ភ្នំពេញ ៖ ជនសង្ស័យមួយក្រុម ដោយ ក្នុងនោះ ម្នាក់ដែលជាមេខ្លោងត្រូវបានគេ អះអាងថា ត្រូវជាកូនប្រុសលោក ឃុន រ៉ាន់  ប្រធានសាខាគយ ខេត្ដកំពង់ចាម ត្រូវ បានក្រុមគ្រួសារមួយ ដាក់ពាក្យបណ្ដឹងទៅ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយ ប្ដឹងចោទប្រកាន់ពីបទ បង្កហិង្សាវាយបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិ និងប្លន់យកលុយអស់ ជាង ១.០០០ ដុល្លារ ។

មុនឈានដល់ការប្ដឹងផ្ដល់ខាងលើនេះ គឺនៅវេលាម៉ោងប្រមាណជា ១០យប់ ថ្ងៃ ទី២៨ ខែមេសា ឆ្នាំ ២០១៣ នៅចំណុច ស្ដុបពេទ្យចិន ក្នុងទឹកដីខណ្ឌ ៨មករា មាន កើតករណីបង្កហិង្សា និងវាយបំផ្លិចបំផ្លាញ ទ្រព្យសម្បត្ដិមួយករណី ដែលបង្កដោយ មនុស្សមួយក្រុម ដោយក្នុងនោះគេដឹងថា ដឹកនាំដោយឈ្មោះ ឃុន ដូរ៉េ ជាកូនប្រុស របស់លោក ឃុន រ៉ាន់ ប្រធានសាខាគយ និងរដ្ឋាករខេត្ដកំពង់ចាម រួមជាមួយបក្ខពួក ប្រមាណ ៥-៦នាក់ទៀត ។ ចំណែកភាគី រងគ្រោះ ត្រូវបានគេដឹងថា ជាក្រុមគ្រួសារ មួយដែលមានឪពុក និងកូនស្រី-ប្រុស ចំនួន ៣នាក់ទៀត ជិះរថយន្ដម៉ាកលុច្សស៊ីស ៣០០ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2V-6283 ដែលឪពុកមានឈ្មោះ ជៀប អូឡែន និងកូនប្រុសម្នាក់ឈ្មោះ ឡែន ង៉ែត ភេទប្រុស អាយុ ២៤ឆ្នាំ និង កូនស្រីម្នាក់ទៀត ឈ្មោះ ជា គឹមឡាយ អាយុ ២១ឆ្នាំ ដែលបច្ចុប្បន្ន ពួកគេមានទី លំនៅ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌចំការមន។

យោងតាមប្រភពព័ត៌មាន បានឱ្យដឹង ថា រវាងកូនលោក ឃុន រ៉ាន់ ឈ្មោះ ឃុន ដូរ៉េ និងស្ដ្រីរងគ្រោះ ជា គឹមឡាយ កន្លង មក ធ្លាប់មានទំនាក់ទំនងស្នេហានឹងគ្នា តែ បានបែកគ្នាអស់រយៈពេល ២-៣ឆ្នាំមក ហើយ ដោយសារតែឈ្មោះ ឃុន ដូរ៉េ មាន ប្រពន្ធ និងកូនម្នាក់ ។

លុះនៅមុនពេលកើត ហេតុ ខណៈដែលស្ដ្រីឈ្មោះ ជា គឹមឡាយ រួមជាមួយបងប្អូនទៅហូបចុក នៅក្នុងហាង មួយ ក្បែរកន្លែងកើតហេតុចៃដន្យក៏បាន ជួបឈ្មោះ ឃុន ដូរ៉េ រួមជាមួយបក្ខពួក កំពុងហូបចុកនៅហាងនោះដែរ ។ ពេល ឈ្មោះឃុន ដូរ៉េ ឃើញឈ្មោះ ជា គឹមឡាយ ដែលជាស្រីធ្លាប់ស្រឡាញ់ពីមុន ក៏ចាប់ផ្ដើម រករឿង ព្រោះកន្លងមក ក្រោយពេលបែក បាក់គ្នា រូបគេធ្លាប់បោះពាក្យសំដីថា នឹងមិន ឱ្យនាងបានសុខ បានរៀបការជាមួយប្រុសថ្មី ឡើយ ។ ដូច្នេះហើយពេលបានជួបឈ្មោះ ឃុន ដូរ៉េ ក៏ចាប់ផ្ដើមរករឿងបង្កជម្លោះ ទាស់ទែងពេញក្នុងហាងតែម្ដង ធ្វើឱ្យឈ្មោះ ជា គឹមឡាយ ទូរស័ព្ទហៅឪពុក និងបង ប្រុសមកជួយ ហើយពេលមកដល់ក៏មាន ការប្រកែកគ្នា ហើយម្ចាស់ហាងក៏ស្នើឱ្យពួក គេចេញ ព្រោះមិនចង់ឱ្យមានបញ្ហានៅក្នុង ហាងរបស់ពួកគេ ហើយខណៈភាគីទាំងពីរ ចេញមកខាងក្រៅហាង ស្រាប់តែភាគីបង្ក ដែលមានគ្នា ៥-៦នាក់ ព្រួតគ្នាវាយទៅលើ ភាគីទាំង ៣នាក់ឡើងទ្រោមខ្លួន រួចហើយ វាយកម្ទេចរថយន្ដឡើងទន្ទ្រាំពីលើ រងនូវ ការខូចខាតយ៉ាងដំណំ ហើយបន្ទាប់មក ទើបកម្លាំងសមត្ថកិច្ច ចុះទៅអន្ដរាគមន៍ធ្វើ ឱ្យភាគីបង្កនាំគ្នារត់គេចខ្លួនបាត់អស់ទៅ ដោយបន្សល់ទុកនូវរថយន្ដម៉ាកឡង់រឺវ៉ែរ ពណ៌ស ១គ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 2T-3277 ដែលរថយន្ដខាងលើនេះត្រូវបាន គេអះអាងថា ជារថយន្ដឈ្មោះ ឃុន ដូរ៉េ ជិះ ទើបសមត្ថកិច្ចអូសយករថយន្ដរបស់ ជនបង្ក និងរថយន្ដជនរងគ្រោះទៅទុកនៅ ទីបញ្ជាការកងរាជអាវុធហត្ថ រាជធានីភ្នំ ពេញ ដើម្បីឱ្យជនរងគ្រោះដាក់ពាក្យបណ្ដឹង ទៅតាមផ្លូវច្បាប់ ។

នៅព្រឹកថ្ងៃទី២៩ ខែមេសា នេះ ភាគី ជនរងគ្រោះ បានចូលទៅដាក់ពាក្យបណ្ដឹង ដល់ជនបង្ក និងបក្ខពួកហើយ ដោយចោទ ប្រកាន់ ៣ ចំណុច រួមមាន ទី១ ពីបទ ហិង្សាដោយចេតនា ទី២ ពីបទ វាយបំផ្លិច បំផ្លាញទ្រព្យសម្បត្ដិ (រថយន្ដ)ទី៣ ពីបទ ប្លន់យកលុយអស់ជាង ១ពាន់ដុល្លារ ។

មន្ដ្រីអាវុធហត្ថបានឱ្យដឹងថា ពាក់ព័ន្ធ ករណីខាងលើនេះ សមត្ថកិច្ចបានស្គាល់អត្ដ សញ្ញាណ របស់ជនសង្ស័យរួចអស់ហើយ ដោយរង់ចាំតែកោះហៅ ចូលខ្លួនមកបំភ្លឺ តែប៉ុណ្ណោះ ។ ដោយឡែកភាគីជនបង្ក ឈ្មោះ ឃុន ដូរ៉េ ដើមអម្ពិលមិនអាចទាក់ ទងសុំការបំភ្លឺបានឡើយ ពាក់ព័ន្ធទៅនឹង សកម្មភាពល្មើសច្បាប់ខាងលើនេះ ។























ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]