ការសិក្សាថ្មី៖ ញ៉ាំបាយច្រើនពេកអាចបង្កើនហានិភ័យស្លាប់ដោយជំងឺបេះដូង

//s4.kh1.co/ca/ca1bf92d5cb3c2bc944640755a4026fa26b57ce1.jpg
នារី

 ០៧-សីហា-២០២០ ២ល្ងាច · ៤ ឆ្នាំមុន

ការ​សិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា​ការ​ញ៉ាំ​បាយ​ក្នុង​បរិមាណ​​ច្រើន​ពេក​អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ជាតិ​អាសេនិក​មាន​ក្នុង​អង្ករ​​ពីធម្មជាតិ​​ ដែល​នេះ​អាច​​​​បង្កើន​ហានិភ័យ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង។

ការ​សិក្សា​ថ្មី​មួយ​បាន​ព្រមាន​ថា ​ការ​ញ៉ាំ​បាយ​ក្នុង​បរិមាណ​​ច្រើន​ពេក​ អាច​គ្រោះថ្នាក់​ដល់​ជីវិត​ដោយសារ​ជាតិ​អាសេនិក​មាន​ក្នុង​អង្ករ​​ពីធម្មជាតិ​​ ដែល​នេះ​អាច​​​​បង្កើន​ហានិភ័យ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សារព័ត៌មាន​អនឡាញ DailyMail បានចុះផ្សាយ​កាលពីថ្ងៃទី​០៦ ខែសីហា ដោយ​បាន​ដកស្រង់​​ការ​សិក្សា​នេះ​ថា តាម​ការ​​​សន្និដ្ឋាន​នៅ​ទូទាំង​ពិភពលោក បាយ​គឺ​ជា​មូលហេតុ​បង្ក​ឲ្យ​មនុស្ស​​ស្លាប់​​មុន​អាយុប្រហែលជា​៥ម៉ឺន​នាក់ ​​ដោយ​ថា​​​ការ​ស្លាប់​នេះ​តាមពិតទៅ​​គឺ​អាច​បង្ការ​បាន​។ បាយ​ គឺ​ជា​អាហារ​សំខាន់​មួយ​សម្រាប់​មនុស្ស​ជុំវិញ​ពិភពលោក ជាពិសេស​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​ សម្រាប់​ទទួល​បាន​កាឡូរី និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ។ ប៉ុន្តែ​អ្នក​វិទ្យាសាស្ត្រ​ក៏​ជឿ​ថា​កម្រិត​​តិច​តួច​​​​នៃ​​​អាសេនិក​​ក្នុង​​អង្ករ​​ក៏​​អាច​បង្ក​ឲ្យ​អ្នក​យក​បាយ​​​​ជាអាហារ​ស្លាប់​រាប់​ពាន់​នាក់​ក្នុង​មួយ​ឆ្នាំៗ​ដែរ​​។

សារធាតុ​គីមី​អាសេនិក​ គឺ​មាន​ស្រាប់​ក្នុង​អង្ករ​ និង​អាច​បង្ក​ជា​ជំងឺ​មហារីក​ដោយសារ​ចំណី​អាហារ ជំងឺ​ថ្លើម និង​ជំងឺ​ផ្សេងៗ។ ក្នុង​ករណី​​ធ្ងន់ធ្ងរ​អាច​គ្រោះថ្នាក់​ដល់​ជីវិត​។ អាសេនិក​​គឺ​មាន​ក្នុង​ដី និង​មាន​ច្រើន​នៅ​កន្លែង​ដែល​គេ​ប្រើ​ថ្នាំ​សម្លាប់​សត្វ​ល្អិត​​ កន្លែង​មាន​អាសេនិក ហើយ​ដោយ​សារស្រូវ​​ត្រូវ​ដាំ​ដុះ​ក្នុង​លក្ខខណ្ឌ​ដី​មាន​ទឹក​គ្រប់​គ្រាន់​ដែល​នេះ​ធ្វើ​ឲ្យ​អាសេនិក​ចេញ​ពី​ដី​ និង​នៅ​ក្នុង​ទឹក​ ហើយ​​ដំណាំ​ស្រូវ​ក៏​ស្រូប​យក​សារធាតុ​នេះ។

អ្នក​វិទ្យាសាស្ត្រ​នៅ​សាកលវិទ្យាល័យ​ Manchester និង Salford បាន​សិក្សា​ទៅ​លើ​ការ​ញ៉ាំ​បាយ​នៅ​ក្នុង​ប្រទេស​អង់គ្លេស និង​ប្រទេស​វែល​​ជា​មួយ​នឹង​ជំងឺ​បេះដូង​បង្ក​ដោយ​ការ​ប៉ះពាល់​នឹង​អាសេនិក។ អ្នកវិទ្យាសាស្ត្រ​បាន​ប្រមូល​ទិន្នន័យ​រួមបញ្ចូល​នូវ​កត្តា​ផ្សេង​ទៀត​ដែល​បង្ក​ជំងឺ​បេះដូង​ដូចជា​ជំងឺ​ធាត់ ការ​ជក់បារី និង​កត្តា​អាយុ។

សាស្ត្រាចារ្យ David Polya មក​ពី​សាកលវិទ្យាល័យ​ Manchester ចូល​រួម​ក្នុង​ការ​សិក្សា​នេះ​បាន​​អះអាង​ថា​អ្នក​ញ៉ាំ​បាយ​​ក្នុង​បរិមាណ​​ច្រើន​ ចំនួន​ ២៥%​នៅ​អង់គ្លេស​ និង​វែល​អាច​ប្រឈម​នឹង​ហានិភ័យ​ខ្ពស់​នៃ​ការ​ស្លាប់​ដោយ​ជំងឺ​បេះដូង​ដោយ​សារ​សារធាតុ​អាសេនិក​បើ​ប្រៀប​ទៅ​នឹង​អ្នក​ញ៉ាំ​បាយក្នុង​បរិមាណតិច​។

ទោះយ៉ាងណា អ្នក​វិទ្យាសាស្ត្រ​បាន​និយាយដែរ​ថា​ការ​សិក្សា​នេះ​នៅ​មាន​កម្រិតនៅ​ឡើង​ ហេតុ​នេះ​ហើយ​ត្រូវ​ការ​ការ​សិក្សា​បន្ថែម និង​លម្អិត​​ដើម្បី​បញ្ជាក់​ឲ្យ​កាន់តែ​ច្បាស់​ទៅ​លើ​ទំនាក់​ទំនង​នេះ ហើយ​ថា​ការ​សិក្សា​បែប​នេះ​គឺ​មិន​ចំណាយ​ច្រើន​ទេ។ ម៉្យាងទៀត អ្នក​វិទ្យា​សាស្រ្ត​ថា​មនុស្ស​គ្រប់​គ្នា​មិនចាំ​បាច់​ចៀស​វាង​ការ​ញ៉ាំ​បាយ​ទេ ព្រោះថា​​បាយ​ផ្តល់​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​សុខភាព​ដោយសារ​មាន​ផ្ទុក​ជាតិ​​សរសៃ​ខ្ពស់។

ក្នុងករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕ 

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T