ស្រ្តីម្នាក់ដែលជាអ្នកដំណើរ ត្រូវបានរងរបួស ដោយសារធ្លាក់ចូល ក្នុងចន្លោះរវាងទ្វាររថភ្លើង MRT មួយខ្សែ និងខឿននៃស្ថានីយ៏រថភើ្លង ហើយនាងបាននិយាយថា នាងត្រូវបានគេរុញ។

យោងតាមប្រភពព័ត៌មាន ស្ទ៉ម របស់ប្រទេសសឹង្ហបុរី បានឲ្យដឹងថា ហេតុការណ៏ខាងលើ បានកើតឡើងនៅព្រឹកថ្ងៃពុធ កាលពីសប្តាហ៏មុន នៅស្ថានីយ៏រថភ្លើង Little India station ក្នុងប្រទេសសឹង្ហបុរី។ ស្រ្តីរងគ្រោះមានឈ្មោះថា អ៊ុង បាននិយាយប្រាប់ឲ្យដឹងថា នាងបានឈរនៅមាត់ទ្វារ ក្នុងរថភ្លើងមួយខ្សែ ដែលធ្វើដំណើរពី Farrer Park ទៅកាន់ HarbourFront ក្នុងប្រទេសសឹង្ហបុរី។ នាងបានបន្តទៀតថា នាងបានឈរនៅមាត់ទ្វាររថភ្លើង ដើម្បីបានចេញមុន ប៉ុន្តែត្រូវមនុស្សបីនាក់ ប្រជ្រៀតនាងចេញមុន ហើយរុញនាងពីក្រោយ ធ្វើឲ្យជើងរបស់នាងម្ខាង ធ្លាក់ចូលក្នុងចន្លោះ រវាងទ្វាររថភ្លើង និងខឿនស្ថានីយ៏រថភ្លើងតែម្តង។

ប្រភពដដែរបានបន្តទៀតថា នាងបានធ្លាក់ចូលក្នុងចម្លោះ រវាងទ្វាររថភ្លើង និងខឿនស្ថានីយ៏រថភ្លើងជម្រៅ ១០សង់ទីម៉ែត្រ ប៉ុន្តែត្រូវបានអ្នកដំណើរ ដែលនៅក្បែរនោះ ជួយលើកនាងឡើង ឲ្យរួចផុតពីគ្រោះថ្នាក់នេះ។ យ៉ាងណាមិញ ស្រ្តីរងគ្រោះបានរងរបួសជើង ហើយនាងបានលាបថ្នាំចំនួនពីរថ្ងៃ ទើបបាត់ឈឺត្រង់របួស ប៉ុន្តែវាបានបន្សល់ស្លាកស្នាមមួយយ៉ាងធំ ទំហំប៉ុនបាតដៃ។



ដោយ ៖ ប៊ី

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]