ស្លុតចិត្ដណាស់! បុរសថៃម្នាក់ ខំរត់តាក់ស៊ីបណ្តើរ ដាក់អុកស៊ីសែនបណ្តើរ ដើម្បីជីវភាព

//s6.kh1.co/7c/7c650544bdb2be764e3dd1a6be44f0a8fd26a39b.jpg
សង្គម

 ០៣-កញ្ញា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ថ្មីៗនេះ ស្ត្រីម្នាក់ឈ្មោះថា​ Nongying Chuaibamrung បានចែករំលែកនូវរូបភាព និងរឿងរ៉ាវជីវិតដ៏កម្សត់របស់បុរសអ្នករត់តាក់សុីម្នាក់ ទៅលើបណ្ដាញសង្គម

ថៃ៖ កាលពីថ្ងៃទី២៦ ខែសីហាកន្លងទៅនេះ ស្ត្រីម្នាក់ឈ្មោះថា​ Nongying Chuaibamrung បានចែករំលែកនូវរូបភាព និងរឿងរ៉ាវជីវិតដ៏កម្សត់របស់បុរសអ្នករត់តាក់សុីម្នាក់ ទៅលើបណ្ដាញសង្គម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នាង Nongying ដែលជាអ្នកដំណើរបានរៀបរាប់ឲ្យដឹងថា ពេលឡើងជិះតាក់សុីដំបូង នាងមិនបានចាប់អារម្មណ៍អ្វីច្រើនឡើយ ព្រោះកំពុងផ្ដោតអារម្មណ៍និយាយទូរសព្ទ។ ទន្ទឹមនឹងនេះដែរ នាងមិនសប្បាយចិត្តសោះ ក្រោយពីកត់សម្គាល់ឃើញថា តាក់សុីបានបើកបរក្នុងល្បឿនយ៉ាងយឺត។ លុះពេលនាងដាក់ទូរសព្ទចុះ បុរសដែលជាអ្នកបើកតាក់សុី បានពឹងឲ្យនាងពិនិត្យមើលថា តើក្នុងបំពង់អុកសុីសែននៅខាងក្រោយកៅអីរបស់គាត់ មានពពុះឬអត់។ ក្រោយពីពិនិត្យមើលរួចរាល់មក នាងក៏បានសួរនាំពីបញ្ហាទៅកាន់អ្នកបើកតាក់សុីតែម្ដង ហើយអ្នកបើកតាក់សុី ក៏បាននិយាយថា៖

ខ្ញុំមានជំងឺច្រើនមុខណាស់​​ ភ្នែករបស់ខ្ញុំមិនសូវល្អ និងតម្រងនោមក៏ដំណើរការមិនល្អដែរ។ ម្យ៉ាងវិញទៀត ដោយសារតែមានជំងឺទឹកចូលសួត ដូច្នេះក៏ត្រូវតែមានអុកស៊ីសែនតាមខ្លួនផងដែរ។

លោក Sumeth

នៅពេលនាង​ Nongying​​​​​​​​​​ សាកសួរបន្ថែម គាត់បានប្រាប់ទៀតថា បច្ចុប្បន្នគាត់រស់នៅក្នុងបន្ទប់ជួលតែម្នាក់ឯងប៉ុណ្ណោះ ហើយរដ្ឋាភិបាលបានជួយឧបត្ថម្ភប្រាក់ត្រឹមតែ ៨០០បាតប៉ុណ្ណោះ (ប្រមាណ២៥ដុល្លារអាមេរិក) ក្នុងមួយខែ។ ដូច្នេះគាត់ត្រូវការប្រាក់បន្ថែមទៀត សម្រាប់បង់ថ្លៃផ្ទះ និងការហូបចុកប្រចាំថ្ងៃ។ ហើយដើម្បីទប់ទល់បញ្ហានេះ គាត់ក៏សម្រេចចិត្ដជួលតាក់ស៊ីគេរត់ ដើម្បីរកប្រាក់បន្ថែមផងដែរ។ យ៉ាងណាមិញ គាត់មិនចេញរត់តាក់សុីឡើយ ប្រសិនបើគាត់មិនស្រួលខ្លួន ឬរៀបចំមិនបានល្អ។ តែជាធម្មតា គាត់តែងតែបើកបរក្នុងល្បឿនយឺត ហើយនៅពេលដែលគាត់មិនស្រួលខ្លួនភ្លាមៗ គាត់នឹងសុំការអនុញ្ញាតពីភ្ញៀវអែបគៀន ដើម្បីសម្រាកបន្ដិច។

បន្ទាប់ពីបានដឹងរឿងរ៉ាវនេះហើយ នាង Nongying ពិតជាអាណិតគាត់ជាខ្លាំង ហើយក៏បានឲ្យលុយថែមពីលើថ្លៃជិះតាក់ស៊ី និងបង្ហោះរឿងនេះទៅលើបណ្ដាញសង្គម បន្ទាប់ពីសមីខ្លួនយល់ព្រម។ មិនយូរប៉ុន្មានរឿងរ៉ាវរបស់គាត់ បានរាលដាលយ៉ាងខ្លាំងលើបណ្ដាញសង្គម ហើយគាត់ត្រូវបានគេស្គាល់ឈ្មោះថា Sumeth Singpun និងមានជំងឺច្រើនមុខទៀតដូចជា ទឹកនោមផ្អែម ហើមជើង ហើយម្រាមមួយចំនួនត្រូវបានកាត់ចេញ ដោយសារជំងឺទៀតផង។

គួរឲ្យដឹងដែរថា លោក Sumeth ក៏មានកូនប្រុសអាយុ១៨ឆ្នាំម្នាក់ដែរ ប៉ុន្ដែការងាររបស់គេរកចំណូលបានទាបណាស់ ដូច្នេះគេអាចផ្ញើប្រាក់បន្ដិចបន្ដួចប៉ុណ្ណោះ ឲ្យទៅឪពុកជារៀងរាល់ខែ។ 

យ៉ាងណាក្ដី នៅថ្ងៃទី២៨ ខែសីហា ក្រុមអ្នកសារព័ត៌មានបានធ្វើដំណើរចុះទៅសួរសុខទុក្ខដល់បន្ទប់ជួល ហើយគាត់ក៏បានទទួលស្វាគមន៍ពួកគេដោយស្នាមញញឹមផងដែរ។

លោក Sumeth បានបន្ថែមទៀតថា សប្បុរសជនជាច្រើនបានមកលេង និងផ្ដល់អំណោយដល់គាត់ ហើយកូនប្រុសរបស់គាត់ក៏បានបង្កើតគណនីមូលនិធិមួយ និងទទួលបានប្រាក់ ១,១៨៩,៤៨៧បាត (ប្រហែល ៣៨,០០០ដុល្លារអាមេរិក) តែឥឡូវនេះ គណនីនោះបានបិទហើយ។

យ៉ាងណាមិញ ប្រាក់ដែលទទួលបានទាំងនោះ គាត់នឹងយកទៅទិញផ្ទះតូចល្មមមួយ ក៏ដូចជាទុកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ព្យាបាល​ខ្លួនជាដើម ហើយគាត់នឹងមិនបន្ដការងារជាអ្នករត់តាក់ស៊ីទៀតទេ គឺតាមអ្វីដែលមនុស្សជាច្រើនបានសំណូមពរ។ ទន្ទឹមនឹងនេះ គាត់នឹងស្វែងរកការងារថ្មីមួយ ដែលសមស្របសម្រាប់ខ្លួនគាត់ ហើយក៏សូមអរគុណទៅដល់អ្នកដែលបានបរិច្ចាគផងដែរ៕

សូមទស្សនារូបភាពខាងក្រោម៖

 លោក Sumeth
 លោក Sumeth
 លោក Sumeth
 លោក Sumeth
 លោក Sumeth
 លោក Sumeth
Chheng Bouthorng
B.T

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T