver ភាគខាងជើងឆៀងខាងលិច នៃម៉ូស្គូ បានរត់យ៉ាងឆ្ងាយពី សត្វកាស្ទ័រនេះ បន្ទាប់ពីវាដេញតាមខាំ ឬកកេរ នៅពេលដែលបុរសនេះកំពុងតែថតខ្សែភាពយន្ដ។ មួយវិញទៀត កាលពីឆ្នាំមុន នៅក្នុងសហរដ្ឋអាមេរិក មាននារី២នាក់ ត្រូវបានកាស្ទ័រនេះហក់មកខាំ និងកកេរនៅក្នុងបឹងមួយ នៃ Virginia ខណៈពេលដែលពួកគេកំពុងតែហែលទឹកលេង ដែលនៅពេលនោះ ពួកគេបានរបួសយ៉ាងធ្ងន់ធ្ងរ តែមិនស្លាប់នោះទេ។

សម្រាប់សត្វ កាស្ទ័រត្រូវបានគេចាត់ទុក ជាសត្វទី២ ជំនាញខាងកកេរនៅលើពិភពលោកនេះ។ 

តើប្រិយមិត្ដយល់យ៉ាងណា?



កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]