ទូតទីម័រខាងកើត ទស្សនកិច្ចនិងស្វែងយល់ពីសក្ដានុពល និងការដឹករបស់អភិបាខេត្តព្រះសីហនុ ដែលធ្វើឱ្យមានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស

//s4.kh1.co/90/90107d8932d6028663232b4fcde0bb1c468c3662.jpg
Khmerhome

 ២៧-សីហា-២០២០ ១០ព្រឹក · ៤ ឆ្នាំមុន

https://s4.kh1.co/__image/w=650,h=434,q=100/35/3599fb925ee059728fa95ff5e09a5f46f039f9b6.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ព្រះសីហនុ៖ ដោយមើលឃើញពីការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សរបស់ខេត្តព្រះសីហនុ លោក អេមីនីហ្គីដូ គូប៉ា ឡូប៉េស (Ermenegildo Kupa Lopes) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាធិបតេយ្យទីម័រខាងកើតប្រចាំកម្ពុជា បានមកធ្វើទស្សនកិច្ចស្វែងយល់អំពីសក្តានុពល និងការដឹកនាំរបស់ លោក គួច ចំរើន ដែលធ្វើឱ្យខេត្តទេសចណ៍ជាប់មាត់សមុទ្រ និងមានកំពង់ផែអន្តរជាតិទឹកជ្រៅ មានការអភិវឌ្ឍន៍យ៉ាងឆាប់រហ័ស។

លោក អេមីនីហ្គីដូ គូប៉ា ឡូប៉េស នៅក្នុងជំនួបពិភាក្សាជាមួយ លោក គួច ចំរើន អភិបាលខេត្តព្រះសីហុ កាលពីថ្ងៃទី២៦ ខែសីហា បានលើកឡើងថា ទន្ទឹមនឹងការអភិវឌ្ឍន៍ យ៉ាងឆាប់រហ័សនេះ ទៅថ្ងៃអនាគតក្រុងព្រះសីហនុនឹងក្លាយទៅជាទីក្រុងហុងកុងថ្មី របស់ប្រទេសកម្ពុជា។

លោក ទូតបានបន្តថា ទន្ទឹមនឹងការរីកចម្រើនរបស់ខេត្តព្រះសីហនុ ក៏មានបរទេសមួយចំនួនមិនសប្បាយចិត្ត និងបាន ចោទប្រកាន់ថា រដ្ឋាភិបាលចិនបានយកខេត្តនេះ ធ្វើជាមូលដ្ឋានយោធារបស់ខ្លួន ដែលការលើកឡើងទាំងនេះមិនមែនជាការពិតនោះឡើយ ព្រោះលោកបានមកធ្វើទស្សនកិច្ច និងបានចុះទៅពិនិត្យដោយផ្ទាល់។

នៅក្នុងជំនួបនេះ លោក គួច ចំរើន បានលើកឡើងបញ្ជាក់ថា «ប្រទេសកម្ពុជាមានការអភិវឌ្ឍន៍រីកចម្រើននាពេលបច្ចុប្បន្ន គឺក្រោមការដឹកនាំ របស់សម្ដេច នាយករដ្ឋន្រ្តី ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា»។  

ក្នុងនោះសម្រាប់ខេត្តព្រះសីហនុ គឺជាខេត្តប៉ូលសេដ្ឋកិច្ចពហុបំណង ដ៏សំខាន់របស់ប្រទេសកម្ពុជា ព្រោះខេត្តនេះ មានសក្តានុពលជាច្រើន រួមមានវិស័យឧស្សាហកម្មពាណិជ្ជកម្ម និងទេសចរណ៍។ល។ ជាការបន្តរបស់ លោក អភិបាលខេត្តព្រះសីហនុ បន្ថែមថា ខេត្តមានផ្លូវគោក ផ្លូវទឹក ផ្លូវអាកាស ផ្លូវដែក និងមានកំពង់ផែអន្តរជាតិទឹកជ្រៅតែមួយគត់របស់កម្ពុជា ក្នុងការផ្លាស់ប្ដូរទំនិញឆ្លងកាត់ទៅកាន់បណ្ដាប្រទេសនៅទូទាំងពិភពលោក។

លោក គួច ចំរើន បានបញ្ជាក់ទៅលោកទូតបន្តទៀតថា «ទាំងអស់នេះហើយដែលធ្វើឱ្យខេត្តព្រះសីហនុមានការអភិវឌ្ឍន៍រីកចម្រើនយ៉ាងឆាប់រហ័សគួរឱ្យកត់សម្គាល់ និងបានផ្តល់លទ្ធភាពឱ្យអ្នកវិនិយោគជាតិ និងអន្តរជាតិ មានភាពងាយស្រួលក្នុងការមកបណ្ដាក់ទុនរកស៊ីនៅក្នុងខេត្តព្រះសីហនុ។ ក្រៅពីនោះខេត្តក៏មានឆ្នេរសាច់សល្អស្អាត និងវែងជាងគេ ទាំងដីគោក និងនៅតាមតំបន់ឆ្នេរកោះ ដែលអាចទាក់ទាញភ្ញៀវទេសចរណ៍ជាតិ-អន្តរជាតិ វិនិយោគិន មកបណ្ដាក់ទុន និងលំហែកម្សាន្ត»។

ស្ថិតក្នុងបរិយាកាសនោះដែរ លោក ទូត បានសំដែងការអរគុណចំពោះប្រទេសកម្ពុជា វៀតណាម និងចិន ដែលបានគាំទ្រឱ្យទីម័រខាងកើតផ្ដាច់ខ្លួន និងទាមទារបានឯករាជ្យដោយខ្លួនឯង ហើយប្រជាជនទីម័រខាងកើតមានមោទនភាពជាខ្លាំងចំពោះប្រទេសកម្ពុជា ជាពិសេស សម្ដេច នាយករដ្ឋមន្រ្តី ក្នុងការបង្រួបបង្រួមជាតិ ក្រោយពីកម្ពុជាមានវិបត្តិជាង ៣០ឆ្នាំ។ លោក ថា សម្ដេច បានបង្រួបបង្រួមផ្សះផ្សារជាតិរហូតធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនរហូតដល់បច្ចុប្បន្ន៕

https://s4.kh1.co/__image/w=650,h=434,q=100/95/9591aabf86e361876fc11d740afbadf90b64edf8.jpg
https://s4.kh1.co/__image/w=650,h=434,q=100/33/3385dcc6c4babd92e73096674fafd119ffa8bbbe.jpg

ដោយ៖ Moeun Dyna

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T