អាការៈមិនឃ្លានអាហារ និងអស់កម្លាំងអាចជារោគសញ្ញាដែលតែងកើតមានជាមួយគ្នា។ ភាគច្រើនការមិនឃ្លានអាហារ និងអស់កម្លាំងអាចបង្កដោយជំងឺតូចតាច ឬមកពីការផ្លាស់ប្ដូរទម្លាប់ការញ៉ាំ ឬការគេងជាដើម។ ប៉ុន្តែប្រសិនជាយើងបន្តមានអាការៈនេះមិនបាត់ នេះអាចបង្ហាញពីបញ្ហាសុខភាពផ្សេងៗ។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស១. ជំងឺផ្ដាសាយ
នៅពេលយើងមានជំងឺផ្ដាសាយ យើងតែងមានអារម្មណ៍ខ្សោយ ឬអស់កម្លាំងដែលនេះមកពីរាងកាយរបស់យើងប្រឆាំងនឹងមេរោគ។ យើងក៏អាចមិនឃ្លានដោយសារអាការៈចង្អោរ ឬមិនស្រួលខ្លួន។
២. មេរោគក្នុងក្រពះពោះវៀន
វីរុសប្រភេទខ្លះអាចបង្កការរលាកក្នុងក្រពះពោះវៀន។ ភាគច្រើននៃអាការៈនេះបង្កដោយការឆ្លងវីរុស norovirus។ គ្នាយើងដែលឆ្លងវីរុសនេះអាចមានអាការៈអស់កម្លាំង និងអត់ឃ្លានអាហាររួមទាំងអាការៈផ្សេងទៀតដូចជាក្អួត ចង្អោរ គ្រុនក្ដៅ និងឈឺក្បាល។ ជាទូទៅបើការឆ្លងវីរុស norovirus នឹងបាត់ទៅវិញដោយខ្លួនឯងក្នុងរយៈពេល១ទៅ៣ថ្ងៃ ប៉ុន្តែក្នុងអំឡុងពេលនោះយកល្អគួរផឹកទឹកឲ្យបានច្រើនចៀសវាងការបាត់បង់ជាតិទឹក។
៣. អាលែកហ្សី
យោងតាមមហាវិទ្យាល័យផ្នែកអាលែកហ្សី ជំងឺហឺត និងប្រព័ន្ធភាពស៊ាំសហរដ្ឋអាមេរិក អាការៈអស់កម្លាំងតែងកើតមានលើអ្នកមានបញ្ហាអាលែកហ្សី។ រោគសញ្ញានៃអាការៈអាលែកហ្សីតាមរដូវមានដូចជាតឹងច្រមុះ ដែលអាចប៉ះពាល់ដល់ការគេង និងអស់កម្លាំងពេញមួយថ្ងៃ។ អាលែកហ្សីអាចបង្កឲ្យមានសម្បោរច្រើន ហើយការលេបសម្បោរពីច្រមុះអាចបណ្ដាលឲ្យយើងចង្អោរ និងអត់ឃ្លានអាហារ។ សម្រាប់គ្នាយើងដែលមានអាការៈអស់កម្លាំង ឬអត់ឃ្លានអាហារបង្កដោយអាលែកហ្សី ឬការប្រើថ្នាំអាលែកហ្សីគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
៤. អាការៈមុនមករដូវ
អាការៈមុនមករដូវតែងកើតមានមុនមានរដូវ ១-២សប្ដាហ៍។ រោគសញ្ញានៃអាការៈមានភាពខុសគ្នាពីបុគ្គលម្នាក់ទៅម្នាក់ដែលគ្នាយើងមួយចំនួនអាចនឹងមានអាការៈអស់កម្លាំង និងអត់ឃ្លានអាហារ។ រោគសញ្ញាផ្សេងទៀតរួមមានហើមពោះ ឈឺពោះ ទល់លាមក រាករូស ឈឺខ្នង ឈឺក្បាល អារម្មណ៍ឡើងចុះ និងគេងមិនលក់ជាដើម។ ប្រសិនជារោគសញ្ញាទាំងនេះអាចប៉ះពាល់ដល់សកម្មភាពប្រចាំថ្ងៃ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យ។
៥. ជំងឺបាក់ទឹកចិត្ត
ជំងឺបាក់ទឹកចិត្តគឺជាជំងឺផ្លូវចិត្តដែលអាចបង្កឲ្យមានអាការៈ អស់កម្លាំង និងមិនឃ្លានអាហារ។ ក្រៅពីនេះក៏មានរោគសញ្ញាផ្សេងទៀតដូចជាពិបាកចិត្ត អស់សង្ឃឹម ពិបាកក្នុងការផ្ដោតអារម្មណ៍ ស្រក ឬឡើងទម្ងន់ លែងចង់ធ្វើអ្វីដែលខ្លួនចូលចិត្ត និងមានការឈឺចាប់។
៦. មានផ្ទៃពោះ
អំឡុងពេលមានផ្ទៃពោះ ការប្រែប្រួលអ័រម៉ូននឹងកើតមានហើយបង្កឲ្យអស់កម្លាំង និងអត់ឃ្លាន ជាពិសេសនៅអំឡុងពេលប៉ុន្មានសប្ដាហ៍ដំបូង។ រោគសញ្ញាដំបូងនៃការមានផ្ទៃពោះផ្សេងទៀតរួមមានបាត់រដូវ ឈឺចាប់នៅសុដន់ ហើមពោះ និងអារម្មណ៍ឡើងចុះ។
គួរបញ្ជាក់ថា អាការៈអស់កម្លាំង និងបាត់បង់ចំណង់អាហាររយៈពេលខ្លីគឺមិនបង្កជាបញ្ហាអ្វីទេ ប៉ុន្តែប្រសិនជាយើង ឬកូនតូចមានអាការៈបែបនេះជាប់ជាប្រចាំ យកល្អគួរទៅពិគ្រោះជាមួយគ្រូពេទ្យដើម្បីរកមូលហេតុ និងទទួលការព្យាបាលឲ្យបានត្រឹមត្រូវ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet