រាជធានីភ្នំពេញ ៖ រថយន្តម៉ាកកាមរីហាយប្រ៊ីតស៊េរី២០០៩ ពណ៌ស មួយគ្រឿង បើកបរដោយបុរសម្នាក់ ដែលគេអះអាងថា ស្ថិតក្នុងស្ថានភាពស្រវឹង ដឹកស្រីស្នេហ៍ ចេញពីផឹកស៊ី បានបើក បោះពួយបុករនាំងដែក ខណ្ឌចែកមហាវិថីសហព័ន្ធរុស្ស៊ីពេញទំហឹង បណ្តាលឱ្យបាក់ចំនួន១០ផ្ទាំង ហើយរថយន្តបានព្យាយាម បើករត់គេចខ្លួន រហូតដល់ផ្លូវលេខ៥៩៨ មុខបណ្ណាល័យសម្តេចហ៊ុន សែន ត្រូវប៉ូលិស ដេញឃាត់បាន ។ គ្រោះថ្នាក់បុករនាំងដែកនេះ បានកើតឡើង កាលពីវេលាម៉ោង១២ និង៤៥នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី១ ឧសភា ២០១៣ នៅមហាវិថីសហព័ន្ធរុស្ស៊ី ម្តុំស្តុបទួលគោក មុខអគ្គនាយកដ្ឋានពន្ធដា ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តម៉ាកកាមរីហាយប្រ៊ីត ពណ៌ស ស៊េរី២០០៩មួយគ្រឿង បានធ្វើដំណើរដោយល្បឿនលឿន តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ក្នុងទិសដៅពីកើតទៅលិច ។នៅពេលធ្វើដំណើរ មកដល់ចំណុចកើតហេតុ ហួសស្តុបទួលគោកបន្តិច ក៏ស្រាប់តែរថយន្តបង្ក បានរេចង្កូតបុករះ រនាំងដែកចែកទ្រូងផ្លូវ បណ្តាលឱ្យបាក់អស់១០ផ្ទាំង បាក់រាបដល់ដីតែម្តង ។ បន្ទាប់ពីបុកបំផ្លាញទ្រព្យសម្បត្តិសាធារណៈរថយន្តមិនបានឈប់នោះទេ គឺបើករត់គេច ហើយត្រូវប៉ូលិសល្បាតខណ្ឌទួលគោក ដេញចាប់បាន នៅពេលដែលរថយន្ត បានបើករត់ទៅដល់ខាងជើង ស្ពានអាកាស៧មករា តាមផ្លូវលេខ ៥៩៨ មុខបណ្ណាល័យ ហ៊ុន សែន ក្នុងសង្កាត់ទឹកល្អក់ទី១ ។ នៅពេលឃាត់បានរថយន្តគេឃើញបុរសម្នាក់រួមទាំងស្រ្តីម្នាក់ដែលគេអះអាងថា ជាស្រីស្នេហ៍ស្ថិតនៅក្នុងស្ថានភាពស្រវឹង ដែលពួកគេប្រាប់ឱ្យដឹងថា ទើបតែចេញពីផឹកស៊ី។

នៅយប់នោះប៉ូលិសចរាចរខណ្ឌទួលគោក បានទាក់ទងហៅ ប៉ូលិសការិយាល័យចរាចរផ្លូវគោក ចុះមកស្ទួចយករថយន្ត និងនាំខ្លួន អ្នកបើកបរបញ្ជូនទៅកាន់ សាលារាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមផ្លូវច្បាប់ ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]