ឥណ្ឌូណេស៊ី៖ ក្រពើមួយក្បាល មានប្រវែង១៤ហ្វីត (ឬប្រហែល៤ម៉ែត្រ) និងទម្ងន់រហូតដល់៥០០គីឡូក្រាម ត្រូវអ្នកភូមិក្នុងប្រទេសឥណ្ឌណេស៊ី ដែលជឿលើអបិយជំនឿ តាមប្រមាញ់រហូតដល់ចាប់ខ្លួនបានកាលពីសប្ដាហ៍មុន និងសម្រេចកាត់ក្បាលរួចកប់ចោលតែម្ដង ដោយសារក្រពើនេះបានវាយប្រហារលើមនុស្សជាច្រើនកន្លងមក។

ក្រពើដ៏ធំនេះ ត្រូវអ្នកភូមិរស់នៅកោះ Bangka Belitung រកឃើញនៅថ្ងៃចន្ទ ដោយសារជាប់ក្នុងសំណាញ់នៅឯទន្លេ Kayubesi ហើយពីរថ្ងៃក្រោយមក វាក៏បានងាប់តែម្ដង។ ប៉ុន្ដែ អ្នកភូមិបានបដិសេធមិនប្រគល់សាកសពក្រពើនេះ ដល់អ្នកអភិរក្សឡើយ ព្រោះពួកគេជឿថាប្រសិនបើក្រពើត្រូវគេបញ្ជូនទៅកាន់កន្លែងណា កន្លែងនោះនឹងត្រូវវិនាស។

យ៉ាងណាមិញ លោក Septian Garo ជាប្រធានទីភ្នាក់ងារអភិរក្សក្នុងតំបន់ធម្មជាតិ Bangka Belitung ក៏បានព្យាយាមចរចាជាមួយអ្នកដឹកនាំក្នុងតំបន់ ដើម្បីបញ្ជូនសត្វក្រពើទៅទីកន្លែងសុវត្ថិភាពផងដែរ។ តែអ្នកភូមិបានទទូចថា ពួកគេចង់រក្សាក្រពើនេះសម្រាប់ហេតុផលសាសនា ហើយនៅពេលបញ្ចុះ ពួកគេសុំបញ្ចុះខ្លួន និងក្បាលក្រពើដោយឡែកពីគ្នា ព្រោះធ្វើដូច្នេះ វានឹងមិនអាចវិលមករកពួកគេវិញបានទេ រួមទាំងជឿជាក់ថាវាជាវិញ្ញាណអាក្រក់ផងដែរ។

ទន្ទឹមនឹងនេះ មន្ដ្រីក្នុងភូមិម្នាក់ បាននិយាយដោយសង្កត់ធ្ងន់ថា ខ្លួនក្រពើ និងក្បាលត្រូវតែកប់ដោយឡែក ពីព្រោះនេះជាក្រពើបិសាច ហើយមុននឹងក្រពើត្រូវកាត់ក្បាល អ្នកភូមិក៏បានធ្វើពិធីពិសេសមួយផងដែរ។

ទោះជាយ៉ាងណាក៏ដោយ មុនពេលបញ្ចុះ អាជ្ញាធរបានចុះទៅត្រួតពិនិត្យសាកសពក្រពើ និងបានប៉ាន់ស្មានថា ក្រពើនេះមានអាយុ៥០ឆ្នាំ ហើយវាគ្មានធ្មេញនោះទេ៕

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

ពេលដឹកក្រពើទៅកន្លែងកប់
ពេលដឹកក្រពើទៅកន្លែងកប់
ពេលដឹកក្រពើទៅកន្លែងកប់
វីដេអូ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ