ភ្នំពេញៈ កម្លាំងសមត្ថកិច្ច សេដ្ឋកិច្ចក្រសួងមហាផ្ទៃ សហការជាមួយ កម្លាំងសមត្ថកិច្ច មូលដ្ឋាននិងមន្ត្រីសុខាភិ បាលដឹកនាំ ដោយលោក គី ប៉ុណ្ណារ៉ា ព្រះរាជអាជ្ញារងអម សាលាដំបូងរាជធានី ភ្នំពេញចុះធ្វើការឆែកឆេរ លំនៅដ្ឋានមួយ កន្លែងរកឃើញឱសថក្លែងក្លាយ រកឃើញប្រភេទថ្នាំ ចាក់ជិត២០០គីឡូក្រាម រួចឃាត់ ម្ចាស់ទីតាំងពីរនាក់ប្តីប្រពន្ធ រួមនឹងកម្មករផលិត ចំនួន៥នាក់ផងដែរ ។ ការចុះទៅឆែកឆេរនេះធ្វើឡើងកាល ពីព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅក្នុងលំនៅដ្ឋាន លេខC១១ ក្នុងបុរីចាន់សម្បត្តិ ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

នគរបាលមូលដ្ឋានបានឲ្យដឹងថា ម្ចាស់ទីតាំងខាងលើនេះមានឈ្មោះ ហេង នាង ភេទប្រុសអាយុ៤២ ឆ្នាំនិង ប្រពន្ធឈ្មោះ ឡាយ ស្រីមាស អាយុ៤២ឆ្នាំ អ្នកទាំងពីរត្រូវឃាត់ រួមនឹងកម្មករ៥នាក់ផងដែរ ដែលជាអ្នកស៊ី ឈ្នួល ផលិតនោះ ។

នគរបាលបានបន្តថា បន្ទាប់ពីធ្វើការឆែកឆេរ សមត្ថកិច្ចជំនាញបាន រកឃើញថ្នាំពេទ្យ ក្លែងក្លាយ ប្រភេទថ្នាំទឹកចំនួន៧ប្រភេទដែល ជាថ្នាំអំពូលស្ទើរ គ្រប់ប្រភេទដែលមានទំងន់ប្រមាណជាជិត ២០០គីឡូក្រាម និងរឹបអូសម៉ាស៊ីន ឆាបអំពូលថ្នាំមួយគ្រឿង និងម៉ាស៊ីបោះពុម្ពប្រអប់ថ្នាំមួយគ្រឿង ក្រដាស់ សម្រាប់បោះពុម្ព ប្រអប់និងក្រដាស់សម្រាប់ បិទកាលបរិច្ឆេទមួយចំនួនផងដែរ និងបានដកហូតរថយន្ត មួយគ្រឿងម៉ាក ហាយឡែនឌ័រ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ2S-1597 រួមនឹងម៉ូតូមួយគ្រឿងទៀត ម៉ាកសេ១២៥ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខភ្នំពេញ 1BN-6111 ។

នគរបាលបានបន្តទៀតថា មុនពេលឈានទៅដល់ធ្វើការឆែកឆេរលំនៅដ្ឋាននោះ គឺកម្លាំងនគរបាល សេដ្ឋកិច្ចបានធ្វើការ តាមដានអស់រយៈពេល ជាយូរមកហើយ លុះដល់ឃើញថា មានពិតប្រាកដក៏បាន សុំយោបល់ព្រះ រាជអាជ្ញា ដើម្បីធ្វើការឆែកឆេរឲ្យស្រប ទៅតាមផ្លូវច្បាប់ លុះពេលចុះមកឆែកឆេរឃើញថា ទីតាំងមួយនេះពិតជា កែច្នៃថ្នាំពេទ្យក្លែងក្លាយ ពិតប្រាកដមែន។

មន្ត្រីនគរបាលសេដ្ឋកិច្ចបាននិយាយថា ថ្នាំក្លែងក្លាយនេះវាធ្វើឲ្យប៉ះពាល់សុខភាព អ្នកប្រើប្រាស់យ៉ាងខ្លាំង ពីព្រោះអ្នកជំងឺត្រូវការថ្នាំព្យាបាល ដើម្បីឲ្យឆាប់ជា ស្បះស្បើយ ប៉ុន្តែទៅទិញប៉ះចំឱសថក្លែងក្លាយបែបនេះ វាយ ហាក់បីដូចជាបន្ថែម ស្ថានទម្ងន់នៃជំងឺកាន់តែធ្ងន់ធ្ងរ បន្ថែមទៀត ដូច្នេះជោគជ័យនាថ្ងៃនេះ គឺជួយកាត់ បន្ថយគ្រោះ ចំពោះប្រជាពលរដ្ឋ បានច្រើនណាស់ ។

ម្ចាស់ទីតាំងបាននិយាយថា ពួកគាត់ធ្វើយ៉ាងដូច្នេះពីព្រោះតែចង់ ចំណេញបានប្រាក់កាសច្រើន ហើយថ្នាំនេះត្រូវ បាននាំចូលមកពីប្រទេសវៀតណាម បើសិនជា គាត់នាំចូល មកហើយដាក់លក់តែម្តង គឺលក់ មិនដាច់ទើបកែច្នៃ និងវិចខ្ចប់ថ្មី ជាពិសេសនោះកែច្នៃឲ្យដូចថ្នាំពេទ្យដែលនាំចូល មកពីប្រទេសបារាំង ទើបដាក់លក់ នៅលើទីផ្សារវាដាច់ខ្លាំង ហើយចំណេញប្រាក់បានច្រើនទៀតផង ។

នគរបាលបានបន្ថែមថា វត្ថុតាងនិងជនសង្ស័យទាំងអស់ត្រូវនាំទៅកាន់ក្រសួងមហាផ្ទៃដើម្បីធ្វើការសាកសួងនិង ចាត់ការទៅតាមផ្លូវច្បាប់៕



ដោយៈ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]