វ៉ែល៖ ក្រុមអ្នកស្រាវជ្រាវនៅសាកលវិទ្យាល័យចក្រភពអង់គ្លេសបានស្រាយសត្វម៉ាំមីចំនួនបី នៅក្នុងសម័យអេហ្ស៊ីបបុរាណ ដោយធ្វើការស្កេនបែប 3D ក្នុងកម្រិតគុណភាពខ្ពស់។ ក្រុមអ្នកវិទ្យាសាស្ត្របានវះកាត់ពិនិត្យ ដើម្បីយល់ដឹងពីរបៀបដែលសត្វទាំងនេះបានរស់នៅ និងបានស្លាប់ជាង២,០០០ឆ្នាំមុន នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់សាកលវិទ្យាល័យ University of Swansea ក្នុងប្រទេសវ៉ែល។

ការស្រាវជ្រាវពីមុនបានបង្ហាញពី សាកសពម៉ាំមីដូចជាសត្វពស់ បក្សី និងឆ្មា ប៉ុន្តែឥឡូវនេះការស្កេនស៊ីធីមីក្រូកាំរស្មីអ៊ិចបានផ្ដល់នូវរូបភាពលម្អិត១០០ដង ច្រើនជាងការស្កេនស៊ីធីវេជ្ជសាស្ត្រ ដែលមានន័យថាអ្នកវិទ្យាសាស្ត្រអាចពិនិត្យមើលធ្មេញរបស់សត្វថែមទៀត។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា នៅសម័យបុរាណឆ្មានេះទើបតែមានអាយុតិចជាង៥ខែ ហើយការញែកឆ្អឹងខ្នងរបស់វាបានបង្ហាញថា វាត្រូវបានគេច្របាច់ករហូតដល់ស្លាប់ រីឯបក្សីត្រូវបានគេកំណត់អត្តសញ្ញាណថា ជាសត្វ  Eurasian kestrel នេះក៏ដោយសារតែការវាស់វែងឆ្អឹងជាក់ស្ដែង។

ចំណែកពស់វិញគឺជាកូនពស់វែកអេហ្ស៊ីប ហើយអ្នកវិទ្យាសាស្ត្របានរកឃើញភស្ដុតាងនៃការខូចខាតតម្រង់នោមរបស់វា ដែលមានន័យថាវាប្រហែលជាទទួលរងនូវការកង្វះទឹក និងវិវឌ្ឍទៅជារោគប្រគ្រីវ។ ក្រុមអ្នកស្រាវជ្រាវនិយាយថា ពស់វែកត្រូវបានសម្លាប់ដោយសកម្មភាពវាយ ហើយនៅក្នុងពិធីបញ្ចុះម៉ាំមី វាប្រហែលជាត្រូវបានគេបើកចំហមាត់។

ខ្មោចសត្វម៉ាំមីដូចជាឆ្មា ពស់ ក្រពើ និងឆ្កែ គឺជារឿងធម្មតាមួយក្នុងសម័យអេហ្ស៊ីបបុរាណ។ ពេលខ្លះពួកវាត្រូវបានគេបញ្ចុះជាមួយម្ចាស់របស់ពួកវា ឬក៏ផ្ដល់ជាប្រភពនៃអាហារក្នុងបរលោក។ ទោះជាយ៉ាងណា ភាគច្រើននៃខ្មោចសត្វម៉ាំមីត្រូវបានគេយកទៅធ្វើជាតង្វាយដល់ព្រះ៕

រូបភាព៖

ខ្មោចសត្វម៉ាំមី
ការស្កេនសត្វបក្សី
ការស្កេនសត្វពស់
ការស្កេនសត្វឆ្មា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ