បរទេស៖ គិតត្រឹមថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់ដោយសារជំងឺកូវីដ១៩នៅទូទាំងសកលលោក បានបន្តកើនឡើងដល់ ៨០៨,៦៩៧នាក់ ដោយក្នុងនោះសហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា គឺប្រទេសដែលមានចំនួនអ្នកស្លាប់ច្រើនជាងគេបំផុត។ យោងតាមការគណនារបស់រ៉យទ័រ ដោយផ្អែកលើទិន្នន័យកាលពីពីរសប្តាហ៍កន្លងទៅបានបង្ហាញឱ្យឃើញថា ជាមធ្យមមានមនុស្សជិត ៥,៩០០នាក់ បានស្លាប់រៀងរាល់ ២៤ម៉ោង ដែលស្មើនឹង ២៤៦នាក់ក្នុងរយៈពេលមួយម៉ោង ឬរៀងរាល់ ១៥វិនាទីម្តង មានមនុស្សម្នាក់បានស្លាប់។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សចំនួនអ្នកស្លាប់នៅសហរដ្ឋអាមេរិកបានកើនឡើងដល់ ១៨០,១៧៤នាក់នៅថ្ងៃអាទិត្យនេះ ដែលជាចំនួនខ្ពស់បំផុតនៅលើពិភពលោក។ ចំណែក អ្នកស្លាប់នៅប្រទេសប្រេស៊ីលបានកើនឡើងដល់ ១១៤,២៧៧នាក់ ខណៈដែលទីក្រុងភាគច្រើនរបស់ប្រទេសនេះ ត្រូវបានអនុញ្ញាតឱ្យបើកដំណើរការហាង និងភោជនីយដ្ឋានឡើងវិញ។ ដោយឡែក ឥណ្ឌាដែលជាប្រទេសមានប្រជាជនច្រើនជាងគេលំដាប់ទី២ នៅលើពិភពលោក មានចំនួនអ្នកស្លាប់ ៥៦,៨៤៦នាក់ គឺកំពុងដេញតាមពីក្រោយប្រទេសប្រេស៊ីល។
គួរជម្រាបដែរថា បច្ចុប្បន្ននេះ ចំនួនអ្នកឆ្លងជំងឺកូវីដ១៩ទៅទាំងពិភពលោក បានកើនឡើងដល់ ២៣,៣៨០,៥៦៩នាក់ ដោយក្នុងនោះមានមនុស្ស ១៥,៩០៦,៤៧៩នាក់បានជាសះស្បើយ។ ប៉ុន្តែទន្ទឹមនឹងនេះ ក្រុមអ្នកជំនាញផ្នែកសុខភាពបានលើកឡើងពីការព្រួយបារម្ភទៅលើប្រទេសរងគ្រោះខ្លាំងដូចជា សហរដ្ឋអាមេរិក ប្រេស៊ីល និងឥណ្ឌា ដែលមិនបានចាត់វិធានការការពារជំងឺកូវីដ១៩ឱ្យល្អគ្រាប់គ្រាន់ ខណៈដែលអាជ្ញាធរបានផ្តោតសំខាន់លើការបើកសាលារៀន និងអាជីវកម្មទៅវិញ៕