ខេត្ដកណ្ដាល ៖ នារីវ័យក្មេងអាយុ ១៦ឆ្នាំម្នាក់បានត្រូវបងថ្លៃប្រុស ប្រើល្បិចលួង លោមបញ្ឆោតនាំពីភ្នំពេញមកចាប់រំលោភ នៅក្នុងបន្ទប់ផ្ទះសំណាក់យី ហោ ច័ន្ទរះ ស្ថិតនៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ យ៉ាងកំរោល និងអមនុស្សធម៌បំផុត បើទោះបីជានាងខំអង្វរសុំឱ្យ លើកលែងក៏មិនព្រម និងបានគំរាមសម្លាប់នាងថែមទៀត ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៨ និង៣០នាទីយប់ថ្ងៃទី២៧ មេសា នៅក្នុងផ្ទះសំណាក់ច័ន្ទរះ បន្ទប់លេខ១១៤ ស្ថិតក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ។

ក្រោយពីរំលោភបានសម្រេច២ដង បងថ្លៃប្រុសរូបនេះ ក៏បានឌុបនាងទៅដល់មុខផ្ទះ ហើយគេចខ្លួនបាត់ស្រមោល ។ លុះនៅព្រឹកថ្ងៃទី២៨ មេសា អាណាព្យាបាលនារីរងគ្រោះបាន នាំនាងមកដាក់ពាក្យបណ្ដឹង នៅអធិការ ដ្ឋានក្រុងតាខ្មៅ ដើម្បីឱ្យប៉ូលិសជួយរកយុត្ដិធម៌ឱ្យនាងតាមផ្លូវច្បាប់ ។ មន្ដ្រីប៉ូលិសក្រុងតាខ្មៅឱ្យដឹងថា បើយោងតាមអត្ដសញ្ញាណប័ណ្ណនារីរងគ្រោះគឺនាងមានអាយុ២១ឆ្នាំ ប៉ុន្ដែតាមការពិត នាងទើបមានអាយុ១៦ឆ្នាំប៉ុណ្ណោះ គឺធ្វើអត្ដសញ្ញាណប័ណ្ណពន្លើសអាយុ ។ នារីរងគ្រោះមានមុខរបរលក់លៀសហាល ស្នាក់នៅផ្ទះជួលក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យ ។ ចំណែកជនសង្ស័យជាបងថ្លៃឈ្មោះ អីុវ ថារិទ្ធ អាយុ២៧ឆ្នាំ ស្នាក់នៅផ្ទះជួល ក្នុងសង្កាត់ផ្សារដើមថ្កូវ ខណ្ឌមានជ័យដែរ ។

តាមពាក្យបណ្ដឹងរបស់នារីរងគ្រោះរៀបរាប់ថា នៅវេលាម៉ោង៤រសៀលថ្ងៃទី២៧ មេសា ពេលនាងត្រឡប់មកពីលក់លៀសវិញ បងថ្លៃបានហៅនាងឱ្យមកក្រុងតាខ្មៅជាមួយ គឺមកផ្ទះម្ដាយមីងដើម្បីយកថ្នាំខ្មែរទៅព្យាបាលជំងឺម្ដាយមីង ដែលទើបមកពីស្រុក ហើយលួងលោមឱ្យនាងជួយកាន់ថ្នាំ ។ ពេលមកដល់សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ បងថ្លៃបានឈប់ផឹកស៊ីនៅហាងមួយ រហូតស្រវឹងស្រឿងៗ ។ ក្រោយមកទៀតបានឌុបនាងមកផ្ទះសំណាក់យីហោច័ន្ទរះ ប៉ុន្ដែពេលនោះនាងមិនដឹងថាជាផ្ទះសំណាក់ទេ ។ ពេលមកដល់មុខបន្ទប់ បងថ្លៃរូបនេះបានឱ្យនាងចូលក្នុងបន្ទប់យកថ្នាំ ដោយប្រាប់ថាជាបន្ទប់ផ្ទះជួលរបស់បងប្អូន ។ ពេលនាងដើរចូលទៅ ស្រាប់តែជនសង្ស័យចូលទៅពីក្រោយ រុញនាងឱ្យចូលក្នុងបន្ទប់ និងដាក់គន្លឹះទ្វារបិទជិត រួចធ្វើសកម្មភាពរំលោភ ។ លុះពេលនាងខំរើបម្រះជនសង្ស័យបានយកក្រមាចងមាត់នាង និងគំរាមមិនឱ្យស្រែក ព្រមទាំងគំរាមសម្លាប់ចោលទៀត ។ នារីរងគ្រោះបន្ដទៀតថា ពេលនោះនាងមិនហ៊ានស្រែកឱ្យគេជួយទេ ព្រោះខ្លាចបងថ្លៃសម្លាប់ គឺពេលនោះនាងត្រូវបងថ្លៃរំលោភបានសម្រេចចំនួន២ដង ។

នារីរងគ្រោះបន្ដទៀតថា ពេលចេញពីផ្ទះសំណាក់គឺបងថ្លៃនោះ បានយកក្រមាចងមាត់នាងដដែល ដើម្បីកុំឱ្យនាងស្រែកដោយពាក់មួកសុវត្ថិភាព ព្រោះខ្លាចគេឃើញ និងបានគំរាមមិនឱ្យនាងប្រាប់រឿងនេះទៅបងស្រី និងឪពុកម្ដាយទេ ។ ពេលត្រឡប់ទៅផ្ទះវិញ បងថ្លៃមិនបានចូលយកថ្នាំខ្មែរអ្វីទាំងអស់ គឺបោកបញ្ឆោតនាងឱ្យមកជាមួយបំណងដើម្បីចាប់រំលោភប៉ុណ្ណោះ ។ នាងបញ្ជាក់ថា បើសិនជាពេលដឹកនាងចូលទៅ នាងដឹងថា ជាផ្ទះសំណាក់នោះ នាងប្រហែលជារត់រួចខ្លួនទៅហើយ ។ ពេលឌុបនាងត្រឡប់មកដល់មុខផ្ទះ បងថ្លៃនោះបើកម៉ូតូគេចខ្លួនបាត់ ទើបនាងរៀបរាប់ពីរឿងហេតុប្រាប់អាណាព្យាបាលតែម្ដង ។

លោក ស៊ឹម ប៊ុនបណ្ឌិត អធិការប៉ូលិសក្រុងតាខ្មៅ ឱ្យដឹងថា ប៉ូលិសបានទទួលពាក្យបណ្ដឹងរបស់ជនរងគ្រោះហើយនៅព្រឹកថ្ងៃទី២៨ មេសា និងបានសាកសួរជនរងគ្រោះ ព្រមទាំងកសាងសំណុំរឿង ដើម្បីចាត់ការតាមច្បាប់ ៕

បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]