កំពង់ចាម ៖ ផ្ទះក្បឿង១មាន តំបូល៣ខ្នង និងផ្ទះក្បឿង១ទៀត មានដំបូល៤ខ្នង ត្រូវបានភ្លើងឆាបឆេះ ទាំងស្រុងខណៈ ម្ចាស់ផ្ទះមិននៅ និងមានការយឺតយ៉ាវ ក្នុងការផ្តល់ព័ត៌មាន ជូនសមត្ថកិច្ច។ អគ្គិភ័យនេះ បានឆាបឆេះ នៅវេលាម៉ោង ជាង៥ ព្រឹក ថ្ងៃទី១ ខែឧសភា ឆ្នាំ២០១៣ នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ហើយបានរលត់ជាស្ថាពរ បន្ទាប់ពីមាន អន្តរាគមន៍ពីរថយន្ត ពន្លត់អគ្គិភ័យរបស់ស្នងការដ្ឋាន នគរបាល ខេត្តកំពង់ចាម ប្រើទឹកអស់ជិត១០រថយន្ត ។

លោក សំ ផាត អធិការនគរបាលក្រុង កំពង់ចាម បានប្រាប់មជ្ឈមណ្ឌលព័ត៌មាន ដើមអម្ពិលឲ្យដឹងថា ម្ចាស់ផ្ទះទី១ មាន ឈ្មោះ លឹម ហេង ភេទស្រី អាយុ៧២ឆ្នាំ និងម្ចាស់ផ្ទះទី២ មានឈ្មោះ សេង ហុង ភេទស្រី អាយុ៨១ឆ្នាំ ។

លោក អធិការបានឲ្យដឹងទៀតថា ហេតុការណ៍អគ្គិភ័យខាងលើនោះ បើតាមការសន្និដ្ឋាន របស់សមត្ថកិច្ច គឺបណ្តាលមកពី ឆ្លងចរន្តអគ្គិសនី ចេញពីផ្ទះទី១ ។លោក អធិការបន្តថា ក្នុងពេលឆាបឆេះ ម្ចាស់ផ្ទះមិន បាននៅផ្ទះទេ គាត់បាន ទៅមន្ទីរពេទ្យ ។អធិការក្រុងកំពង់ចាម បានឲ្យដឹងទៀតថា អគ្គិភ័យខាងលើបាន រលត់ជាស្ថាពរ ក្រោយពីមានអន្តរាគមន៍ ពីសមត្ថកិច្ចពន្លត់អគ្គិភ័យខេត្តកំពង់ចាម ប្រើទឹកអស់ជិត១០រថយន្ត ។

ក្នុងហេតុការណ៍នោះផងដែរ គេឃើញវត្តមានរបស់លោក ឧត្តមសេនីយ៍ត្រី ឆាយ គឹមសុន ស្នងការនគរបាល ខេត្ត កំពង់ចាម បាន ចុះបញ្ចាផ្ទាល់ ដល់កន្លែងកើតហេតុ ដែលមានការបាញ់ទឹកពន្លត់ និងទប់ស្កាត់ភ្លាមៗ មិនឲ្យភ្លើងឆេះរាល ដាល ដល់ផ្ទះក្បែរៗនោះទេ។ ក្នុងហេតុការណ៍អគ្គិភ័យនេះផងដែរ មិនមានគ្រោះថ្នាក់ ដល់មនុស្សទេ ហើយនៅវេលា ម៉ោង ៨ព្រឹកថ្ងៃកើតហេតុនេះ សមត្ថកិច្ចនៅមិនទាន់ដឹងពីទំហំនៃការខូចខាតទ្រព្យសម្បត្តិ របស់ជនរងគ្រោះនៅឡើយទេ ៕











វីឌីអូពី ហ្វេសប៊ុក៖

ដោយ៖ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]