ខេត្តបាត់ដំបង ៖ បុរស៤នាក់រងរបួសធ្ងន់ក្នុងឧប្បត្តិ ហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដោយសារជិះរថយន្តបុកគល់ឈើ កាលពីវេលាម៉ោង១រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៨ មេសា ត្រង់ចំណុចផ្លូវកោង លើកំណាត់ផ្លូវជាតិលេខ៥ ក្នុងភូមិរតនៈ សង្កាត់រតនៈ ។
លោកម៉ែន បូរី នាយផ្នែកដំណោះស្រាយចរាចរណ៍ ខេត្តបានឱ្យដឹងថា រថយន្តឡង់គ្រីស្ស័រពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 2K-9530 ធ្វើដំណើរពីត្បូងទៅជើង ក្នុងល្បឿនលឿន ។

ជនរងគ្រោះទាំង៤នាក់ ដែលជិះក្នុងរថយន្តនោះ សមត្ថកិច្ចមិនទាន់ស្គាល់ឈ្មោះនៅឡើយទេ ព្រោះរងរបួសបាក់ដៃជើង និងបែកក្បាល ស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរ សន្លប់ទាំងអស់គ្នា ។ លោកម៉ែន បូរី បញ្ជាក់ថា គេមិនដឹងថា អ្នកបើកបររថយន្តស្រវឹង ឬមានរឿងអ្វីទេ ទើបពេលដល់ផ្លូវកោងបត់ឆ្វេង ស្រាប់តែរថយន្តទៅត្រង់ជ្រុលបុកដើម ឈើពេញទំហឹងនៅខាងស្តាំដៃ បណ្តាលឱ្យរថយន្តនេះខូចខាតស្ទើរទាំងស្រុង ។

សាក្សីនៅកន្លែងកើតហេតុនិយាយថា ករណីនេះកើតឡើង ដោយសារការបើកបរលឿនពេក លុះមកដល់ផ្លូវកោងបត់មិនទាន់ ក៏ជ្រុលទៅបុកគល់ឈើតែម្តង ។ ប្រភពបន្តថា សំឡេងរថយន្តបោលបុក ដើមឈើលាន់ឮកងរំពង ធ្វើឱ្យអ្នកភូមិភ្ញាក់ពីដំណេកទាំងភ័យស្លន់ស្លោ ហើយនាំគ្នាទៅមើល ឃើញមនុស្ស៤នាក់ ជិះក្នុងរថយន្តរងរបួសហូរឈាមជោកខ្លួន និងមានម្នាក់កៀបជាប់ក្នុងរថយន្ត ហើយអ្នកភូមិបានជួយទាញចេញ រួចបញ្ជូនទៅមន្ទីរពេទ្យតាមរថយន្តសង្គ្រោះបន្ទាន់របស់សមត្ថកិច្ច ។ក្រោយកើតហេតុ រថយន្តត្រូវប៉ូលិសចរាចរស្ទូច យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ខេត្ត ៕





បញ្ចូលអត្ថបទ ៖ ស្រីណា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]