CDC សម្រេចឱ្យក្រុមហ៊ុន ៥ វិនិយោគនៅកម្ពុជា ក្នុងទំហំទុនវិនិយោគសរុបចំនួន ៥៨លានដុល្លារ

//s4.kh1.co/99/994906d4edf3a8d61c864165d5cf913a126e8644.jpg
Khmerhome

 ២៥-សីហា-២០២០ ៣ល្ងាច · ៤ ឆ្នាំមុន

https://s6.kh1.co/__image/w=650,h=374,q=100/b1/b1c6615dec8e3aba702f05c1c1b40b199358cc89.jpg
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនចំនួន ៥ វិនិយោគនៅកម្ពុជា ក្នុងទុនវិយោគសរុបចំនួន ៥៨លានដុល្លារ ដែលមានទីតាំងផ្សេងៗគ្នា និងអាចផ្ដល់ការងារបានចំនួន ៨០៤កន្លែង។

តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនដូចខាងក្រោម៖

១-ក្រុមហ៊ុន TOKYO HAPPY ICE CREAM CO., LTD គម្រោងបង្កើតរោងចក្រផលិតការ៉េម ដែលមានទីតាំង ស្ថិតនៅភូមិវត្តភ្នំ ឃុំភ្នំតូច ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣,១លានដុល្លារ អាចបង្កើតការងារបានចំនួន ១៥៦កន្លែង។

២-ក្រុមហ៊ុន RONG XING PAPER INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតកេសកាតុង ដែលមានទីតាំងស្ថិតនៅភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៣,៦លានដុល្លារ អាចបង្កើតការងារបានចំនួន ១១៧កន្លែង។

៣- ក្រុមហ៊ុន K&K PIPE (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រផលិតទុយោទឹកគ្រប់ប្រភេទ ដែលមានទីតាំងស្ថិតនៅផ្លូវលេខ១៣០ ភូមិស្រែដូនតូច សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៦លានដុល្លារ អាចបង្កើតការងារបានចំនួន ១៣១កន្លែង។

៤-ក្រុមហ៊ុន RAY POWER SUPPLY CO., LTD គម្រោងបង្កើតស្ថានីយផលិតអគ្គិសនីដើរដោយថាមពលព្រះអាទិត្យ អានុភាព ៣០មេហ្គាវ៉ាត់ ដែលមានទីតាំងស្ថិតនៅភូមិឫស្សីខាងនិងភូមិសំរោងធំ ឃុំឈ្នួរមានជ័យ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ មានទុនវិនិយោគប្រមាណ ៣៩,៨លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២០កន្លែង។

ដោយឡែក តាមសំណើសុំវិនិយោគលើគម្រោងបង្កើតរោងចក្រផលិតវ៉ែនតា និងប្រអប់វ៉ែនតា របស់ក្រុមហ៊ុន CAM-ICARE CO., LTD. គណ:កម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញ វិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុន ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ មានទុនវិនិយោគចំនួន ៥,៥លានដុល្លារ អាចបង្កើតការងារបានចំនួន ៣៨០កន្លែង៕

ដោយ៖ Moeun Dyan

Khmerhome
Khmerhome

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T