ភ្នំពេញៈ ជនសង្ស័យម្នាក់ត្រូវបាននគរបាល ព្រហ្មទណ្ឌខណ្ឌដង្កោធ្វើការឃាត់ខ្លួនកាលពី វេលាម៉ោង ១០និង ៣០នាទីព្រឹកថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១២ នៅត្រង់ចំណុចវត្តសំបួរមាស សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានី ភ្នំពេញ ពេលកំពុងធ្វើសកម្មភាពចូលលួចលុយ និងទូរស័ព្ទរបស់យាយជី និងព្រះសង្ឃនៅក្នុងវត្តសំបួរមាស។

បើតាមប្រភពព័ត៌មានពីលោកវរសេនីយ៍ត្រី នាក់ ណារ៉ូ ជាមន្រ្តីយុត្តិធម៌ក្នុងខណ្ឌដង្កោ បានឲ្យដឹងថា ជនសង្ស័យ ដែលឃាត់ខ្លួនខាងលើនេះ មានឈ្មោះ រស់ ចន្ថា ភេទប្រុស អាយុ ៣១ឆ្នាំ ស្នាក់នៅផ្ទះលេខ៣១ ក្រុមទី២ ភូមិ សំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

ប្រភពដដែលបានបន្តមុននឹងឈានដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនេះ បន្ទាប់ពីយាយជី និងព្រះសង្ឃ បានទូរស័ព្ទប្តឹងសមត្ថកិច្ចខណ្ឌដង្កោ។ ពេលទទួលបានពាក្យបណ្តឹង កម្លាំងសមត្ថកិច្ច ក៏បានចុះដល់ចំណុច និង ឃាត់ខ្លួនជនសង្ស័យតែម្តង ។

ជនសង្ស័យ រស់ ចន្ថា បានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចទូរស័ព្ទដៃរបស់ព្រះសង្ឃ និងលុយរបស់យាយ ជីពិតប្រាកដមែន ប៉ុន្តែជនសង្ស័យ បាននិយាយប្រកែកថា គេមិនបានលួចរូបបដិមាសំរឹទ្ធ ដែលមានទម្ងន់៤៥ គីឡូក្រាម ដែលបាត់កាលពីថ្ងៃទី០១ ខែមេសា ឆ្នាំ ២០១២ នោះទេ។

ពាក់ព័ន្ធ និងជនសង្ស័យខាងលើនេះ អាជ្ញាធរមូលដ្ឋានបានសន្និដ្ឋានថា ជនសង្ស័យអាចពាក់ព័ន្ធទៅនឹងសកម្ម ភាពលួចព្រះសំរឹទ្ធរយៈពេលប៉ុន្មានថ្ងៃកន្លងមកនេះ។ បច្ចុប្បន្នជនសង្ស័យត្រូវបានប៉ូលិសព្រហ្មទណ្ឌខណ្ឌដង្កោ ឃុំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់៕

ដោយៈ វាសនា

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]