កំពង់ឆ្នាំង៖ លោក អៀរ ប៊ុនធឿន នាយការិយាល័យ ចរាចរណ៍ជើងគោក នៃស្នងការដ្ឋាន នគរបាល ខេត្តកំពង់ឆ្នាំង បានឲ្យដឹងថា ដោយមានបទបញ្ជា ពីនាយ ឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការ នគរបាលជាតិ រឹតបណ្តឹង ច្បាប់ចរាចរណ៍ ផ្លូវគោកក្នុងការ ទប់ស្កាត់ និងបញ្ជៀស នូវរាល់គ្រោះថ្នាក់ ចរាចរណ៍ ដែលអាច កើតឡើងជា យថាហេតុនោះ នៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ លោកឧត្តមសេនីយ៍ត្រី ទី ឡុង អនុប្រធាននាយកដ្ឋាន សណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃ និងមានការអញ្ជើញចូលរួមពី លោក វរៈសេនីយ៍ឯក ឡុច វណ្ណារ៉ា ស្នងការរងនគរបាល ខេត្តកំពង់ឆ្នាំង ទទួលបន្ទុកសណ្តាប់ធ្នាប់ចរាចរណ៍ និងលោក វរៈសេនីយ៍ទោ ឡុង ស៊ីថា ប្រធានការិយាល័យ ចរាចរណ៍ផ្លូវគោក នៃ នាយកដ្ឋានសណ្តាប់ធ្នាប់ក្រសួងមហាផ្ទៃបាន បើកកិច្ចប្រជុំ ពង្រឹងការអនុវត្តរឹត បណ្តឹងច្បាប់ចរាចរណ៍ផ្លូវគោក និងចុះធ្វើការណែនាំដោយ ផ្ទាល់ជាក់ស្តែងត្រួតពិនិត្យ ទៅ លើអ្នកបើកបរយានយន្ត គ្រប់ប្រភេទ ក្រោមឥទ្ធិពលគ្រឿងស្រវឹង និងមិនពាក់មួក សុវត្ថិភាពនៅពេលយប់។

នៅក្នុងកិច្ចប្រជុំនោះគេសង្កេត ឃើញ មានអ្នកបើកបរម៉ូតូ ប្រមាណ៨០%ដែលមិនពាក់មួកសុវត្ថិភាព ។ ក្រុមមន្ត្រីនគរបាល ដែលបាន ចុះអនុវត្តផ្ទាល់ បានធ្វើការណែនាំនិងអប់រំ ពិសេសដល់សិស្សានុសិស្ស ព្រមនិងធ្វើ ការផាកពិន័យដល់អ្នកបើកបរដែលមិនគោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយការគ្រោះ ថ្នាក់ចរា ចរណ៍ ដែលបណ្តាលអោយស្លាប់បាត់បង់ជីវិតផងដែរ ។

គួររំលឹកផងដែរថា កន្លងមកមន្ត្រីនគរបាលចរាចរណ៍ខេត្តកំពង់ឆ្នាំង បាន ចុះបំពេញបេសកកម្មរបស់ខ្លួនក្នុងការ បំរើប្រជាពលរដ្ឋផ្សព្វផ្សាយច្បាប់ដល់ប្រជាពលរដ្ឋតាមបណ្តាស្រុកមួយចំនួននៅ តាម ជនបទដាច់ស្រយាល ជាពិសេសផ្សព្វផ្សាយដល់សិស្សានុសិស្សនៅទូទាំងខេត្តកំពង់ឆ្នាំង ដើម្បីបញ្ជៀសនូវគ្រោះថ្នាក់ចរាចរណ៍ ស្របតាមអនុសាសន៍របស់ ប្រមុខរាជរដ្ឋាភិបាល សម្តេចតេជោ ហ៊ុន សែន ” ថ្ងៃនេះ ថ្ងៃស្អែក កុំអោយ មានគ្រោះថ្នាក់ចរាចរណ៍”   ។ មិនតែប៉ុណ្ណោះ មន្ត្រីនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានចេញពង្រឹងការអនុវត្តច្បាប់នៅតាមគោលដៅធ្វើការផាកពិន័យដល់យានយន្តគ្រប់ប្រភេទដែលខុសលក្ខណៈ បច្ចេកទេស ដូចជារថយន្តកែច្នៃកាត់តទ្រុង រថយន្តដឹកសំពីងសំពោង រថយន្តមិនមានឯកសារគ្រប់គ្រាន់ និងពិន័យដល់អ្នកបើកបរដែលមិនមានបណ្ណ័បើកបរត្រឹមត្រូវ ថែមទាំងធ្វើការ ស្ទាក់ចាប់រថយន្តដឹកផល អនុផលព្រៃឈើ និងប្រេងម្រះព្រៅភ្នំដែលបានដឹកឆ្លងកាត់ខេត្តកំពង់ឆ្នាំងបានជាបន្តបន្ទាប់ផងដែរ៕







ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]