ខេត្ដកំពត ៖ កាលពីវេលាម៉ោង៥និង៣០នាទីព្រឹកថ្ងៃទី៣០ មេសា ជនបរទសម្នាក់ត្រូវបានគេប្រទះឃើញ ដេកលើចិញ្ចើមផ្លូវជាតិលេខ៣ មុខផ្ទះលោកអភិបាលក្រុងកំពត ស្ថិតក្នុងភូមិក្រាំង សង្កាត់ក្រាំងអំពិល ក្រុងកំពត ។ ការប្រទះឃើញនេះ បានធ្វើឱ្យភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ និងអ្នកដំណើរតាមផ្លូវ ព្រមទាំងសមត្ថកិច្ចព្រហ្មទណ្ឌក្រុង និងប៉ុស្ដិ៍រដ្ឋបាលមកពិនិត្យ ដល់កន្លែងកើតហេតុ ដោយសមត្ថកិច្ចស្មានថា ជនបរទេសរូបនេះស្លាប់ ដោយសារមូលហេតុអ្វីមួយ ។

ក្រោយពីសមត្ថកិច្ចពិនិត្យឃើញ នៅមានដង្ហើមក៏ដាស់ឱ្យងើបឡើង ហើយជនបរទេសរូបនេះបាន ឡើងអង្គុយគ្រវីតែក្បាល ទោះបីសមត្ថកិច្ចព្យាយាមសួរមកពីណាទៅណា មូលហេតុអ្វីបាន ជាមកដេកនៅទីនេះ ក៏ពុំព្រមប្រាប់ដែរ ។ ក្រោយមក សមត្ថកិច្ចព្រហ្មទណ្ឌក្រុងបានលួង លោមរហូតដល់ជនបរទេសរូបនេះព្រម ឡើងជិះម៉ូតូជាមួយសមត្ថកិច្ចដឹកទៅកាន់អធិការដ្ឋាន នគរបាលក្រុងដើម្បីសួរនាំឱ្យដឹងមូលហេតុ ។

តាមការសួរនាំជនបរទេសរូបនេះប្រាប់ថា រូបគេជាជនជាតិអង់គ្លេស អាយុ៤១ឆ្នាំ ហើយមូលហេតុដែលដេកនៅទីនេះ ដោយសារស្រវឹងខ្លាំង ដើរវង្វេងផ្ទះជួលដែលខ្លួនស្នាក់នៅ គឺដេកតាំងពីពាក់កណ្ដាលអធ្រាត្រមកម៉្លេះ ។ ក្រោយពីឮជនបរទេសរូបនេះ ប្រាប់ឱ្យដឹងពីមូលហេតុដូច្នេះ ធ្វើឱ្យមន្ដ្រីសមត្ថកិច្ចហួសចិត្ដគ្រប់គ្នា ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]