មោទកភាពណាស់! កូនខ្មែរម្នាក់ បានចូលរួមបង្កើតយានដែលអង្គការណាសាទើបតែបាញ់បង្ហោះទៅកាន់ភពអង្គារ កាលពីប៉ុន្មានថ្ងៃមុន

//s4.kh1.co/38/38c91fad0d04a6cf990d4cebe5dd44eb4776a82f.png
បច្ចេកវិទ្យា

 ០៤-សីហា-២០២០ ៩ព្រឹក · ៤ ឆ្នាំមុន

ការចូលរួមបង្កើតយានសម្រាប់ធ្វើដំណើរលើអង្គារពិតជាផ្ដល់មោទកភាព មិនថារូបអ្នកស្រីផ្ទាល់ និងថែមទាំងប្រជាជនកម្ពុជាទាំងមូលផងដែរ។

អាមេរិក៖ កាលពីថ្ងៃទី៣០ ខែកក្កដា យានសម្រាប់ធ្វើដំណើរលើភពអង្គារ Perseverance ត្រូវបានបាញ់បង្ហោះពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក។ អ្នកស្រី Ny Sou Okon និងក្រុមគ្រួសារបានក្រោកពីព្រឹកព្រលឹម ដើម្បីរង់ចាំមើលព្រឹត្តិការណ៍ដ៏ពិសេសនេះ នៅតាមយូធូបផងដែរ។ ដោយសារតែជំងឺកូវីដ-១៩កំពុងរាតត្បាតពេញសហរដ្ឋអាមេរិក ទើបអ្នកស្រីមិនអាចចូលរួមព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រនេះ ដោយផ្ទាល់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

អ្នកស្រី Okon និងស្វាមីគឺជាវិស្វករនៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា ហើយបានចូលរួមបង្កើតយាន Perseverance អស់រយៈពេលជាច្រើនឆ្នាំ។

អ្នកស្រី Ny Sou Okon 
អ្នកស្រី Ny Sou Okon 

គួរម្លឹកផងដែរថា កាលពីជិត៥០ឆ្នាំមុន ឪពុកម្ដាយរបស់អ្នកស្រីបានភៀសខ្លួន ជាមួយកូនប្រុសស្រី ចេញពីប្រទេសកម្ពុជា ទៅកាន់ប្រទេសវៀតណាម ដោយសារតែរបបខ្មែរក្រហមបានចូលមកគ្រប់គ្រងប្រទេសកម្ពុជា។ បន្ទាប់ពីរបបនេះដួលរលំ ឪពុកម្ដាយរបស់អ្នកស្រីបានវិលចូលមកប្រទេសកំណើតវិញ  ហើយអ្នកស្រី Ny Sou Okon បានចាប់កំណើត។

ទោះជាយ៉ាងណាក៏ដោយ ក្រុមគ្រួសាររបស់អ្នកស្រីបានសម្រេចចិត្តចាកចេញពីប្រទេសកម្ពុជាសាជាថ្មី​ ដោយសារតែបញ្ហានៅក្នុងប្រទេស ហើយបានធ្វើដំណើរទៅជំរុំភៀសខ្លួនក្នុងប្រទេសថៃ។ ពួកគាត់បានដាក់ពាក្យសុំទៅប្រទេសចំនួន៣ គឺជប៉ុន បារាំង និងអាមេរិក។ ចុងក្រោយ ក្រុមគ្រួសាររបស់អ្នកស្រីបានទៅដល់សហរដ្ឋអាមេរិក នៅឆ្នាំ១៩៨៤។

អ្នកស្រី Okon មានអាយុប្រហែល៥ទៅ៦ឆ្នាំ ពេលមកដល់សហរដ្ឋអាមេរិក។ អ្នកស្រីបានបញ្ចប់ការសិក្សា ពីសាកលវិទ្យាល័យ University of California, Los Angeles ជាមួយនឹងបរិញ្ញាបត្រវិស្វកម្មមេកានិច។ នៅក្នុងឆ្នាំ២០១៦ អ្នកស្រីបានចាប់ផ្ដើមអាជីពការងាររបស់គាត់ នៅមន្ទីរពិសោធន៍ Jet Propulsion Laboratory របស់អង្គការណាសា។

យាន Perseverance
យាន Perseverance

នៅឆ្នាំបន្ទាប់ អ្នកស្រីបានចូលរួមបង្កើតយាន Perseverance។ ប៉ុន្តែមុនពេលអ្នកស្រីបានចូលរួម ក្រុមការងារបានសិក្សាលើគម្រោងនេះ អស់រយៈពេល៤ឆ្នាំមកហើយ។ អ្នកស្រីទទួលបន្ទុកផ្នែកខាងលើរបស់យាន ដែលមានបំពាក់កាំមេរ៉ាចំនួន៥ ដោយពីរសម្រាប់មើលការធ្វើដំណើរ ពីរទៀតសម្រាប់ថតរូបបែប3D និងមួយចុងក្រោយអាចថតកាំរស្មីឡាស៊ែរ ដើម្បីកំណត់សមាសធាតុគីមី នៃថ្មនិងដី។

ការចូលរួមបង្កើតយានសម្រាប់ធ្វើដំណើរលើភពអង្គារពិតជាផ្ដល់មោទកភាព មិនថារូបអ្នកស្រីផ្ទាល់ និងថែមទាំងប្រជាជនកម្ពុជាទាំងមូលផងដែរ។ យាន Perseverance ត្រូវបានគេរំពឹងថា នឹងចុះចតនៅតំបន់រណ្ដៅ Jezero Crater លើភពអង្គារ នៅខែកុម្ភៈ ឆ្នាំ២០២១៕

Chhen Hangly
H.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T