ខេត្តកំពង់ស្ពឺ ៖ នាយិកាអនុវិទ្យាល័យអន្តរជាតិក្តី សង្ឃឹមជនជាតិសិង្ហបុរី ដែលមានទីស្នាក់ការនៅក្នុងភូមិញរ សង្កាត់កណ្តោលដុំ ក្រុងច្បារមន ត្រូវបានគេប្រទះឃើញស្លាប់ ក្នុងបន្ទប់ដេករបស់ខ្លួនដោយមាន ឈាមពេញបន្ទប់និងហូរចេញមកក្រៅបន្ទប់ថែមទៀត ។ ហេតុការណ៍នេះត្រូវបានបុគ្គលិកសាសនាគ្រិស្តឱ្យដឹងថា ពួកគេបានឃើញនាយិកាស្លាប់ក្នុង បន្ទប់នៅវេលាម៉ោង៧និង៤០នាទីព្រឹកថ្ងៃទី៣០ មេសា ក៏រាយការណ៍ជូនសមត្ថកិច្ចក្រុង ច្បារមនឱ្យធ្វើការត្រួតពិនិត្យ ។

លោកវរសេនីយ៍ត្រីសម សាក់ នាយការិយាល័យនគរបាលព្រហ្មទណ្ឌ កម្រិតធ្ងន់ខេត្តបានឱ្យដឹងថា ស្ត្រីសិង្ហបុរីជានាយិកាអនុវិទ្យាល័យអន្តរជាតិក្តី សង្ឃឹមដែលជាសាលាសាសនាគ្រិស្ត បានស្លាប់នៅក្នុងបន្ទប់ របស់ខ្លួននៅយប់ថ្ងៃទី២៩ មេសា ។ នាយិកាសាលារូបនេះឈ្មោះវ៉ែន ឌីអឹុង អាយុ៤៥ឆ្នាំ ។

សពស្ថិតក្រោមការត្រួតពិនិត្យ ផ្ទាល់ពីសំណាក់លោកព្រះរាជអាជ្ញារងម៉ុត ដារ៉ា ក្រុមប៉ូលិសព្រហ្មទណ្ឌខេត្ត ប៉េអឹមខេត្ត រួមទាំងមន្ត្រីនាយកដ្ឋានក្រសួងមហាផ្ទៃ និងប្រធានទទួលខុសត្រូវសាលាសាសនាគ្រិស្តផង ។ ក្រោយពីធ្វើការត្រួតពិនិត្យបានឱ្យដឹងថា ការស្លាប់របស់លោកស្រីវ៉ែន ឌីអឹុង គឺជាករណីដែលសមត្ថកិច្ច សង្ស័យថាជាអំពើមនុស្សឃាត ហើយការស្រាវជ្រាវកំពុងត្រូវបានធ្វើយ៉ាងសកម្មបំផុត ។ ថ្វីបើមានការអះអាងថាការស្លាប់ នេះដោយអំពើមនុស្សឃាតក្តី ក៏មន្ត្រីផ្លូវការមិនទាន់ឱ្យដឹងថាការស្លាប់នោះ មានស្លាកស្នាមឬបែបណានោះទេ ។

លោកសម សាក់ ថ្លែងថា គេពុំទាន់ដឹងថាសពត្រូវដឹកបញ្ជូនទៅប្រទេស កំណើតរបស់លោកស្រី ឬក៏បូជានៅស្រុកខ្មែរនោះទេ ។ ការស្រាវជ្រាវជំហានដំបូងបង្ហាញថា ជាអំពើឃាតកម្មវាយសម្លាប់។ បើតាមបុគ្គលិកនិយាយថា ជារៀងរាល់ថ្ងៃនៅវេលាម៉ោង៦ព្រឹក លោកស្រីនាយិកាតែងចេញធ្វើ សមាធិជាមួយបុគ្គលិកឯទៀត តែនៅថ្ងៃនោះមិនឃើញ ចេញមកទេទើបមានការសង្ស័យនាំគ្នាទៅកាន់បន្ទប់លោក ស្រីក៏ឃើញមានឈាមហូរចេញមកក្រៅបន្ទប់ ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]