ភ្នំពេញ៖ ក្រោយពីបានចាប់ និងឃាត់ខ្លួននៅ ចំណុចភ្លើងស្តុប ពេទ្យលោកសង្ឃ ក្រោយពីបុកអ្នកជិះម៉ូតូ បណ្តលឲ្យស្លាប់ និងរងរបួស ស្រាលនោះ នៅរសៀលថ្ងៃទី២៩ ខែមេសាឆ្នាំ២០១៣ កម្លាំងនគរបាល ចរាចរជើងគោក រាជធានីភ្នំពេញ បានសម្រេចបញ្ជូនខ្លួន អ្នកបើករថយន្ត ម៉ាក FUSO ទៅកាន់តុលាការ ចាត់ការតាម ផ្លូវច្បាប់។

ប្រភព័ត៌មានពី មន្រ្តីសាលាដំបូង រាជធានីភ្នំពេញ បានឲ្យដឹងថា ក្រោយពីកម្លាំង នគរបាល ចរាចរជើងគោក បញ្ជូនអ្នកបើករថយន្តបង្ក គ្រោះថ្នាក់ ចរាចរណ៍ ខាងលើនេះ ទៅកាន់តុលាការ រួចមកនោះ ព្រះរាជអាជ្ញារង បានសម្រេច ធ្វើការចោទ ប្រកាន់ជននេះ តាមមាត្រា ៥៤៣ នៃក្រមព្រហ្មទណ្ឌ ។

មន្រ្តីសាលាដំបូងបាន បន្តទៀតថា ក្រោយពីព្រះរាជអាជ្ញារង សម្រេចធ្វើការចោទ ប្រកាន់រួចមក បានបញ្ជូនទៅចៅក្រម ស៊ើបសួរនារសៀលថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣នេះ ប៉ុន្តែមិនទាន់ដឹងថា ចៅក្រមសម្រេច ចេញដីកា ឃុំខ្លួន ឫមួយយ៉ាងណា នោះទេ។

យោងតាមក្រមព្រហ្មទណ្ឌមាត្រា ៥៤៣ ចែងថា ចំពោះបទរត់គេចខ្លួន គឺអំពើប្រព្រឹត្ដដោយ អ្នកបើកបរ យាន្ដជំនិះផ្លូវគោក ឬផ្លូវទឹក ដែលបានដឹងច្បាស់ថា ខ្លួនទើបតែបង្កឱ្យ មានគ្រោះថ្នាក់ ឬការខូចខាតហើយមិន ព្រមឈប់ ដើម្បីគេចខ្លួនពីការទទួលខុស ត្រូវព្រហ្មទណ្ឌ ឬរដ្ឋប្បវេណីត្រូវផ្ដន្ទាទោស ដាក់ពន្ធនាគារពី ៦ខែ ទៅ២ឆ្នាំ និងពិន័យ ជាប្រាក់ពី១លានរៀល ទៅ ៤លានរៀល ។

គួរបញ្ជាក់ថា កាលពីម៉ោង០៤និង២០នាទីទាបភ្លឺថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ ត្រង់ចំណុចមុខផ្ទះ លេខ៣៥៥ លើមហាវិថីព្រះមុនីវង្ស ស្ថិតក្នុងសង្កាត់ ផ្សារដើមថ្កូវ ខណ្ឌចំការមន រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើត ឡើងរវាងម៉ូតូម៉ាក HONDA C125 ពណ៌ខ្មៅ ពាក់ ស្លាកលេខ ប-មានជ័យ1A-2550 និងរថយន្តម៉ាក FUSO។

មន្រ្តីនគរបាល ចរាចរណ៍ជើងគោក បានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះដែល ជិះម៉ូតូទាំងពីរនាក់ បានធ្វើដំណើរតាម បណ្តោយមហាវិថីព្រះមុនីវង្ស ចេញពីហាង 881 បញ្ច្រាស់របាំងដែកឆ្លងផ្លូវ ពីទិសខាងកើត បញ្ឆិតមកជើង លុះមកដល់ចំណុច កើតហេតុខាងលើ ជាន់ហ្រ្វាំងបោកផ្ទប់ ជាមួយក្រោយ រថយន្តខាងឆ្វេងមួយគ្រឿងដែលធ្វើដំណើរ តាមបណ្តោយមហាវិថីព្រះមុនីវង្ស ពីទិសខាងកើតមកលិច ម៉ាក FUSO  ពណ៌លឿងខ្ចី ពាក់ស្លាកលេខតាកែវ3A-1188។

មន្រ្តីនគរបាលចរាចរ បានបន្តថា គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានបណ្តាលឲ្យអ្នកបើកម៉ូតូ មានឈ្មោះ សុខ សុវណ្ណបញ្ញា ភេទប្រុស អាយុ២៤ឆ្នាំ ជានិស្សិត មានទីលំនៅភូមិកណ្តាល សង្កាត់ច្បារអំពៅទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញស្លាប់ និងអ្នករួមដំណើរ ជាមួយ ឈ្មោះ ចន សីហា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅ ផ្ទះលេខ ៤៦២B11 មហាវិថីព្រះមុនីវង្ស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ រងរបួសស្រាល។

ដោយឡែក អ្នកបើករថយន្តមាន ឈ្មោះ ផា វណ្ណា ភេទប្រុស អាយុ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រីង ឃុំត្រពាំងផ្លុង ស្រុកពញាក្រែក ខេត្តកំពង់ចាម។ បើតាមសមត្ថកិច្ច ក្រោយពេលកើតហេតុ រថយន្តមិន ឈប់ទេបានបើករត់ រហូតមកដល់ភ្លើងស្តុបពេទ្យលោកសង្ឃ ទើបសមត្ថកិច្ចឃាត់បាន ។

លោក ប៉ែន ឃុន នាយរងការិយាល័យចរាចរណ៍ ជើងគោក បានថ្លែងឲ្យដឹងថា ក្រោយមាន ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ ខាងលើនេះ ទាំងរថយន្ត និងម៉ូតូត្រូវបាន សមត្ថកិច្ចយកទៅ រក្សាទុក នៅការិយាល័យ ចរាចរណ៍ ជើងគោក ដើម្បីចាត់ការតាមផ្លូវច្បាប់៕





ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]