ភ្នំពេញ៖ បន្ទាប់ពីបានឃើញព័ត៌មានផ្សេងៗ ចុះផ្សាយលើបណ្តាញទំនាក់ទំនងសង្គម Facebook  ស្តីពីការចរាចរលុយក្លែងក្លាយនៅ ហាងអប្សារាលក់ទូរស័ព្ទដៃ រយៈពេលប៉ុន្មានថ្ងៃមកនេះ ហាងអប្សរាលក់ទូរស័ព្ទដៃសូមចេញបដិសេធ នូវព័ត៌មានមិនពិត មួលបង្កាច់ទាំងស្រុងនេះ ហើយបានបញ្ជាក់ថា ហាងរបស់លោក ជាហាងប្រកបរបរត្រឹមត្រូវ មិនមានដូចព័ត៌មានគេនិយាយនោះទេ ។  

ម្ចាស់ហាង អប្សរាលក់ទូរស័ព្ទដៃបាន និយាយប្រាប់ដើមអម្ពិលថា ពាក់ព័ន្ធនឹងករណីចោទប្រកាន់ ហាងរបស់គាត់ចរាចរប្រាក់ក្លែងក្លាយ កើតពីចេញទំនាស់បន្តិចបន្តួចតែប៉ុណ្ណោះ គឺនៅប៉ុន្មានថ្ងៃមុននោះ មានអតិថិជនម្នាក់បានមកទិញស្រោមទូរស័ព្ទ តម្លៃចំនួន ១០ដុល្លា ដោយគាត់បានអោយប្រាក់ក្រដាស ២០ដុល្លារ ហើយអ្នកលក់បានអាប់ ១០ដុល្លារ ទៅវិញ ដោយក្នុងនោះមានក្រដាសប្រាក់ ៥ដុល្លារ ចំនួនពីរសន្លឹក បន្ទាប់អតិថិជនរូបនោះបានចាកចេញទៅ ប្រមាណជាង ១ម៉ោង ទើបត្រឡប់មកវិញ ហើយចោទថា ប្រាក់នោះ ជាប្រាក់ក្លែងក្លាយ ។

លោកបានបញ្ជាក់ថា ជាធម្មតាទេ អតិថិជនដែលបានទិញទំនិញហើយ យកលុយអាប់ទៅបាត់ប្រមាណជាង ១ម៉ោង ទើបត្រឡប់មកវិញថា លុយចំនួន ១០ដុល្លារ ដែលមានក្រដាស ៥ដុល្លារ ពីរសន្លឹកនោះ ជាលុយក្លែងក្លាយ គឺយើងមិនអាចទទួលយកបាននោះទេ គួរណាស់តែពិនិត្យអោយបានច្បាស់ ទើបចាកចេញទៅ ។  

លោកបានបន្តថា ប្រសិនបើអតិថិជននោះ ស្ថិតនៅ កន្លែងគាត់ ហើយពិនិត្យឃើញថា ប្រាក់នោះមានបញ្ហា លោកនឹងដូរជូនវិញភ្លាមតែម្តង ហើយលោកបានបញ្ជាក់សង្កាត់ថា ហាងរបស់លោក គឺហាងប្រកបមុខរបរសុច្ចរិត ត្រឹមត្រូវ មិនដូចការចោទប្រកាន់នោះទេ ។

លោក លឹម ជាសំរិទ្ធ  អ្នកគ្រប់គ្រងហាងលក់កុំព្យូទ័រមួយរូប នៅភ្នំពេញ បានបញ្ចេញយោបល់ ប្រាប់ដើមអម្ពិលថា ជាការពិតណាស់ អ្នកលក់ពិតជាមិនអាចទទួលយកបានឡើយ នៅពេលអ្នកទិញបានទទួលលុយអាប់ ហើយបានចាកចេញពីហាង រួចត្រឡប់មកវិញ ចោទប្រកាន់ថា លុយដែលអាប់មានបញ្ហា ដូចជា ក្លែងក្លាយ រឺ រហែកជាដើម នោះម្ចាស់ហាង រឺអ្នកលក់ ពិតជាពិបាកនឹងទទួលយកណាស់ ដោយថា យើងមិនដឹងគេយកលុយដែលមានបញ្ហានោះ ពីប្រភពណានោះទេ ។

ដោយឡែក កញ្ញា តុលា ជាអតិថិជនរបស់ហាង អប្សរាមួយរូប ហើយបានដឹងរឿងរ៉ាវក៏បាននិយាយថា រូបគាត់ឧស្សាហ៌ទៅទិញទូរស័ព្ទនៅទីនោះ ហើយបានសង្កេតឃើញថា ហាងលក់ទូរស័ព្ទមួយនេះ មានអតិថិជនច្រើនជាប់ជាប្រចាំ ហើយលក់របស់របរសុទ្ធតែល្អៗ និងមានគុណភាពផង នឹងជាហាងដែលមានឈ្មោះល្បីផងដែរនៅរាជធានី ភ្នំពេញ គាត់មិនជឿថា ម្ចាស់ហាង ប្រកបរបរដូចគេចោទប្រកាន់នោះឡើយ ព្រោះពេលខ្លះព័ត៌មាននៅលើបណ្តាញទំនាក់ទំនង Facebook នោះមិនមានប្រភពអោយច្បាស់លាស់នោះទេ ជួនកាលគ្រាន់ខឹងបន្តិចបន្តួច នាំគ្នា បង្ហោះរឿងមួលបង្កាច់គេ ។

គួរបញ្ជាក់ថា ហាងអប្សរា លក់ទូរស័ព្ទដៃគ្រប់ប្រភេទ មានទីតាំងស្ថិតនៅខាងជើងផ្សារធំថ្មី ផ្ទះ ។



ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]