លីបង់៖ យោធាលីបង់នៅថ្ងៃព្រហស្បតិ៍នេះបានរកឃើញអាម៉ូញ៉ូមនីត្រាតច្រើនជាងបួនតោន នៅជិតកំពុងផែបៃរូតដែលជាកន្លែងផ្ទុះដ៏សាហាវ និងបានសម្លាប់មនុស្សជិត២០០នាក់ កាលពីខែមុន។ យោធាបាននិយាយថា អ្នកជំនាញផ្នែកយោធាត្រូវបានកោះហៅឲ្យធ្វើការត្រួតពិនិត្យ ហើយបានរកឃើញសារធាតុគីមីគ្រោះថ្នាក់នៅក្នុងកុងតឺន័រចំនួន៤ នៅជិតកំពង់ផែ។ មិនមានព័ត៌មានលម្អិតអំពីប្រភពដើមនៃសារធាតុគីមី ឬម្ចាស់របស់វាទេ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
យោធាបាននិយាយថា មន្ត្រីគយបានកោះហៅកងទ័ព ដើម្បីត្រួតពិនិត្យកុងតឺន័រនៅរោងចក្រមួយ ក្បែរកំពង់ផែដែលពួកបានរកឃើញអាម៉ូញ៉ូមនីត្រាត។ របាយការណ៍នោះបាននិយាយថា ក្រុមអ្នកជំនាញយោធាកំពុងដោះស្រាយជាមួយសារធាតុទាំងនេះ ដែលជាក់ស្ដែងឯកសាររបស់វាត្រូវបានគេបំផ្លាញ។

ប្រធានកំពង់ផែគឺលោក Bassem al-Qaisi បានប្រាប់អ្នកយកព័ត៌មានថា មានកុងតឺន័រចំនួន៤៣ដែលផ្ទុកនូវវត្ថុងាយឆេះ ដែលនៅសល់នៅក្នុងតំបន់ ដោយបន្ថែមថាកងទ័ពកំពុងប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បីរក្សាទុកកុងតឺន័រទាំងនោះឲ្យមានសុវត្ថិភាព។
ប៉ុន្មានថ្ងៃបន្ទាប់ពីការផ្ទុះកាលពីថ្ងៃទី៤ ខែសីហា អ្នកជំនាញគីមីបារាំងនិងអ៊ីតាលី ដែលកំពុងធ្វើការនៅឯកំពង់ផែនេះ បានកំណត់អត្តសញ្ញាណកុងតឺន័រច្រើនជាង២០ ដែលមានផ្ទុកសារធាតុគីមីគ្រោះថ្នាក់។ កងទ័ពបាននិយាយថា ក្រោយមកកុងតឺន័រទាំងនោះត្រូវបានរើ និងរក្សាទុកដោយសុវត្ថិភាព នៅទីតាំងឆ្ងាយពីកំពង់ផែ៕