បន្ទាយមានជ័យៈ បុរសម្នាក់ បានសម្រេចចិត្តចងក សម្លាប់ខ្លួន ដើម្បីជាដំណោះស្រាយវិបត្តិផ្លូវចិត្ត ក្រោយពីដឹងថា ប្រពន្ធរបស់ខ្លួន ក្បត់ផិតលួច មានសាហាយស្មន់ ពេលដែលនាង ទៅស៊ីឈ្មួលនៅប្រទេសថៃ ជាង មួយសបា្តហ៍កន្លងទៅ ។

សពត្រូវបានគេប្រទះឃើញ កាលពីព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៣ នៅចំណុច ព្រៃឬស្សីមួយកន្លែង ក្នុង ភូមិអូរអំពិល ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលសពបានចងក ជាប់ជាមួយដើមឈើ ។

សពជនរងគ្រោះមានឈ្មោះ យី យឿន ភេទប្រុស អាយុ ៤៩ ឆ្នាំ មានប្រពន្ធឈ្មោះ តន ណែត អាយុ ៤២ ឆ្នាំ មានកូនប្រុស-ស្រី ៧ នាក់ បច្ចុប្បន្នពួកគេរស់នៅភូមិសន្តិភាព ឃុំទួលពង្រ ស្រុកម៉ាឡៃ ខេត្តបន្ទាយ មានជ័យ ។

លោក សៅ ប៊ុន អធិការ ស្រុកម៉ាឡៃ បានឲ្យដឹងនៅថ្ងៃទី ២៩ ខែមេសា ឆ្នាំ ២០១៣នេះថា មុនពេលកើត ហេតុ ជនរងគ្រោះ បានទទួលព័ត៌មានថា ប្រពន្ធរបស់ខ្លួន លួចមានសាហាយថ្មី ពេលទៅស៊ីឈ្នួល នៅ ប្រទេសថៃ ។ ហើយនៅថ្ងៃទី២៨ ខែមេសា នេះ ជនរងគ្រោះ បានទៅលេងផ្ទះមិត្តភ័ក្តិនៅភូមិអូរអំពិល ឃុំទួលពង្រ ក្រោយមក ក៏បាត់ខ្លួនជនរងគ្រោះ ពេលប្រជាពលរដ្ឋ ទៅដើរជីកទំពាំង ទើបប្រទះឃើញសព ជនរងគ្រោះ ចងកស្លាប់បាត់ទៅហើយ ។

ក្រោយកើតហេតុ កម្លាំងនគរបាលស្រុកម៉ាឡៃ បានចុះអន្តរាគមន៍ និងពិនិត្យកន្លែងកើតហេតុ និងស្រាយ ចំណងទម្លាកសព ចុះក្រោមផងដែរ ។ បច្ចុប្បន្នសពត្រូវបានសាច់ញាតិ នាំយកទៅធ្វើបុណ្យតាមប្រពៃណី។

ជុំវិញការស្លាប់របស់លោក យី យឿន មានប្រជាពលរដ្ឋជាច្រើន បាននិយាយខ្សឹបខ្សៀវគ្នាថា ទំនងជា ប្រពន្ធលួចមានសាហាយមែនហើយ ទើបប្តីឈឺចិត្ត ទ្រាំមិនបាន ក៏រត់មកចងក បែបនេះ ។

ទោះបីជាបែបណានោះ ចំពោះការចោទប្រកាន់នេះ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល មិនទាន់សុំ ការបំភ្លឺ ពីលោកស្រី តន ណែត ភរិយារបស់លោក យី យឿន ដែលចងក សម្លាប់ខ្លួនបាននៅឡើយទេ ៕





ដោយដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]