ម៉ិកស៊ីកូ៖ ក្រុមអ្នកស្រាវជ្រាវបុរាណវិទ្យាបាននិយាយថា ការធ្វើកំណាយរកឃើញគ្រោងឆ្អឹងសត្វដំរី Mammoth យ៉ាងតិច ២០០ក្បាល នៅជិតទីក្រុងម៉ិកស៊ិកូ អាចជួយពន្យល់ពីមូលហេតុ នៃការស្លាប់ផុតពូជសត្វប្រភេទនេះ។ ដំរី Mammoth ដែលជាប្រភេទសត្វមាឌនិងភ្លុកធំ ដោយខ្លះមានទាំងរោមវែងៗផងនោះ ធ្លាប់មានវត្តមានលើផែនដីយើងអស់រយៈប្រហែល ៥លានឆ្នាំ មុនពេលស្លាប់ផុតពូជក្នុងរយៈពេល ៤ពាន់ឆ្នាំចុងក្រោយ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
ក្រុមអ្នកជំនាញនៅតែធ្វើកំណាយរកឃើញឆ្អឹងនិងភ្លុកដំរី Mammoth ជាបន្តបន្ទាប់ក្នុងទីតាំងមួយ ដែលជាការដ្ឋានសាងសង់ព្រលានយន្តហោះថ្មីមួយកន្លែង ចម្ងាយប្រហែល ៥០គីឡូម៉ែត្រ ភាគខាងជើងឈៀងខាងកើតនៃទីក្រុងម៉ិកស៊ីកូ ប្រទេសម៉ិកស៊ីក។ ហើយបើយោងតាមការអង្កេតនិងការពិសោធន៍រួចមក ក្រុមអ្នកជំនាញបានរកឃើញថា សត្វដំរីទាំងនេះ អាចនឹងត្រូវបានសម្លាប់ដោយមនុស្សសម័យបុរាណ ចន្លោះពី ១ម៉ឺន ទៅ ២ម៉ឺនឆ្នាំមុន។

លោក Rubén Manzanilla López ដែលជាអ្នកបុរាណវិទូមកពីវិទ្យាស្ថានជាតិនរវិទ្យានិងប្រវត្តិសាស្ត្របានលើកឡើងដូច្នេះថា៖
ពួកយើងបានរកឃើញឆ្អឹងនិងភ្លុកដំរី Mammoth ប្រហែល ២០០ក្បាល ឆ្អឹងអូដ្ឋប្រហែល ២៥ក្បាល និងឆ្អឹងសេះ ៥ក្បាល ដែលបានស្លាប់នៅក្នុងអន្ទាក់រណ្តៅ ត្រូវបានជីកដោយមនុស្សកាលពីសម័យដើម។ ហើយលើសពីនេះ យើងក៏បានរកឃើញឧបករណ៍ប្រើប្រាស់មួយចំនួន ដែលធ្វើពីឆ្អឹងដំរី Mammoth ផងដែរ។

គួរជម្រាបដែរថា បច្ចុប្បន្ន ក្រុមអ្នកបុរាណវិទូនៅតែបន្តស្រាវជ្រាវ និងវិភាគទៅលើគ្រោងឆ្អឹងសត្វទាំងនេះ ដើម្បីរកឱ្យឃើញកាន់តែច្បាស់ ថាតើការផុតពូជពិតប្រាកដរបស់ពពួកសត្វដំរី Mammoth គឺបណ្តាលមកពីកត្តាមនុស្ស ឬ ក៏ដោយសារបុព្វហេតុនៃធម្មជាតិ៕
