ចិន៖ ថ្មីៗនេះ មានរឿងគួរដ៏ឲ្យសង្វេគមួយ បានកើតឡើងនៅក្នុងប្រទេសចិន ដោយប្រទះឃើញទារិកាទើបនឹងកើតម្នាក់ ដែលត្រូវម្ដាយវ័យ១៩ឆ្នាំ យកទៅបោះចោលលើចិញ្ចើមផ្លូវក្នុងទីក្រុង Zhuji

ប្រភពព័ត៌មានបានឲ្យដឹងថា ទារិការូបនោះ ត្រូវបានប្រទះឃើញកាលពីថ្ងៃទី១៦ ខែសីហាកន្លងទៅ ដោយអ្នកស្រុកម្នាក់ដែលមាននាមត្រកូលថា Luo។ ខណៈពេលលោក Luo កំពុងធ្វើដំណើរដោយថ្មើងជើងឆ្ពោះទៅកាន់រោងចក្រដែលលោកធ្វើការ ក៏ស្រាប់តែបានឮសូរសំឡេងក្មេងយំ ហើយភ្លាមៗនោះ ក៏ប្រទះឃើញទារិកាអាក្រាតកាយម្នាក់នៅលើចិញ្ចើមផ្លូវ ដោយរុំក្នុងថង់ផ្លាស្ទិក រួមទាំងមានសម្លៀកបំពាក់មួយចំនួនផងដែរ។ បន្ទាប់មក លោកបានប្រញាប់ប្រញាល់ទាក់ទងទៅកាន់ប៉ូលិស ហើយលុះពេលប៉ូលិសចុះមកដល់កន្លែងកើតហេតុ ទារិកាក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដើម្បីត្រួតពិនិត្យ។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត បានពិនិត្យឃើញថា ទារិកាមានសុខភាពល្អ ហើយគេទើបតែកើតបានតិចជាង៧២ម៉ោងប៉ុណ្ណោះ។

ជុំវិញករណីនេះ ប៉ូលិសបានដាក់ការស៊ើបអង្កេត ហើយមិនយូរប៉ុន្មាន ក៏អាចរកឃើញភិនភាគនារីជាម្ដាយតាមរយៈកាមេរ៉ាសុវត្ថិភាព ដែលកំពុងដើរកាន់ថង់ផ្លាស្ទិក និងមានទារិកាក្នុងនោះ ដោយក្រឡេកមើលមនុស្សជុំវិញខ្លួន មុនពេលនាងទម្លាក់ថង់ចុះ។ នារីជាម្ដាយមានឈ្មោះហៅក្រៅថា Xiao Qin បានសារភាពពីកំហុសរបស់ខ្លួន នៅពេលដែលប៉ូលិសចុះទៅដល់កន្លែងរបស់នាងធ្វើការផងដែរ។

នាង Xiao Qin វ័យ១៩ឆ្នាំ បានរៀបរាប់ឲ្យដឹងថា នាងគឺជាពលករចំណាកស្រុកមកពីភាគកណ្ដាលប្រទេសចិន ដើម្បីស្វែងរកការងារធ្វើនៅភាគខាងកើតប្រទេសចិន តាំងពីឆ្នាំមុនម៉្លេះ។ ហើយមុនពេលចាកចេញពីស្រុកកំណើត នាងបានចែកផ្លូវជាមួយមិត្តប្រុស ដែលរួមរស់ជាមួយគ្នាបានចំនួន៦ខែ ទាំងមិនទាន់រៀបការ។ ហើយនាងទើបតែដឹងថាខ្លួនមានផ្ទៃពោះពេលមកដល់ទីក្រុង Zhuji។ ទន្ទឹមនឹងនេះ នាងមានការព្រួយបារម្ភពីប្រតិកម្មរបស់គ្រួសារ និងមិត្តភក្ដិ ហើយនាងក៏សម្រេចចិត្តលាក់រឿងជាការសម្ងាត់ និងតែងតែស្លៀកពាក់បែបបិទបាំង នៅពេលទៅធ្វើការ។

លុះមកដល់ថ្ងៃទី១៥ ខែសីហា នាងស្រាប់តែបែកទឹកភ្លោះខណៈពេលកំពុងធ្វើការ ហើយភ្លាមៗនោះ នាងបានសុំថៅកែឈប់សម្រាក និងប្រញាប់ប្រញាល់ទៅបន្ទប់ជួល ដើម្បីព្យាយាមសម្រាលកូនក្នុងបន្ទប់ដោយខ្លួនឯងផ្ទាល់។ ក្រោយមក នាងគិតថា នាងមិនអាចមានលទ្ធភាពចិញ្ចឹមកូនបានឡើយ ទើបសម្រេចចិត្តយកកូនទៅបោះបង់ចោលលើចិញ្ចើមផ្លូវ បន្ទាប់ពីសម្រាលហើយបានប៉ុន្មានម៉ោងប៉ុណ្ណោះ។

យ៉ាងណាមិញ ក្រោយពីដឹងរឿងរ៉ាវខាងលើនេះរួចមក ក្រុមគ្រួសាររបស់នាង Xiao Qin បានធ្វើដំណើរមកកាន់ទីក្រុង Zhuji ដើម្បីដោះស្រាយ និងទទួលយកទារិកាទៅមើលថែផងដែរ។ ហើយនាង Xiao Qin ត្រូវបានប៉ូលិសចាប់ឃុំខ្លួន ខណៈពេលការស៊ើបអង្កេតបន្ថែមកំពុងបន្ត៕

សូមទស្សនារូបភាពនិងវីដេអូខាងក្រោម៖

ស្ដ្រីជាម្ដាយ
ទារិកាដែលម្ដាយបោះបង់ចោល
ទារិកាដែលម្ដាយបោះបង់ចោល
ទារិកាដែលម្ដាយបោះបង់ចោល
ទារិកានៅឯមន្ទីរពេទ្យ
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ