យល់​ដឹង៖ នៅពេល​ដែល ​អ្នកឃើញ​គូស្នេហ៍​ចាស់​ៗ កាន់ដៃគ្នា​ ឬថើបគ្នា​ តើ​អ្នកមាន​ឆ្ងល់​ដែល​ទេ​ថា​ ហេតុអ្វី​ទើប​បាន​ជា ​ពួកគាត់​អាច​នៅ​តែ ​ស្រលាញ់​គ្នា​បានយូរ​ និង​នៅ​តែមាន​សុភមង្គល​ខ្លាំង ​បែបនេះ​ទៀត?

​គ្រប់យ៉ាង​សុទ្ធតែ ​ត្រូវ​សម្តែង​ចេញ ​តាមរយៈកាយវិការ​ មិនមែន​គ្រាន់តែ និយាយ​ថា​​ស្រលាញ់​ ហើយគឺគ្រប់​គ្រាន់​នោះទេ ​ព្រោះ​ពាក្យ​សម្តី​ មិន​អាច​ធ្វើ​ឲ្យ​ភាគីម្ខាង​ទៀត​យល់ ​និង​ពាល់បាននោះទេ។ អ្នកគួរ​តែ​ដឹង​ អំពី​មូល​ដ្ឋាន​នៃ ​ការ​កសាង​ទំនាក់ទំនង ​ឲ្យ​បាន​រឹងមាំ​ ព្រោះ​បើ​មិន​ដូច្នេះ​ទេ ​ទំនាក់ទំនង​របស់​អ្នក​នឹ​ង បាន​ត្រឹម​តែ​មួយ​ឆាវៗ គ្មាន​ភាព​ច្បាស់​លាស់​ ​និង​រឹត​តែ​មិន​អាច ​មាន​ភាព​យូរ​អង្វែង​​ ជាមួយ​គ្នា​បាន​ទៀត​​។

តោះ​ខាងក្រោម​នេះ ​គឺ​ជា​ចំណុច​មួយ​ចំនួនដែល អ្នក​គួរ​តែ​ដឹង ​ប្រសិន​បើ​អ្នក​ ចង់​រក្សា​នៅ​ចំណង​ស្នេហា ​របស់​អ្នក​ឲ្យ​បាន​រឹ​ងមាំ​ និង​យូរអង្វែង​ជាមួយ​គ្នា​៕

សូម​ទៅ​តាម​ដានទាំងអស់​គ្នា​៖

១. ការទំនាក់​ទំនង

រូបតំណាង

ការទំនាក់ទំនង ​ជាមួយ​ដៃគូរបស់​អ្នក ​ពិតជា​រឿង​ដែល ​សំខាន់ខ្លាំងណាស់។ ជឿជាក់ថា ​អ្នក​ប្រាកដជាធ្លាប់​ បាន​លឺ​រួចមកហើយ​ថា ​ការទំនាក់​ទំនង​គឺ​ជា​ គន្លឹះដ៏សំខាន់មួយ ​មិន​ថា​ក្នុង​រឿង ​ស្នេហា ឬការងារនោះទេ​។ ដូច្នេះ​​ប្រសិន​បើ ​អ្នក​មាន​អ្វី​ដែល​មិន​ពេញ​ចិត្ត​ ឬ​ដៃគូធ្វើ​អ្វី​ដែល ​អ្នក​យល់​ថា​មិន​ត្រឹម​ត្រូវ ​អ្នក​គួរ​តែ​រៀន​និយាយ​ជា​មួយគ្នា​។ ប្រសិន​បើ​អ្នក ​មិន​ធ្វើ​ការ​ទំនាក់​ទំនង ​ស្វែងយល់​ពី​គ្នា​ឲ្យ​ច្បាស់​ទេនោះ​ ថ្ងៃណាមួយ​ បញ្ហាដែលលាក់ ក្នុង​ចិត្ត​​ទាំងនោះ​​ ​នឹង​ផ្ទុះ​ចេញ​មក ​ហើយ​វានឹងបង្ក​ជា ​រឿង​ធំ ​ ​ហើយក៏​ពិបាក នឹង​រក្សា​ទំនាក់ទំនង​មួយ​នោះ​ បាន​ខ្លាំង​ណាស់។

២. ការទុកចិត្ត​និង​ភាព​ស្មោះ​ត្រង់​

រូបតំណាង

ទំនាក់​ទំនង​មួយ ​មិន​អាច​បន្ត​ដោយគ្មា​ន ការ​ជឿទុកចិត្ត ​និង​ភាព​ស្មោះ​ត្រង់ ​រវាងគ្នា​និង​គ្នា ​បាន​នោះទេ​។ តាម​រយៈភាព​ស្មោះ​ត្រង់ ​ជាមួយ​ដៃ​គូគឺ​ អាច​រក្សា​នៅ​លំនឹង​ចិត្ត​ ភាគី​ម្ខាង​ទៀត ​មក​លើ​អ្នក​បាន​យ៉ាងរឹងមាំ។ មាន​ស្នេហា ​មិនមែនមាន​ន័យ​ថា ​អ្នក​ត្រូវ​ផ្លាស់​ប្តូរ​ របៀប​រស់​នៅ​ឬ ការ​រាប់​អាន​មិត្ត​ភក្តិនោះទេ ប៉ុន្តែ​អ្នក​ត្រូវ​ចេះ ​សាងទំនុក​ចិត្ត​ និង​ភាពស្មោះ​ត្រង់ ​ជាមួយ​ដៃគូ នៅ​អ្វី​ដែល​អ្នក​ធ្វើ​ កុំ​ព្យាយាម​លាក់​បាំង ច្រើន​ពេក​ ព្រោះ​កាល​ដែល​ធ្វើ​នេះ ​ជា​ហេតុ​ផល​ដែល​ធ្វើ​ឲ្យ ​ទំនាក់​ទំនង​អ្នក​បាក់​បែក​បាន​។

៣. ការអត់​ទោស

រូបតំណាង

ជឿជាក់​ចុះ ​ថា​គ្មាន​ទំនាក់​ទំនង​ណា ​ដែល​ល្អ​ឥតខ្ចោះ ​ទាំងអស់​​នោះទេ​ ព្រោះ​មនុស្ស​យើង ​ក៏គ្មាន​នរណា​ដែល​ ល្អ​ឥតខ្ចោះ​ដូចគ្នា​ដែរ។ ដូច្នេះ ​ក្នុ​ងទំនាក់​ទំនង​ស្នេហា ​ក៏​ដូចគ្នា ​រមែងតែ​មាន​ការ​ធ្វើ​ខុស ដូច្នេះហើយ​អ្នកគួរ​ រៀន​ស្តាប់​ហេតុផល​ដៃគូ ហើយ​​ប្រសិន​បើ​ជារឿង​ធម្មតា ​អត់​ទោស​បាន​ក៏គួរ​តែ​រៀន ​អត់​ទោស​ឲ្យ​គ្នា​ បើក​ចិត្ត​ឲ្យទូលាយ ​ព្រោះ​នៅពេលដែល​បែក​បាក់ ​សុទ្ធ​តែ​មាន​ផល​អវិជ្ជាមាន ​ទាំងសងខាង​។

៤. ការ​គោរពនិងការកោតសរសើរ​

រូបតំណាង

ប្រសិន​បើ ទំនាក់​ទំនង​ ក្នុង​ស្នេហាមួយ ​គ្មាន​ការ​គោរពនិង ​ការកោតសរសើរ​ទេនោះ​គឹ គ្មាន​ស្នេហានោះទេ។ តើ​អ្នក​អាច​គោរព ​អ្នក​ដែល​អ្នក​ស្រលាញ់ ​និង​យកចិត្តទុកដាក់​លើ​មនុស្ស​ដែល ​អ្នកស្រលាញ់​យ៉ាង​ដូចម្តេច? មិន​ចាំបាច់​ គោរព​ខ្លាំងនោះទេ គ្រាន់តែ​ចេះ​ហៅ​គ្នា​ ដោយ​គួរ​សម ចេះ​ផ្តល់​តម្លៃ​គ្នា​ ពេល​ដែល​នៅ មុខ​អ្នក​ដទៃ ទីសាធារណៈ ​ចេះ​លើកទឹក​ចិត្ត និងសរសើរគ្នា​​ ពេល​ដែល​ភាគីម្ខាងៗ ធ្វើអ្វី​មួយ​សម្រាប់​ អ្នកទៅបានហើយ​​​។

៥. ការគាំទ្រ​ផ្នែក​អារម្មណ៍

រូបតំណាង

មនុស្ស​ប្រុស​ភាគ​ច្រើន ​ប្រាកដ​ជា​មិនងាយ​នឹង​ សម្រក់​ទឹក​ភ្នែក​ នៅ​ចំពោះមុខ ​មនុស្ស​ស្រី​នោះទេ ព្រោះ​មិន​ចង់​ឲ្យ​គេ​យល់​ថា ​ខ្លួន​ទន់ខ្សោយ​ តែ​ទោះយ៉ាងណា​ក៏ដោយ ​ក៏នៅ​តែ​​ជា​មនុស្ស ​តែង​ជួប​ប្រទះ​ នៅ​ទុក្ខលំបាក បញ្ហា​ផ្សេង​ៗ មិន​អត់​សោះ​នោះទេ​។ ដូច្នេះ​តែង​ចង់​មាន ​អ្នកនៅ​ក្បែរចាំគាំទ្រ​ ព្រោះ​មិន​ថា​ប្រុស ​ឬស្រីនោះទេ នៅ​រាល់​ពេល​ដែលមាន​បញ្ហា​ តែង​ចង់​ឲ្យមនុស្ស ដែល​ខ្លួន​ស្រលាញ់នៅក្បែរ ផ្តល់​កម្លាំង​ចិត្ត​ដល់ខ្លួន។

៦. ការ​លេងសើច

រូបតំណាង

ការ​ចែក​រំលែក ​សំណើច​និង ​ស្នាម​ញញឹម​ជាមួយ​មនុស្ស ​ដែល​យើង​ស្រលាញ់​គឺ ពិតជា​សំខាន់ខ្លាំងណាស់។ ក្នុង​ទំនាក់​ទំនង ​មិន​បាច់​ម៉ឺងម៉ាត់ ពេក​នោះទេ ចេះ​បង្កើត​បរិយាកាស​រីករាយ ​នៅ​ពេល​ដែល​នៅ​ជាមួយគ្នា ​ទើប​ជា​ការ​ល្អ។ ព្រោះ​ទំនាក់​ទំនង​ទាល់​ តែ​មាន​ការ​លេង​សើចខ្លះ ​ទើប​មានភាព​រីករាយ​នឹង​គ្នា​ ហើយ​ក៏​ជា​អនុស្សាវរីយ៍​យ៉ាង​ល្អ​ ពេល​នៅ​ជាមួយគ្នា​ផងដែរ។

៧. យក​ចិត្ត​ទុកដាក់​លើ​រឿង​តូចតាច​

រូបតំណាង

រឿង​ខ្លះ ​អ្នក​ប្រហែលជា មិន​ចាប់អារម្មណ៍ ​ឬគិត​ថា​វា​ជារឿង​តូច​តាច ​តែ​ជាក់ស្តែង វាមិន​តូច​តាច ​ដូចជា​អ្វី​ដែល​អ្នកគិត​នោះទេ​។ ព្រោះ​ពេលខ្លះ ​ទង្វើ​តូច​តាចបំផុតទាំងនោះ ​អាច​ធ្វើ​ឲ្យភាគីម្ខាង​ទៀត ​សប្បាយ​ចិត្ត​បំផុត ដូចជា​ ការ​រៀបចំ​អាហារពេល​ព្រឹក ​ឲ្យ​ដៃគូជាដើម។

៨. ចែក​រំលែក​ចំណាប់​អារម្មណ៍

រូបតំណាង

ទោះបី​ជា​ពេល​ខ្លះ ​អាច​ថា​រវាង​អ្នក​ទាំង២ មាន​នៅចំណង់​ចំណូល​ចិត្ត ​ខុស​ពី​គ្នា​ តែ​ភាគីម្ខាងៗ គួរ​តែ​ចំណាយ​ពេល​ខ្លះ ​កំដរ​គ្នា​ធ្វើ​អ្វី​ដែល ​ពួកគេ​ចូល​ចិត្ត​ខ្លះ។ ឧទាហរណ៍​ដូចជា ​ការ​មើល​កុន លេង​បាល់​ជាដើម​។

៩. អបអរសាទរសមិទ្ធផល​

រូបតំណាង

ចេះ​ផ្តល់​នៅ ​អារម្មណ៍​រំភើ​ប នៅពេល​ដែលដៃគូ ​អាច​សម្រេច​បាន ​នៅ​សមិទ្ធិផល​អ្វីមួយ ​បាន​ជោគជ័យ។ ទោះបី​សមិទ្ធិផល ​តូច​តាចក៏​ដោយ​ ត្រូវចេះ​លើកទឹក​ចិត្ត ​និង​ចូលរួម​​សាទរ នៅ​រាល់​សមិទ្ធិផល ​ដែល​គេសម្រេច​បាន​នោះ។ ព្រោះ​ធ្វើ​បែបនេះ ​អាច​ឲ្យ​ដៃគូយល់​ថា​ ​អ្នក​តែង​តែទុកគេជា​សំខាន់ និង​តែង​តែឈរនៅ​ក្បែរគេ ​រហូតផងដែរ។

១០. ស្នេហានិង​ការ​ស្រលាញ់​

រូបតំណាង

ការស្រលាញ់​គឺ ជា​ជីវិត ប្រសិនបើ​អ្នក គ្មាន​ក្តី​ស្រលាញ់ ​អ្នកក៏នឹង​គ្មាន ​ជីវិត​ដូចគ្នា​ដែរ។ ជាក់​ស្តែង ​ប្រសិន​បើ​នៅរាល់​ពេល ​ដែល​អ្នក​ទទួល​បាន​ជោគជ័យ សម្រេច​បាន​សមិទ្ធិផល​អ្វីមួយ ក្លាយ​ជា​អ្នកមាន ជួប​រឿង​សប្បាយរីករាយ​ តែ​បើ​គ្មាន​អ្នក​នៅ​ក្បែរ ចាំអបអរសាទរ ផ្តល់​ការលើកទឹកចិត្ត និងការ​ស្រលាញ់ទេនោះ​ វាក៏គ្មាន​ន័យ​អ្វីដែរ។ ដូច្នេះហើយ ​ទើប​មាន​គេលើកឡើង​ថា ​បើ​លើលោកនេះ ​គ្មាន​ការស្រលាញ់​ទេនោះ គ្រប់​យ៉ាង​ក៏គ្មាន​ន័យ​ ដូចគ្នាដែរ។

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ចង់ក្លាយជាអ្នកសរសេរក្រៅម៉ោងមានប្រាក់ចំណូលសូមចុះឈ្មោះទីនេះ