ភ្នំពេញ៖ សាលា រាជធានីភ្នំពេញ អំពាវនាវ ដល់ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួល ដែលប្រកបអាជីវកម្ម ដឹកអ្នកដំណើរពីភ្នំពេញ ទៅតាមបណ្តាខេត្តនានា ទាំងអស់កុំដំឡើង ថ្លៃឈ្នួលរថយន្ត ក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ និងបុណ្យជាតិធំៗ។

យោងតាមសេចក្តីប្រកាសព័ត៌មាន របស់សាលារាជធានីភ្នំពេញ ដែលចេញផ្សាយកាលពីថ្ងៃទី២ ខែមេសា ឆ្នាំ២០១២ បានឲ្យដឹងថា ជារៀងរាល់ឆ្នាំក្នុងឱកាសបុណ្យជាតិធំៗ ដូចជាបុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌជាដើម ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញតែងនាំគ្នាធ្វើដំណើរទៅលេងស្រុកកំណើត ជាមួយគ្នានេះមានម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តដឹកអ្នកដំណើរមួយចំនួន តែងតែឆ្លៀតឱកាស ដំឡើងថ្លៃឈ្នួលរថយន្ត។

បញ្ហានេះបានធ្វើឲ្យប្រជាពលរដ្ឋមានការត្អូញត្អែរ ថ្នាំងថ្នាក់ ចំពោះការដំឡើងថ្លៃឈ្នួលរបស់ម្ចាស់រថយន្ត ដោយមានប្រជាពលរដ្ឋមួយចំនួន សម្រេចចិត្តឈាន ដល់ម៉ៅរថយន្តជិះផ្តាច់តែម្តង ដោយមិនសុខចិត្តជិះ ប្រជ្រៀតគ្នាលើសចំណុះ ឬជិះលើដំបូល ដែលអាចបង្កឲ្យមានគ្រោះថ្នាក់តាមផ្លូវជាយថាហេតុនោះឡើយ។
ក្នុងសេចក្តីប្រកាសឲ្យដឹងទៀតថា ដើម្បីជួយសម្រួលដល់ជីវភាពប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក និងបញ្ចៀសនូវគ្រោះថ្នាក់ចរាចរដែលបណ្តាលមកពីផ្ទុកលើសចំណុះនោះ សាលារាជធានីភ្នំពេញសូមអំពាវនាវ ឲ្យម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្តឈ្នួលទាំងអស់ ដែលដឹកអ្នកដំណើរពីភ្នំពេញទៅតាមបណ្តាខេត្តនានា សូមកុំដំឡើងថ្លៃឈ្នួលរថយន្ត នៅក្នុងឱកាសបុណ្យប្រពៃណីជាតិធំៗ។

សាលារាជធានីភ្នំពេញមានសង្ឃឹមយ៉ាងមុតមាំថា ម្ចាស់ក្រុមហ៊ុន និងម្ចាស់រថយន្ត ដែលធ្វើអាជីវកម្ម ដឹកជញ្ជូនទាំងអស់ និងអនុវត្តតាមខ្លឹមសារណែនាំនេះ។ទន្ទឹមគ្នានេះ អាជ្ញាធរជាប់ពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ត្រូវចូលរួមសហការអនុវត្តឲ្យមានប្រសិទ្ធភាព និងចាត់វិធានការ ចំពោះរថយន្តដែលបង្កឲ្យ ប៉ះពាល់ដល់សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

យ៉ាងណាក៏ដោយនាពេលកន្លងមក ក្នុងឱកាសបុណ្យជាតិធំៗម្តងៗ ចំពោះម្ចាស់ចំណតរថយន្តមួយចំនួន តែងតែឆ្លៀតឱកាសដំឡើងថ្លៃចំណតរថយន្ត ដែលកត្តានេះក៏ជាចំណែកមួយ ធ្វើឲ្យម្ចាស់រថយន្តឈ្នួល ដំឡើងថ្លៃតាមដែរ ហើយបញ្ហាទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋ ដូចជាកម្មករ-កម្មការិនីទៅវិញ ជាពិសេសកម្មករសំណង់ដែលពួកគាត់មានប្រាក់បន្តិចបន្តួចសម្រាប់ទៅលេងស្រុកកំណើតនោះ។ដូច្នោះម្ចាស់ចំណតរថយន្តទាំងអស់សូមកុំដំឡើងថ្លៃចំណតរថយន្ត ដើម្បីជួយសម្រួលដល់ការ ធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ជារៀងរាល់ឆ្នាំ គេតែងតែឃើញមានការអំពាវនាវរបៀបនេះ ប៉ុន្តែមិនមានប្រសិទ្ធភាពឡើយ គឺមិនខុសនឹងពាក្យ សុភាសិតខ្មែរមួយឃ្លាពោលថា «ឆ្កែចេះតែព្រូស មនុស្សចេះតែដើរ»។ ដូច្នេះ ប្រជានជន ចង់ឱ្យក្រសួង ស្ថាប័ន និងអាជ្ញាធរត្រូវមានវិធានការច្បាស់លាស់ ជាក់ស្តែងចំពោះ រឿងនេះ មិនមែនគ្រាន់តែអំពាវនាវបែបអង្វរនោះទេ៕

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]