កណ្តាលៈ យុវជនម្នាក់ ស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ៣នាក់ទៀត រងរបួសធ្ងន់-ស្រាល ក្នុងនោះមាន ជនជាតិចិនម្នាក់ផងដែរ ជនរងគ្រោះ បន្ទាប់ពីកើតហេតុ ត្រូវបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យខេត្ត ។ ហេតុ ការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ២២ និង ៤០នាទីយប់ ថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៣ ស្ថិតនៅតាម បណ្តោយផ្លូវជាតិ លេខ ២១ បេ ក្នុងភូមិព្រែកតាមព្រីង ឃុំសត្បូរ ស្រុកស្អាង ខេត្តកណ្តាល ។

នគរបាល បានឲ្យដឹងថា ម៉ូតូរងគ្រោះម៉ាកសេ ៩០ ពណ៌ទឹកប៊ិច ពាក់ស្លាកលេខកណ្តាល 1E-4343 អ្នកបើកបរ មាន ឈ្មោះ ឡាង សុរ៉េន ភេទប្រុស អាយុ ២៧ ឆ្នាំ រងរបួស និងអ្នករួមដំណើរពីរនាក់ទៀត ទី១ ឈ្មោះ ខេង ភេទប្រុស អាយុ ២៨ឆ្នាំ រងរបួសធ្ងន់ អ្នកទាំងពីររស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ទី២ ឈ្មោះ លីន ផានិត ហៅ ស្វិត ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅក្នុងភូមិព្រែកតាតិន ឃុំ ស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្តាល (ស្លាប់ភ្លាមនៅនឹងកន្លែងកើតហេតុ) ។ រីឯរថយន្តបង្កម៉ាកទីកូ ពណ៌ក្រហមពាក់ស្លាកលេខ ឆ ៥៨៨០ ភព ២ បើកបរដោយបុរសម្នាក់ មិនស្គាល់អត្ត សញ្ញាណបន្ទាប់ពីកើតហេតុ រត់គេចខ្លួនទៅបាត់ និងម្នាក់ទៀត ជាអ្នក រួមដំណើរមានឈ្មោះ តឹង ជិង ភេទប្រុស អាយុ ៣២ ឆ្នាំ ជាជនជាតិចិន មានមុខរបរ ជាកម្មកររោងចក្រ កាត់ សម្លៀកបំពាក់ មានយីហោថា ហ្គ្រេនអននឺ រងរបួស ។ ចំណែកឯម៉ូតូ និងរថយន្តវិញ រងការខូចខាតយ៉ាង ដំណំ ដូចគ្នា។

ប្រភពព័ត៌មាន បានបន្តថា មុនពេលកើតហេតុ រថយន្តទីកូបើកបរ ក្នុងទិសដៅពីត្បូងទៅជើង លុះដល់ចំណុចកើតហេតុ ក៏មានម៉ូតូមួយគ្រឿង ជិះគ្នា ៣ នាក់ ហើយក៏ជ្រុលទៅបុកគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យជិះម៉ូតូ ម្នាក់ខាងក្រោយស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ និង ២នាក់ទៀតរងរបួសធ្ងន់ស្រាល ។ ចំណែកឯ អ្នកបើកបរ រថយន្តវិញ បន្ទាប់ពីកើតហេតុ បានចុះចេញពីរថយន្តរត់គេចខ្លួនទៅបាត់ នៅសល់ម្នាក់រងរបួសធ្ងន់ ដែលជាអ្នករួមដំណើរ ជាមួយ ចំណែកឯម៉ូតូ និងរថយន្តរងការខូចខាត ផ្នែកខាងមុខយ៉ាងដំណំដូចគ្នា។

ប្រភពបានបន្តទៀតថា ករណីគ្រោះថ្នាក់ចរាចរនេះ កើតឡើង គឺបណ្តាលមកពីរថយន្តបើកលឿន ខ្វះការប្រុងប្រយ័ត្ន ទើបជ្រុលទៅបុកគ្នាតែម្តងទៅ ហើយម៉ូតូ និងរថយន្ត បន្ទាប់ពីធ្វើការវាស់វែង រួចក៏បានអូសយកទៅ រក្សា ទុក នៅអធិការដ្ឋាន ដើម្បីរង់ចាំដោះស្រាយគ្នាជាក្រោយ ៕


ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]