ទណ្ឌិត កាំង ហ្កេកអ៊ាវ ហៅ ឌុច អតីតមេគុកទួលស្លែងក្នុងរបបខ្មែរក្រហម បានទទួលមរណភាពនៅមន្ទីរពេទ្យមិត្តភាព​ខ្មែរសូវៀត នៅវេលាម៉ោង០០៖៥១នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២០នេះ ក្នុងអាយុ៧៨ឆ្នាំ។

ឌុច មានឈ្មោះដើមថា កាំង ហ្កេកអ៊ាវ កើតនៅ ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ១៩៤២ នៅភូមិពៅវើយ ឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ។ កាំង ហ្កេកអ៊ាវ គឺជាកូនកាត់ចិនមាន បងប្អូន បង្កើត៥នាក់ នៅក្នុងត្រកូលជាកសិករក្រីក្រ។

ទោះទទួលមរណភាពហើយក៏ពិតមែន តែទណ្ឌិត​​ឌុច ដែល​ធ្លាប់​ធ្វើ​ទារុណកម្ម ​និង​សម្លាប់​​ផ្តាច់ពូជ​ពលរដ្ឋមិនក្រោម ១ម៉ឺន២ពាន់​នាក់ ​ក្នុង​គុក​ទួល​ស្លែង នៅតែស្ថិតក្រោមការជជែកពីសង្គមខ្មែរ។ ជាការកត់សម្គាល់ ក្រោយមរណភាព​របស់លោក មានអ្នកប្រើប្រាស់បណ្តាញសង្គមមិនតិចទេ បានចែករំលែកយោបល់របស់ខ្លួនជាហូរហែ។ យោបល់នីមួយៗភាគច្រើនសុទ្ធតែពាក់ព័ន្ធជាមួយសកម្មភាពសម្លាប់មនុស្សផ្តាច់ពូជយ៉ាងឃោរឃៅរបស់លោកតាំងពីជាង ៤០ឆ្នាំមុន។ ក្នុងនោះមានមតិជាច្រើនបង្ហាញនូវការខឹងសម្បារពីអំពើឥតមនុស្សធម៌របស់ដែលបំផ្លាញជាតិឯង ខ្លះ​រំឭក​​​អតីត​កាលដែលឌុចបានបង្កលើសាច់ញាតិខ្លួន និងខ្លះទៀតរំលែកទុក្ខនៃគ្រួសាររបស់ទណ្ឌិតខាងលើ។

រូបភាពពីក្រសួងព័ត៌មាន

គួររំឭកថា កាំង ហ្កេកអ៊ាវ​ ហៅ​ឌុច អតីត​ប្រធាន​មន្ទីរស-២១​ឬ​ទួល​ស្លែង​ក្នុង​របប​ខ្មែរក្រហម​ត្រូវ​តុលាការ​កាត់​ទោស​ខ្មែរ​ក្រហម​ ឬ​ ​ECCC​ ​ដាក់​ទោស​អស់​មួយ​ជីវិត​ ​នា​គុក​ខេត្ត​កណ្តាល​ចំពោះ​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ ​ ​និង​ការ​បំពារបំពាន​យ៉ាង​ធ្ងន់​ធ្ងរ​លើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ​ ​ឆ្នាំ​១៩៤៩។​

​គេនៅចាំបានថា ក្នុង​សក្ខីកម្ម​របស់​ខ្លួន​នាដើមខែ មិថុនា​ ២០១៦ នៅ​​សវនាការ​ ​ក្នុងវ័យ​៧៤ឆ្នាំ ឌុច​ដែល​ធ្លាប់​ធ្វើ​ទារុណ​កម្ម​ និង​សម្លាប់​ ​មនុស្ស​ផ្តាច់ពូជ​​យ៉ាង​ហោច​ណាស់​១២.០០០​នាក់ ​ក្នុង​គុក​ទួល​ស្លែង​ ​បាន​បង្ហាញ​ថា ​ខ្លួន​គឺ​ទទួលការ​បញ្ជា​របស់​បក្ស​កុម្មុយនិស្ត​កម្ពុជា​ ​និង​ដោយ​ផ្ទាល់​ពី​ នួន ជា។ អតីត​ប្រធាន​មន្ទីរ​ស-២១ ឬ​ គុក​ទួលស្លែង​ក្នុង​របប​ខ្មែរ​ក្រហមរូបនេះអះអាងទៀត​ថា​ ខ្លួន​ទទួល​បញ្ជា​ពី​ នួន ជា ​ឲ្យ​«កម្ទេច​​ ​គុក​ទួលស្លែង»​ និង​សម្លាប់​អ្នក​ជាប់​ឃុំ​នៅ​ទីនោះ​ទាំង​អស់​នៅ​ក្នុង​នោះ​ ​ មុន​ពេល​ដែល​ ​កងទព័​វៀតណាម​ចូល​មក​ដល់​នា​ចុង​ឆ្នាំ​១៩៧៦៕។

សូមបញ្ជាក់ថា របប​ខ្មែរ​ក្រហម​ត្រូវ​បាន​គេ​ស្តី​បន្ទោស​ថា ​បាន​កាប់​សម្លាប់​ពលរដ្ឋ​ខ្មែរ​ជាង​១​លាន​៧​សែន​នាក់​ចន្លោះ​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។​ សាលាក្តី​កូន​កាត់​​ ECCC​ មួយ​នេះ ​ទើប​តែ​ ​កាត់​ទោស​បាន​ជន​ជាប់​ចោទ​ម្នាក់​គឺ​ដែល​ជា​ប្រធាន​គុក​ទួលស្លែង​គឺ​ កាំង​ ហ្កេកអ៊ាវ ​ហៅ​ឌុច​ ​តែ​ជន​ជាប់​ចោទ​ដទៃ​ទៀត​បាន​ស្លាប់​ ​មុន​ការ​កាត់​ទោស​ ​ហើយ​សព្វថ្ងៃ​នៅ​សល់​តែ​មេដឹក​នាំ​របប​នេះ​ ​តែ​ពីរ​រូប​តែ​ប៉ុណ្ណោះ​ ​ដែល​ប្រឈម​នឹង​ការ​កាត់​ទោស​ ​គឺ​ នួន ជា ​អតីត​បង​ធំ​ទី​២ ​និង​ ខៀវ សំផន​ អតីត​ប្រមុខ​រដ្ឋ​ខ្មែរ​ក្រហម​ ​ដែល​ស្ថិត​ក្នុង​សំណុំ​រឿង​០០២៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ